រដ្ឋមន្ត្រីក្រសួង​ ពាណិជ្ជកម្ម នឹងផ្សព្វផ្សាយ ពីកម្ពុជា អំឡុងទស្សនកិច្ច នៅអឺរ៉ុប

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កម្ពុជា នឹងបន្តផ្សព្វផ្សាយ ជំរុញឲ្យប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល អាស៊ីបូព៌ានៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) នាឆ្នាំ២០១៧ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេស ស្វ៊ីសសប្ដាហ៍នេះ។

 លោក ស៊ុន ចាន់ថុល មុនពេលធ្វើទស្សនកិច្ច ទៅកាន់ប្រទេសស្វ៊ីសបានថ្លែង កាលពីថ្ងៃអង្គារ៍ ទី ១៩ មករា ថា “វេទិកាសេដ្ឋកិច្ចពិភពលោក និងគំនិតផ្ដួចផ្ដើមនានា ដូចជាGrowAsia ជាដើមបានផ្ដល់ឱកាស ដល់យើងខ្ញុំក្នុង ការរៀបចំឲ្យកម្ពុជា ស្ថិតនៅកំពូលតារាង សម្រាប់ថ្នាក់ដឹកនាំធុរកិច្ច និងនយោបាយយកទៅគិតគូ ពិចារណា”។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា“ចាំបាច់យើងត្រូវធ្វើឲ្យថ្នាក់ដឹកនាំ ធុរកិច្ចនិងនយោបាយ នានា បានដឹងពីអត្ថប្រយោជន៍ ក្នុងការមកធ្វើអាជីវកម្មនៅកម្ពុជា សម្រាប់ក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជាប្រទេសរបស់គ ។ ការបង្កើត Grow Asia គឺជាការបោះជំហានដំបូងដ៏ធំ ហើយនឹងជួយជ្រោមជ្រែងដល់វិស័យ កសិកម្មរបស់កម្ពុជា យើង” ។

លោក Pierre Tami ដែលជាសមាជិកក្រុមប្រឹក្សានាយករបស់IBC និងជាសហគ្រិនផ្នែកសង្គម របស់វេទិកាសេដ្ឋ កិច្ចពិភពលោក បានថ្លែងថា  “យើងបានរៀបចំកិច្ចប្រជុំទាំងអស់នេះ ដើម្បីបង្ហាញឲ្យគេស្គាល់លោកទេស រដ្ឋមន្ត្រីឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ព្រោះលោក គឺជាតំណាងឲ្យពាណិជ្ជកម្ម និងវិស័យធុរកិច្ច នៅកម្ពុជា” ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចប្រទេសស្វ៊ីស លោក ស៊ុន ចាន់ថុល នឹងជួបជាមួយនឹងថ្នាក់ដឹកនាំធុរកិច្ច, ថ្នាក់ដឹកនាំនយោបាយនានា ក្នុងកិច្ចប្រជុំកំពូលក្រុងដាវូស ដែលជាកិច្ចប្រជុំធំប្រចាំឆ្នាំរបស់វេទិកា សេដ្ឋកិច្ចពិភព លោក,ប្រធានក្រុមហ៊ុនសូកូឡា Lindt នាយកគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុនកូកា-កូឡា, ក្រុមហ៊ុន Gate Gourmet ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារតាមយន្តហោះ ឈានមុខគេលើពិភពលោក,អគ្គនាយក ប្រតិបត្តិរបស់ក្រុមហ៊ុន Stadler Rail ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនរថភ្លើង និងរថយន្តឈានមុខគេ ពិសេសជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល នឹងជួបប្រជុំដាច់ដោយឡែកជាមួយនឹង បណ្ដាក្រុមហ៊ុនធំៗ របស់ ស្វ៊ីស ដែលកិច្ចប្រជុំទាំងនោះត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) ។

កាលពីចុងឆ្នាំមុនទៀតសោត Grow Asia ដែលជាគំនិតផ្ដួចផ្ដើមរបស់វេទិកាសេដ្ឋកិច្ចពិភពលោក មានគោល បំណងលើកកម្ពស់សេដ្ឋកិច្ចជនបទ បានប្រកាសថានឹងបើកលេខាធិការដ្ឋានប្រចាំក្រុងភ្នំពេញ ។ ការប្រកាសនេះ គឺជាសញ្ញាបង្ហាញថា ទំនាក់ទំនងរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក កំពុងតែរីកលូតលាស់ ហើយនឹង រៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងទីក្រុងភ្នំពេញ នៅខែមីនា ហើយរំពឹងថា តំណាងវិស័យឯកជន និងប្រតិភូរដ្ឋាភិបាលទូទាំងទ្វីបអាស៊ី នឹងអញ្ជើញមកចូលរួម ៕

រដ្ឋមន្ត្រីក្រសួង​ ពាណិជ្ជកម្ម នឹងផ្សព្វផ្សាយ ពីកម្ពុជា អំឡុងទស្សនកិច្ច នៅអឺរ៉ុប