ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ធីង៉ា​នៅ​ខេត្ត​កំពង់ធំ​ផ្អាក​តវ៉ា​បណ្ដោះអាសន្ន

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ សម្រេច​ផ្អាក​ការ​តវ៉ា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជាមួយ​ភាគី​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ធីង៉ា (Thy Nga)។ យ៉ាង​ណា ពលរដ្ឋ​ទាំង​នោះ​ថា ពួក​គេ​នឹង​តវ៉ា​ឡើង​វិញ ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ប៉ះពាល់​លើ​តំបន់​ដី​ដែល​ពួក​គាត់​ស្នើសុំ​រក្សា​ទុក។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដងកាំបិត ចំនួន ៦៧​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​តំបន់​ដី​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ធីង៉ា ដោយ​ពួក​គេ​ទាមទារ​រក្សា​ទុក​ដី​ប្រវែង ២០០​ម៉ែត្រ​ពី​ក្បាល​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់។ ការ​ទាមទារ​នេះ ព្រោះ​ពលរដ្ឋ​យល់​ឃើញ​ថា ប្រសិន​បើ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លែង​គោ​ក្របី​របស់​អ្នក​ភូមិ។ ម្យ៉ាង ពលរដ្ឋ​នឹង​មិន​អាច​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​របស់​ខ្លួន​បាន​ទៀត​ទេ។

ពលរដ្ឋ​នៅ​ភូមិ​ស្រែខ្សាច់ លោក ធូ លាប ឲ្យ​ដឹង​ថា ពួក​គាត់​លើក​គ្នា​តវ៉ា​ពីរ​ថ្ងៃ​មក​ហើយ ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​របស់​អ្នក​ភូមិ និង​ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​កំពុង​ជួប​ប្រទះ។ លោក​បន្ត​ទៀត​ថា ក្រៅ​ពី​ហាម​ឃាត់​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ឈូស​ឆាយ​លើ​ដី​របស់​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល​ហើយ ពួក​គាត់​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន រក្សា​ទុក​ដី​ប្រវែង ២០០​ម៉ែត្រ​ពី​ក្បាល​ដី​របស់​ពួក​គាត់​ទៀត​ផង ស្រប​ពេល​ខាង​ក្រុមហ៊ុន​យល់ព្រម​រក្សា​ទុក​ឲ្យ​ប្រវែង ៥០​ម៉ែត្រ​ប៉ុណ្ណោះ៖ «ខ្ញុំ​ថា ស្នើសុំ​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ស្រុក​រវៀង ថា​ធ្វើ​ម៉េច​ទុក​ឲ្យ​បង​ប្អូន​នៅ​ស្រែ​ខ្សាច់​ពី​ក្បាល​ស្រែ​ឲ្យ​បាន ២០០​ម៉ែត្រ»

តំបន់​ដី​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​វៀតណាម ធីង៉ា ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រះវិហារ ចំណែក​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាង ៦០​គ្រួសារ គឺ​ជា​អ្នក​ស្រុក​រស់នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ធំ។

ពលរដ្ឋ​នាំ​គ្នា​តវ៉ា​កាល​ពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ មករា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​នេះ ហើយ​ថែម​ទាំង​ព្រមាន​ទៀត​ថា ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​លើ​តំបន់​ដី​ដែល​ពួក​គាត់​ស្នើសុំ អ្នក​ភូមិ​នឹង​លើក​គ្នា​តវ៉ា​ជា​ថ្មី​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន ធីង៉ា ដើម្បី​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ មករា ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២០ មករា ភាគី​ក្រុមហ៊ុន​បាន​សម្រេច​មិន​បន្ត​ឈូស​ឆាយ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ទៀត​ឡើយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ជុំវិញ​ករណី​នេះ។

ដោយឡែក​មេ​ឃុំ​ដងកាំបិត លោក ឆូយ ម៉ាប់ មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​តវ៉ា អាជ្ញាធរ​បាន​ទៅ​សម្រប​សម្រួល​ជូន​ពួក​គាត់ ដោយ​បញ្ជាក់​ថា នឹង​យក​សំណើ​នេះ​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ដោះស្រាយ​បន្ត។ លោក​មើល​ឃើញ​ថា ការ​ស្នើសុំ​របស់​អ្នក​ភូមិ​ទាំង​នោះ គឺ​ជា​រឿង​ល្អ ពីព្រោះ​ប្រសិន​បើ​ចំណែក​ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ ធ្លាក់​ទៅ​លើ​ដៃ​ក្រុមហ៊ុន​វៀតណាម នឹង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ភូមិ​មិន​ខាន។ លោក​មេ​ឃុំ​រូប​នេះ​លើក​ឡើង​ថា ត្បិត​តែ​លោក​ឯកភាព​នឹង​សំណើ​ពលរដ្ឋ​ក៏ដោយ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៖ «គាត់​ថា​ក្បាល ២០០​ម៉ែត្រ គឺ​អាច​ចង​គោ ឬ​លែង​គោ​ក្របី​របស់​ពួក​គាត់។ មួយ​ទៀត គាត់​គិត​ពី​អនាគត​កូន​ចៅ​របស់​ពួក​គាត់​ទៅ​ថ្ងៃ​មុខ។ ក្នុង​នាម​អាជ្ញាធរ អរគុណ​ហើយ​ដែល​ពួក​គាត់​មាន​ជំហរ​រឹងប៉ឹង​បែប​នេះ»

លោក​មេ​ឃុំ​ដដែល ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​រាយការណ៍​មក​អាជ្ញាធរ​គ្រប់​ពេល ប្រសិន​បើ​ពួក​គេ​ឃើញ​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នៅ​តំបន់​ដែល​អ្នក​ភូមិ​ស្នើសុំ បន្ត​កើត​មាន​ឡើង។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន យល់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ មិន​មែន​ជា​រឿង​ហួស​ហេតុ ឬ​លោភលន់​ឡើយ ប៉ុន្តែ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ទៅ​វិញ និង​ដើម្បី​ប្រយោជន៍​រួម​របស់​ពួក​គាត់​ប៉ុណ្ណោះ៖ «ហើយ​ការ​ដែល​ក្រុមហ៊ុន​សម្រេច​ឲ្យ ឬ​មិន​ឲ្យ​យ៉ាង​ណា​នោះ គឺ​ទាល់​តែ​អាជ្ញាធរ​តវ៉ា​មតិ»

លោក ញ៉ូង សាមឿន ថ្លែង​ថា ការ​អភិវឌ្ឍ​ទាំងឡាយ​អាច​រីក​ចម្រើន​ពិត​ប្រាកដ គឺ​អាស្រ័យ​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​រីក​ចម្រើន​ព្រម​គ្នា មិន​មែន​ជា​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​រង​ទុក្ខ​នោះ​ទេ។ បន្ថែម​ពី​នេះ លោក​ថា ខាង​អាជ្ញាធរ រួម​ទាំង​ភាគី​ក្រុមហ៊ុន​ផង គប្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជៀសវាង​មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។