ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញៈ ​នៅព្រឹកថ្ងៃទី២១មករា២០១៦ ​លោកប៉ា សុជាតិវង្ស ​អភិបាលរាជធានីភ្នំពេញ ​អមដោយមន្ត្រីជំនាញ​ពាក់ពន្ធ័ក្រោមឱវាទ​​បានកោះអញ្ជើញប្រជាពលរដ្ឋ​ដែល​​មានដីប៉ះពាល់ទៅ​នឹងគម្រោងអភិវឌ្ឍន៏ក្នុងតំបន់បឹងទំពុន​ និងបឹងជើងឯក​ ដើម្បីធ្វើការដោះស្រាយ ​និងជំរុញអភិវឌ្ឍន៍​តំបន់ទាំងពីរនេះ​ឲ្យក្លាយ​ទៅជាទីក្រុងទំនើប​នាពេលខាងមុខនេះ ។

ជំនួបដោះស្រាយផល​ប៉ះពាល់នេះធ្វើឡើងនៅលើដី​កំពុងបូមខ្សាច់ដាក់ថ្មីក្នុងតំបន់បឹងទំពុន ​និងបឹងជើងឯកដែលជាទីស្នាក់ការ​របស់ក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង ខូអិលធីឌី​ ដែលទទួលសិទ្ធិដឹកនាំ​វិនិយោគតំបន់នេះ ​ដោយមានការចូលរួមពីប្រជាពលរដ្ឋ ​ដែលមានផលប៉ះពាល់​ជាង២០០គ្រួសារ ។
លោកប៉ា សុជាតិវង្ស ​អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ​កំណើនយ៉ាងឆាប់រហ័សរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ​ មកដល់ពេលនេះ​មានជាង២លាននាក់​ទៅហើយ​ ដូច្នេះការរៀបចំតំបន់អភិវឌ្ឍន៏​ ឬទីក្រុងរណបគឺត្រូវតែធ្វើជាចាំបាច់ ។ ​ជាក់ស្តែងការអភិវឌ្ឍន៏តំបន់ទីក្រុង​រណបបឹងទំពុន ​និងបឹងជើងឯក​ដែលមានផ្ទៃដី​សរុប​ចំនួន២៥៧២ ហិកតា ​គឺត្រូវរៀបចំអភិវឌ្ឍន៏ជាកញ្ចប់ ​ ឬជាប្រពន្ធ័តែម្តងគំរោងអភិវឌ្ឍន៏នេះ​ ជាគំរោងធំជាងគេក្នុង​ចំណោមគំរោងអភិវឌ្ឍន៏​ទីក្រុង​រណបនានាក្នុង​រាជធានី​ភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស ​បានប្រកាសទុករយៈពេល ​២០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ មករាទៅសូមឲ្យប្រជាពលរដ្ឋទាំងអស់ ​ ដែលមានដីនៅក្នុងតំបន់​អភិវឌ្ឍន៍បឹងទំពុន និង​ជើងឯកនេះ​ ត្រូវរួសរាន់​ផ្តល់ឯកសារ​ ឬលិខិតស្នាមបញ្ជាក់ម្ចាស់កម្មសិទ្ធិរបស់ខ្លួន ​ដើម្បីឲ្យក្រុមការងារសម្របសម្រួល ​និងដោះស្រាយ ​បានផ្ទៀងផ្ទាត់ ​ព្រមទាំងឈានទៅ​ធ្វើការអភិវឌ្ឍន៏តំបន់នេះឲ្យបានឆាប់។ ​លោកបន្តថា ​ជាមធ្យោបាយ ដើម្បីឈានទៅដោះស្រាយ​តំបន់នេះបាន ​មានតែប្រជាពលរដ្ឋចូលរួមបដិភាគនូវ​បញ្ហាចំនួន៣ចំណុច៖​ ទី១-រួមគ្នាចាក់ដី​លើផ្ទៃបឹងឲ្យពេញដោយចេញថ្លៃទៅតាមទំហំដី ​ទី២- បដិភាគដីចំនួន៣៥% ​ដើម្បីបង្កើតឲ្យមានហេដ្ឋា​រចនាសម្ពន្ធ័ផ្លូវ ​លូ​ ប្រឡាយ​និងអាងស្តុកទឹក និង​ទី៣- ការចំណាយលើការស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័នានា ​ នេះជាការដោះស្រាយជាកញ្ចប់ ​គឺមិនឲ្យមានការអភិវឌ្ឍន៏​ដាច់ដោយដុំនោះទេ ​។ដូច្នេះការចូលរួម​​ចំណាយ​បដិភាគរបស់ប្រជាពលរដ្ឋនាពេលនេះ​ នឹងធ្វើឲ្យដីនៅតំបន់នេះ​កាន់តែមានតម្លៃ ចៀសជាងការទុកដីទំនេរ ​និងធ្វើអ្វីមិនកើតនាំខាតប្រយោជន៏ ។

