ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ២០១៦ បាន​បន្ត​បើក​សវនាការ​អង្គសេចក្តី​លើ​សំណុំ​រឿង​​អ្នកស្រី​ឡាយ ហួង អតីត​ភរិយា​ឧកញ៉ា ខូ​វ ផល្លា​បុត្រ ដែល​កំពុង​គេចខ្លួន និង​ជា​កូនប្រុស​លោក​ឧកញ៉ា​ខូ​វ ជី​លី មហាសេដ្ឋី​ច្រើន​​ជំនាន់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​សម្លាប់ និង​រំលោភ​ភរិយា និង​កូនស្រី​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ កម្ម ។

សវនាការ​លើ​សំណុំរឿង​នេះ ត្រូវ​បាន​សាលាដំបូង​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ម្តង​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៩ ធ្នូ តែ​ដល់​ម៉ោង​​សម្រាក​បាន​លើក​បន្ត​មក​ថ្ងៃ​ទី​២១ មក​រា នេះ ។

អង្គ​សវនាការ​ពេល​នេះ មាន​ជន​ត្រូវ​ចោទ គឺ​អ្នកស្រី​ឡាយ ហួង អតីត​ភរិយា​ឧកញ៉ា​ខូ​វ ផល្លា​បុត្រ និង​មាន​សាក្សី​សំខាន់​៤​នាក់ ដែល​ជា​ទណ្ឌិត​ជាប់​នៅ​ពន្ធនាគារ ក្នុង​សំណុំរឿង​នេះ​ស្រាប់ ១-​ឈ្មោះ​សេង ច័ន្ទ​ដា ត្រូវជា​ភរិយា​លោក​ឧកញ៉ា​ខូ​វ ជី​លី ២-​ឈ្មោះ​សុខ ឡាក់ ភេទ​ប្រុស ៣-​ឈ្មោះ​ចាន់ សុខា ភេទ​ស្រី និង​៤-​ឈ្មោះ​នាង ស៊ី​ណាត ភេទ​ស្រី ។ (​សាក្សី​ទាំង​៤​នាក់​ឈ្មោះ​សេង ច័ន្ទ​ដា ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កំណត់​២០​ឆ្នាំ​, ឈ្មោះ​សុខ ឡាក់​, ឈ្មោះ​ចាន់ សុខា និង​នាង ស៊ី​ណាត ម្នាក់​១៨​ឆ្នាំ​)​។

សាក្សី​មុខ និង​ចូល​សវនាការ​ត្រូវ​បាន​ស្បថ​នៅ​ចំពោះ​មុខ​លោកតា​ដំបង​ដែក ដែល​ពេល​ទណ្ឌិត​សេង ច័ន្ទ​ដា បាន​ព​ន្ល​យ​ពាក្យ​ចុង​ក្រោយ​ថា (​សូម​លោកតា​ដំបង​ដែក​កាច់​យក​ជន​ណា​ដែល​មួលបង្កាច់​គ្មាន​ការ​ពិត​) ។

អង្គ​សវនាការ​ពាក​ពន្ធ​បទល្មើស​ឧក្រិដ្ឋ​មួយ​នេះ មិន​មាន​វត្តមាន​ជន​រង​គ្រោះ​ចូលរួម​ទេ មាន​តែ​មេធាវី​ការពារ​ក្តី ចំណែក​ជន​ត្រូវ​ចោទ​មាន​ទាំង​មេធាវី និង​មាន​ទាំង​ជន​ត្រូវ​ចោទ ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គឺ​លោក​សាន សុ​ផាត តំណាង​អយ្យកា​រលោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ។ អង្គ​សវនាការ​ដំបូង​បាន​សាកសួរ​ទៅ​លើ​សាក្សី​ជា​ទណ្ឌិត​ឈ្មោះ​សេង ច័ន្ទ​ដា​, សុខ ឡាក់ និង​ចាន់ សុខា ក៏​ដល់​ម៉ោង​សម្រាក ទើប​ប្រធាន​ក្រុមប្រឹក្សា​ប្រកាស​លើ​ពេល​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ ខាង​មុខ ។