២០​ថ្ងៃ ប៉ូលិស​ត្រួតពិនិត្យ​យានយន្ត​សរុប​ជាង ៦ សែន​គ្រឿង ក្នុងនោះ មាន​យានយន្ត​ល្មើស​ជាង ១៣ ម៉ឺន​គ្រឿង​

ភ្នំពេញ: ​ក្នុង​រយៈពេល ២០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​ចរាចរណ៍​នៅ​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ៦២៦.១៨៤ គ្រឿង ក្នុងនោះ មាន​រថយន្ត​ចំនួន ២៤៦.២៦៣ គ្រឿង និង​ម៉ូតូ ៣៧៩.៩២១ គ្រឿង​។ ចំណែក​យានយន្ត​ល្មើស មាន​ចំនួន ១៣៨.៩៥៨ គ្រឿង ( រថយន្ត ៥៤.៧៦០ គ្រឿង និង​ម៉ូតូ ៨៤.១៩៨ គ្រឿង )​។ នេះ​បើតាម​របាយការណ៍​។​

​របាយការណ៍​ដែល​បានបង្ហាញ​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​បង្ហាញថា ក្នុងចំណោម​យានយន្ត​ល្មើស ដែល​ប៉ូលិស​ត្រួតពិនិត្យ ចំនួន ១៣៨.៩៥៨ គ្រឿង​នោះ គឺមាន​យានយន្ត ចំនួន ៦៧.៧៨៦ គ្រឿង ត្រូវបាន​អប់រំ ( រថយន្ត ២៨.៨៤៦ គ្រឿង និង​ម៉ូតូ ៣៨.៩៤០ គ្រឿង )​។ ចំណែក​យានយន្ត ចំនួន ៧១.២៧២ គ្រឿង​ទៀត ត្រូវបាន​ផាកពិន័យ ក្នុង​រយៈពេល ២០ ថ្ងៃ​មកនេះ​៕​