ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន AP ផ្សាយ​ថា អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) បាន​ប្រកាស​អាសន្ន​ពី​ហានិភ័យ ដែល​អាហ្វ្រិក​កណ្តាល​អាច​ប្រឈម​មុខ​នឹង​វិបត្តិ​កង្វះ​អាហារ​ដ៏​អាក្រក់ ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រហែល​ពាក់កណ្តាល​នៃ​អតីត​ដែនដី​ក្រោម​អាណានិគម​របស់​បារាំង​នេះ​ត្រូវ​អត់ឃ្លាន ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នៃ​អង្គការសហប្រជាជាតិ ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែមករា បាន​បញ្ជាក់​ថា ពលរដ្ឋ​ប្រហែល​២,៥​លាន​នាក់ នៅ​អាហ្វ្រិក​កណ្តាល​អាច​ប្រឈម​មុខ​នឹង​ភាព​ស្រេកឃ្លាន ដោយសារ​ជម្លោះ​នៅ​ក្នុង​ប្រទេស​។ ចំពោះ​ពលរដ្ឋ​ដែល​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​ពី​ការ​គំរាមកំហែង​នេះ នឹង​មាន​កំណើន​ទ្វេ​ដង​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ជា​អតីត​ដែនដី​ក្រោម​អាណានិគម​បារាំង និង​ជា​ដែនដី​សម្បូរ​ដោយ​រ៉ែ​ជា​ច្រើន​ប្រភេទ បាន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ចាប់តាំងពី​ឆ្នាំ​២០១៣ នៅ​ពេល​ក្រុម​ឧទ្ទាម​មូ​ស្ល៊ី​ម «​សេ​ទ្បេ​កា​» បាន​ចូល​កាន់កាប់​អំណាច​ពី​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​កាន់សាសនា​គ្រិស្ត និង​ចាប់ផ្តើម​សម្លាប់​គ្រិស្ត​សាសនិក​ដោយ​មិន​រើសមុខ ។ ជម្លោះ​ខាងលើ​បាន​តម្រូវ​ឱ្យ​ពួក​អ្នក​កាន់សាសនា​គ្រិស្ត​បង្កើត​កងកម្លាំងប្រដាប់អាវុធ «Anti-Balaka» ទ្បើ​ង ដើម្បី​សម្លាប់​ក្រុម​ពលរដ្ឋ​មូ​ស្ល៊ី​ម​មួយ​ចំនួន ក្រោយមក​ក៏​កើតការ​សងសឹក​គ្នា​រវាង​អ្នក​កាន់សាសនា​ទាំង​២ ដែល​រីក​រាលដាល​នៅ​ទូ​ទាំង​ប្រទេស ។

តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ បានឱ្យ​ដឹង​ទៀត​ថា ទំនាស់​ផ្នែក​សាសនា​នៅ​អាហ្វ្រិក​កណ្តាល បាន​សម្លាប់​ពលរដ្ឋ​ជាង​៥.០០០​នាក់ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន ខណៈ​ពេល​ប្រជាពលរដ្ឋ​ជិត​១​លាន​នាក់​ទៀត​ត្រូវ​ចាកចោល​ផ្ទះសម្បែង​របស់​ខ្លួន ៕