ឃាត់ខ្លួន ជនសង្ស័យ យកញញួរ វាយក្បាល កម្មករសំណង់ម្នាក់ បែករយះ ដេរជាច្រើនថ្នេរ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២០និង៣០នាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើអំពើហិង្សា ដោយយកញញួរ វាយសំពងក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមជោក ត្រូវបានអ្នកជិតខាងចាប់ខ្លួនប្រគល់ឲ្យនគរបាល ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ស្ថិតនៅចំណុចបុរីជីបម៉ុង ក្រុមទី៦ ផ្ទះលេខ១៩៨៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យប្រើអំពើហិង្សាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សេង សេន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីជីបម៉ុង ក្រុមទី៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុន និត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជាមួយគ្នា។ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប៊ុន និត  បានខ្ចីមេមម៉ូរី ពីជនសង្ស័យឈ្មោះ សេង សេន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៩និង០០នាទី លុះដល់ខ្ចីមិនទាន់យកមកឲ្យ ជនសង្ស័យ ក៏បានទៅទារមេមម៉ូរីពីជនរងគ្រោះមកវិញ តែត្រូវជនរងគ្រោះឆ្លើយថា ចាំយកថ្ងៃស្អែក ពេលនោះធ្វើឲ្យជនសង្ស័យមានការខឹងសម្បា ហើយក៏បានទាញញញួរ មកវាយសំពងទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋ អ្នករស់នៅក្បែរខាងជួយឃាត់ ហើយបញ្ជូនជនរងគ្រោះ ទៅកាន់មនី្ទរពេទ្យកាល់ម៉ែតដេរជាច្រើនថ្នេរ ។

ចំណែកជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ ចាប់បញ្ជូនទៅឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងតែម្តង៕