អង្គការ​តម្លាភាព​អន្តរជាតិ ផ្សាយ​របាយការណ៍​អំ​ពីស​ន្ទ​ស្សន៍ នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​លើក​ទី​២១

ភ្នំពេញ: អង្គការ​តម្លាភាព​អន្តរជាតិ នឹង​ចេញផ្សាយ​របាយការណ៍​អំ​ពីស​ន្ទ​ស្សន៍ នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​លើក​ទី​២១ របស់ខ្លួន នៅ​ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ម៉ោង​៥​ព្រឹក ម៉ោង​នៅ​ទីក្រុង​ប៊ែ​កឡាំង ត្រូវ​នឹង​ម៉ោង​១១​ព្រឹក ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ។​

​សេចក្តីជូនដំណឹង​រប​ស់​អង្គការ​តម្លាភាព​អន្តរជាតិ នៅ​ថ្ងៃទី​២១​ខែមករា​នេះ បាន​ឲ្យ​ដឹងថា ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ ពី​អំពើពុករលួយ​ក្នុងឆ្នាំនេះ ធ្វើការ​ដាក់ពិន្ទុ​និង​លេខ​រៀង ចំពោះ​ប្រទេស​ចំនួន​១៦៨ ដោយ​ផ្អែកទៅលើ​ទំហំ​នៃ​អំពើពុករលួយ នៅក្នុង​វិស័យ​សាធារណៈ និង​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អង្កេត​ការណ៍ មកពី​ទូទាំង​ពិភពលោក​រួមបញ្ចូល​ទាំង​អ្នកជំនាញ​ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​នេះ​ផងដែរ ។​

​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នេះ គឺជា​សូចនាករ​ឈានមុខ​គេ​ដែល​ចង្អុលបង្ហាញ​ពី ទំហំ​នៃ​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ តាម​ប្រទេស​នីមួយៗ ដែលមាន​ចេញផ្សាយ​ក្នុង​មួយឆ្នាំ​ម្ដង​។

​ស​ន្និសិទ​សារព័ត៌មាន​ស្តីពី ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៥ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែមករា  ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ស្ថិតក្នុង​សណ្ឋាគារ Raffles Hotel Le Royal អគារ​លេខ​៩២ រុក្ខវិថី​ដូនពេញ សង្កាត់​វត្តភ្នំ​ ​រាជធានី​ភ្នំពេញ​៕​