បីខែសភាអនុម័តច្បាប់ចំនួន១៣ ធ្វើស្នើវិសោធកម្ម ច្បាប់បចំនួន២ និងរៀបការបោះឆ្នោត ចំនួន២លើក

នីភ្នំពេញ៖ ក្នុងរយៈពេលបីខែ ចាប់ពីថ្ងៃទី២០ ខែមករាឆ្នាំ២០១៥ ដល់ថ្ងៃទី២០ ខែមករា  ឆ្នាំ២០១៦ រដ្ឋសភាបានអនុម័ត ច្បាប់បានចំនួន១៣ ធ្វើវិសោធនកម្មច្បាប់ចំនួន២ និងរៀបចំការបោះឆ្នោតបានចំនួន២លើក នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

លិខិតចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ របស់អគ្គលេខាធិការរដ្ឋសភា បានលើកឡើងថា យោងតាមសេចក្តី ប្រកាស របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ កាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ និង អនុលោមតាមមាត្រា៨៣ វាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ និងប្រការ១ វាក្យខណ្ឌទី២ នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាដែលចែងថា «សម័យប្រជុំរដ្ឋសភានីមួយៗ មានថិរវេលាយ៉ាងតិច៣ខែ»។

សេចក្តីក៏បានបញ្ជាក់ពីលទ្ធផលសម័យប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៥ រយៈពេលបីខែមកនេះ បានអនុម័ត សេចក្តីព្រាងច្បាប់ចំនួន១២ អនុម័តសេចក្តីស្នើច្បាប់បាន ចំនួន១ ។ អនុម័តសេចក្តីស្នើវិសោធនកម្ម ប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ១៤ថ្មី ប្រការ១៨ ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី(បី) នៃបទបញ្ជាផ្ទៃ ក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឡើងដោយតំណាង ក្រុមតំណាងរាស្រ្ត ហត្ថលេខី និងអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា២១ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ដែលស្នើឡើងដោយ សមាជិកព្រឹទ្ធសភា ផងដែរ។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា នៅក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៥ នេះ ក៏បានបោះឆ្នោតទុកចិត្ត លោកអ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ។ បោះឆ្នោត ដកតំណែងជាអនុប្រធានទី១ នៃរដ្ឋសភា ពីលោក កឹម សុខាដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថាសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ចាប់ផ្តើមដំណើរការនៅ ថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១៥ មកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះ មានរយៈពេល៣ខែគត់។ ដូច្នេះសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ត្រូវបិទ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះតទៅ ។

សូមជម្រាបថា នៅក្នុងឱកាសវិស្សមកាលនេះ តំណាងរាស្រ្ត តែងតែ ចុះបំពេញបេសកកម្មតាមមណ្ឌលខេត្ត នៅទូទំាងប្រទេស ដើម្បីស្វែង យល់សុខទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ ដែលទទួល បានការបោះឆ្នោតគំាទ្រពីប្រជាពលរដ្ឋ៕