គួររំលឹកថា ​ក្នុងកិច្ចប្រជំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៏បឹងទំពុន​ និងបឹងជើងឯកនៅសាលារាជធានីភ្នំពេញកាលពីពេលថ្មីៗ​កន្លងមកនេះ​ តំណាងក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង ខូអិលធីឌីបានឲ្យដឹងថា ​​ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិធ្វើ​ការអភិវឌ្ឍន៏បឹងទំពុន ​​និងបឹងជើងឯកឲ្យប្រែក្លាយ​ទៅជាទីក្រុង​រណបដែលមានផ្ទៃដី​សរុប​ចំនួន​២៥៧២ហិកតា​ ក្នុងនោះផ្ទៃដីសំរាប់​ការសាងសង់អាគារផ្សេងៗ​មានចំនួន១៤២៣ហិកតាស្មើនឹង៥៥,៣១% ​។ ផ្ទៃដីសំរាប់បឹងប្រឡាយ,​លំហរបៃតង ​និងសំណង់អាគារ​សាធារណៈមានចំនួន១១៤៩ហិកតា​ ស្មើនឹង៤៤,៦៧%នៃចំនួនផ្ទៃដីសរុប ​និងតំរូវឲ្យមានការចាក់ដីបំពេញបន្ថែម ​ចំណែកអ្នកដែលមានដី​នៅតំបន់នោះ​ក៏តម្រូវ​ឲ្យបរិច្ចាគ​ដីរបស់ខ្លួន២០% ​ទៅក្នុងគំរោង​អភិវឌ្ឍន៏នោះដែរ ។
តំណាងក្រុមហ៊ុនខាងលើ​បានបញ្ជាក់ថា​ ក្នុងតំបន់អភិវឌ្ឃន៏ទីក្រុងរណបនោះ​ មានផ្លូវសរុបចំនួន៦១ខ្សែ ក្នុងនោះមានមហាវិថីធំៗចំនួន២ ​គឺមហាវិថីសម្តេចតេជោហ៊ុនសែន និងមហាវិថីអ្នកឧកញ៉ាមហាភក្តីហ៊ុន នាង​ ដែលមានទទឹង៦០ម៉ែត្រ ​ និងបណ្តោយជាង៩គីឡូម៉ែត្រ ​ហើយការអភិវឌ្ឃប្រពន្ធ័ហេដ្ឋារចនា​សម្ពន្ធ័រួមមានប្រពន្ធ័ផ្លូវថ្នល់ ប្រឡាយ​និងលូជាដើម​ បាននិងកំពុងចាប់ផ្តើមពីពេលនេះទៅ ​រហូតដល់ឆ្នាំ២០១៧ ​ហើយការស្ថាបនាឲ្យរួចរាល់ទាំងស្រុង​នៅអំឡុងឆ្នាំ២០៣៥ ។ចំពោះផ្ទៃដីដែល​ក្រុមហ៊ុន​​ទទួល​សិទ្ធិអភិវឌ្ឃន៏នោះមានចំនួន២៥៧២ ហិកតា​ ក្នុងនោះត្រូវចំណាយទៅលើផលប៉ះពាល់​នៃមហាវិថី៣ខ្សែចំនួន១៥០ហិកតា ​ការសិក្សាគម្រោង​អភិវឌ្ឃន៏១ហិកតា ការសាងសង់​ច្រាំងបឹងរក្សាទុក១៣,៤៧៥ហិកតា ​ចំណាយការសាងសង់ច្រាំងប្រឡាយមេ ​២ខ្សែ១៦,៥៩១ហិកតា​ ការរៀបចំបណ្តាយអគ្គិសនី​ក្រោមដី៨,៩០០ហិកតា ការរៀបចំតំបន់បៃតង​ និងសាធារណ ២៨១,៧៥ហិកតា ​ការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័៩៥,៧៥ ​មហាវិថីសម្តេចហ៊ុន សែន៩,១៦ហិកតា ​មហាវិថីអ្នកឧកញ៉ាមហាភក្តីហ៊ុន នាង ២,៧៤ហិកតា ​មហាវិថីកាត់ទទឹង៥,៥២ហិកតា ​ផ្លូវមេរងមានទទឹង៣៥ម៉ែត្រ៣៤,៩៨ហិកតា​ ផ្លូវមេរងមា​ន​ទទឹង២៦ម៉ែត្រ ​៤៣,៣៤ហិកតា ផ្លូវរងមានទទឹង១៦​ម៉ែត្រ​០,៣៦ហិកតា ​ការស្ថាបនាស្ពាននៅមហាវិថីសម្តេចហ៊ុន ​សែន១៤០,០០ហិកតា ​ការស្ថាបនាស្ពាននៅមហាវិថី​លោកតាហ៊ុន ​នាង៦០ ហិកតា ការស្ថាបនាស្ពាននៅ​មហាវិថី​កាត់ទទឹង ៨០ហិកតា​ ការស្ថាបនាផ្លូវមេរង១៦០ហិកតា​ ការស្ថាបនាស្ពាននៅផ្លូវទទឹង២៦ម៉ែត្រ ​១០០ហិកតា ​ការសាងសង់បណ្តាញលូទឹកភ្លៀង ​១៩៨,៤៨៨ហិកតា ការសាងសង់លូជ្រុង​កាត់ទទឹងមហាវិថីសម្តេច១៨០ហិកតា​ និងការសាងសង់បណ្តាញ​លូសំអុយ១៩៥,៩៣៦ហិកតា តំណាងក្រុមហ៊ុនដដែលបាន​បញ្ជាក់ទៀតថា ការអភិវឌ្ឃន៏​តំបន់បឹងទំពុន​ និងបឹងជើងឯកនេះត្រូវចាក់ខ្សាច់បំពេញ​សរុបចំនួន១៤៦,២២៥,៦៤០ម៉ែត្រគូប ​ដែលការ​ស្ថាបនា​ខាងលើ​មាន​តំលៃប៉ាន់ស្មាន​សរុបចំនួន​៦៩៦,៤៥៤,០៩៣ដុល្លាសហរដ្ឋអាមេរិក ៕