ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ «រាជរដ្ឋាភិបាលកម្ពុជា បាន​ផ្តោត​ជា​សំខាន់​លើ​វិស័យ​សុខាភិបាលដោយហេតុ​នេះហើយ ទើប​ការ​កសាងមណ្ឌល​សុខភាព​នៅ​តាម​មូលដ្ឋាន​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្នុង​គោលបំណងឱ្យ​មណ្ឌល​សុខភាព​ទាំងនោះ​នៅ​ជិត​​​ប្រជា​ពល​​រដ្ឋ​​» ។​ ​

លោក ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ម៉​ម ប៊ុ​ន​ហេង ​បាន​មាន​ប្រសាសន៍​​បែប​នេះ នៅ​ក្នុង​ពិ​ធី​​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់មណ្ឌល​សុខភាពចំនួន​៣​កន្លែង ​គឺមណ្ឌលសុខភាព​ត្បែងខ្ពស់ មណ្ឌល​សុខភាព​ព្រៃ​គ្រី និង​មណ្ឌល​សុខភាព​ព្រៃ​មូល​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ​នៅ​ក្នុងភូមិ​នាង​មាលា ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ​ដោយ​មានការ​ចូលរួម​ពី​លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជា​១​ពាន់​នាក់​​ផង​​ដែរ ។

​​ក្នុង​ ឱកាស​នេះ​ដែរ ​​លោករដ្ឋមន្ត្រី​បាន​រំ​ឭក​​ដល់​មន្ត្រី​សុខាភិបាល​គ្រប់​​កម្រិត​​នៃ​ ប្រព័ន្ធ​សុខាភិបាល និង​គ្រប់​ទីកន្លែង​បន្ត​យកចិត្តទុកដាក់​បំពេញការងារ​ដោយ​ភាព​ថ្លៃថ្នូរ​ទៅ​ តាម​ភារកិច្ច និង​កាត​ព្វ​កិច្ច​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​គោរព​​​ក្រមសីលធម៌​ វិជ្ជាជីវៈ ក្នុង​បុព្វហេតុ​ធ្វើ​ឱ្យ​ការផ្តល់​សេវា​ជូន​ប្រជាជន​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ជំរុញ​​ការ​លើក​កម្ពស់​សុខុមាលភាព​សង្គម​ ។

​លោក​រដ្ឋ​ មន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ដល់គ្រូពេទ្យ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្តល់​ ការ​អប់រំ​សុខភាពដល់​ប្រជាពលរដ្ឋ ក្នុង​ការ​លើក​កម្ពស់​​ចំណេះដឹង​ផ្នែក​សុខភាព ដូច​ជា​អនាម័យ​ក្នុង​ការ​រស់នៅ ការ​បរិភោគ​ ក្នុង​គោលបំណងបង្ការ​​​ជំងឺ​ឆ្លង និង​ប្រភេទ​​ជំងឺ​​ដែល​អាច​ការពារ​បាន ព្រោះ​សុខភាព​ប្រជា​ពលរដ្ឋ គឺជា​កត្តា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​ សេដ្ឋ​កិច្ចជាតិ​ ៕ ​