សំណង់ទ្វារទឹក នៅដូនកែវ អាចនឹងកែប្រែ ជីវភាពប្រជាពលរដ្ឋ ឲ្យប្រសើរឡើង ថែមទៀត

ភ្នំពេញ ៖ សំណង់ទ្វារទឹក នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើង ដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិកា របស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធ ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា ដែលអាចនឹង កែប្រែជីវភាពប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំ បន្លែ ឬស្រែប្រាំង។

អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ថ្លែងក្នុងពិធីសម្ពោធ ឲ្យប្រើប្រាស់សំណង់ទ្វារទឹកនេះថា " ការស្តារប្រព័ន្ធទឹកបុរាណឡើងវិញនេះ មិនត្រឹមតែជួយទប់ស្កាត់ទឹកជំនន់ ឬគ្រោះរាំងស្ងួតប៉ុណ្ណោះទេ តែការងារនេះបានជួយដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ ជាក់ស្តែង សំណង់ទ្វារទឹកនេះ នឹងអាចជួយដល់ការធ្វើស្រែប្រាំង ឬដំណាំរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ដែលមានផ្ទៃដីអាចដាំដុះបានជាង១ពាន់ហិកតា "។

លោកបានបន្ថែមថា សំណង់ទ្វារទឹកដ៏ថ្មីស្រឡាងនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ព្រោះថាកន្លងមក ប្រជាពលរដ្ឋដែលរស់នៅខាងជើងបារាយណ៍ទឹកថ្លា មិនធ្លាប់មានប្រភពទឹកសម្រាប់ប្រើប្រាស់ទេ។ ពេលនេះ អាជ្ញាធរជាតិអប្សរាបាននាំយកទឹក ចូលដល់ភូមិដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្តង។

លោក ស្វាយ ហុង មេឃុំដូនកែវថ្លែងថា "ប្រជាពលរដ្ឋនៅឃុំរបស់លោកតាំងពីដើមមកមានមុខរបរតែមួយគត់ គឺធ្វើស្រែវស្សា។ ពួកគាត់ដាំដំណាំដែរតែជាដំណាំតូចតាច នៅជុំវិញផ្ទះ ។ តែដោយសារមានប្រឡាយ និងសំណង់ទ្វារ ទឹកដែលអាចស្ទាក់ទឹកទុកប្រើប្រាស់សម្រាប់ដំណាំកសិកម្មផ្សេងៗនារដូវប្រាំង  នោះអាចនាំមកនូវ ការកែប្រែមុខមាត់ថ្មីរបស់អ្នកភូមិ"។

លោកបន្ថែមថា បើទោះជាកន្លងមក អ្នកភូមិមិនធ្លាប់ធ្វើដំណាំខែប្រាំងក៏ដោយ តែលោកសង្ឃឹមថា ចាប់ពីពេល មានប្រឡាយទឹកដែលមានទឹកគ្រប់គ្រាន់នេះ នឹងអាចកែប្រែឲ្យពួកគាត់ងាកមកដាំដំណាំ ជំនួសឲ្យការធ្វើ ចំណាកស្រុកទៅរកស៊ីនៅស្រុកផ្សេង។

  លោក ទស្ស សុមនាថ ប្រធាននាយកដ្ឋានស្តីទី និងជាអ្នកអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHAថ្លែងថា"តាមរយៈកិច្ចសហការជាមួយប្រទេសញូវហ្ស៊ីឡែន យើងកំពុងតែជំរុញប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់ទឹកប្រឡាយនេះឲ្យអស់លទ្ធភាព សម្រាប់ដំណាំកសិកម្ម។ យើងនឹងជួយជីកប្រឡាយតូចៗចេញពីប្រឡាយមេ ឬបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ (ផ្ទាំងសូឡា) ដើម្បីបញ្ជូនទឹកទៅដល់ស្រែ ឬចម្ការរបស់ពួកគាត់។ យើងកំពុងរៀបចំពួកគាត់ជាក្រុមៗ និងមានអ្នកបច្ចេកទេស ជួយណែនាំផ្នែកកសិកម្ម"។

គួរបញ្ជាក់ថា ប្រឡាយទឹកនេះ ជាប្រឡាយដែលបំបែកចេញពីស្ទឹងសៀមរាប ហូរចាក់ទៅស្ទឹងព្រះស្រុក ដែលអាជ្ញាធរជាតិអប្សរាបានស្តារឡើងវិញ ក្នុងន័យបញ្ជៀសទឹកជំនន់ចេញពីតំបន់ឧទ្យានអង្គរ និងក្រុង សៀមរាប ហើយក៏ជាប្រភពស្រោចស្រពដ៏សំខាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល។ ប្រឡាយនេះ មានប្រវែងសរុប៥២គម បច្ចុប្បន្នការស្តារឡើងវិញសម្រេចបាន៣៨គមហើយ។ មិនត្រឹមតែប្រឡាយទេ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ស្ពាន ផ្លូវ និងសំណង់ទ្វារទឹកជាដើម ក៏ត្រូវបានសាងសង់ដំណាលគ្នា ដើម្បីសម្រួលការធ្វើចរាចរ និងដើម្បីទប់ទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ៕