ក្មេងស្រី ៣នាក់ គួរឲ្យអាណិតអាសូរ រត់ចេញពីផ្ទះ ដោយសារ ម្ចាស់វាយធ្វើបាប

ភ្នំពេញ៖ ក្មេងស្រី៣នាក់ គួរឲ្យអាណិតអាសូរ បានបង្ខំចិត្តចាកចេញពីផ្ទះមួយកន្លែង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ដោយក្មេងស្រីទាំងបីនាក់នេះ បានប្រាប់ឲ្យដឹងថា ពួកនាងទាំងបីនាក់ ត្រូវបានម្ចាស់ផ្ទះ វាយធ្វើបាប និងអំពើផ្សេងៗទៀតទៅលើពួកនាង។ ក្មេងស្រីទាំងបីនាក់ ដែលចាកចេញពីផ្ទះរបស់គេ ត្រូវបានអ្នក រត់ម៉ូតូឌុប មានសន្តានចិត្តមនុស្សធម៌ ដឹកពួកគេទាំងបីនាក់ មកដាក់នៅអង្គការក្រៅ រដ្ឋាភិបាលមួយកន្លែង ហើយអង្គការក្រៅនោះ បាននិងកំពុងបញ្ជូន ក្មេងទាំងស្រីទាំងបីនាក់នេះ ទៅកាន់សាលាសង្កាត់ ដើម្បីធ្វើការ បំពេញឯកសារផេ្សងៗទៅតាមផ្លូវច្បាប់ និងបានធ្វើការសិក្សាទាក់ទង ទៅនឹងក្មេងស្រីទាំងបីនាក់ ចាកចេញពី ផ្ទះគេ ដែលទ្រាំនឹងការធ្វើបាបពីម្ចាស់ផ្ទះមិនបាននោះ ។

ក្មេងស្រីទាំងបីនាក់ បាននិយាយថា ពួកនាងត្រូវបានគេវាយដំស្ទើររាល់ថ្ងៃ ហើយការទទួលទានអាហារ មិនបាន គ្រប់គ្រាន់ រួមទាំងបញ្ហាផ្សេងៗទៀត ដែលក្មេងស្រីទាំងបីនាក់នេះ និយាយមិនបានអស់ ដោយសារតែមាន ការភ័យខ្លាច ។ ក្មេងស្រីទី១ បានប្រាប់ថា នាងឈ្មោះ អៀង យូអីុ អាយុ ១១ឆ្នាំ មានស្រុកកំណើតនៅស្រែអំបិល ប៉ុន្តែនាងមិនចាំថា ផ្ទះរបស់នាងនៅភូមិឃុំអ្វីនោះទេ ហើយនាងបញ្ជាក់ថា នាងត្រូវបានមកនៅផ្ទះ ខាងលើនេះ គឺតាមរយៈសាច់ញាតិបងប្អូន ដោយសារតែនាងកំព្រាម្តាយ (ស្លាប់) នៅសល់តែឪពុក, ទី២ ឈ្មោះ ស្រីម៉ៅ អាយុ ៧ឆ្នាំ នាងត្រូវបានម្ចាស់ផ្ទះ រើសពីធុងសំរាមយកមកចិញ្ចឹម, ទី៣ ឈ្មោះ ស្រីនាង ហៅ ស្រីណែត អាយុ ៨ឆ្នាំ នាងបានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នាងត្រូវបានម្តាយលក់ឲ្យម្ចាស់ផ្ទះ។

តាមការបញ្ជាក់ពីប្រធានភូមិ បានឲ្យដឹងថា ផ្ទះដែលនាងបានរត់ចេញ ដោយសារអំពើហិង្សានេះ គឺម្ចាស់ឈ្មោះ អន ចិន្តា ហៅ យាយតោ ផ្ទះលេខ ៣៧០ Eo ផ្លូវលេខ៥២៨ ក្រុមទី៣៤ ភូមិទី៩ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក។ ទាក់ទងនឹងការសម្រេចចិត្ត របស់ក្មេងស្រីទាំងបីនាក់នេះ បានប្រាប់អ្នកយកព័ត៌មានយើងថា ក្មេងស្រី អៀង យូអីុ អាយុ ១១ឆ្នាំ នាងបានសំណូមពរ សូមឲ្យអាជ្ញាធរ ឬអង្គការជួយនាំនាងទៅ ស្រុកកំណើត វិញ, ចំណែក ស្រីម៉ៅ នាងត្រូវបានគេរើសពីធុងសំរាមនោះ នាងបញ្ជាក់ថា នាងចង់ឲ្យអង្គការ ចិញ្ចឹមនាង ឬរកអ្នកណាដែលនាងអាចជ្រកកោនបានសុខ និងបានរៀនសូត្រផង, រីឯ ស្រីនាង ហៅ ស្រីណែត នាងបាននិយាយថា នាងចង់ទៅជួបឪពុកម្តាយវិញ ទោះជាត្រូវបានគាត់លក់ក៏ដោយ ព្រោះនាងនិយាយថា នាងនឹកឪពុកម្តាយ របស់នាងណាស់ ។ យើងនៅមិនទាន់ដឹងច្បាស់ ពីរយៈពេលក្មេងស្រីទាំងបីនាក់ រស់នៅផ្ទះ យាយ អន ចិន្តា ហៅ យាយតោ តាំងពីពេលណានោះទេ ដោយសារតែក្មេងស្រីទាំងបីនាក់ ត្រូវបានគេយកមក ចិញ្ចឹមតាំងពីក្មេងៗមកម៉្លេះ ពោលគឺមានតែយាតោ ទេ ដែលអាចបញ្ជាក់ប្រាប់ពីពេលវេលា ដែលគេរើសក្មេងស្រី ទាំងបីនាក់នេះ មកចិញ្ចឹមតាំងពីពេលណានោះ។

មានការបញ្ជាក់ក្រៅផ្លូវការមកថា ផ្ទះយាយ អន ចិន្តា ហៅយាយតោ នេះ គឺមានក្មេងៗរស់នៅជាច្រើននាក់ទៀត ហើយសមត្ថកិច្ច នគរបាលសង្កាត់បឹងកក់១ កំពុងធ្វើការលើរឿងនេះ ។ ចំណែកអង្គការដែលត្រៀមសម្ភាសន៍ តាមបែបបទលក្ខណៈអង្គការជួយកុមារនោះ គឺមានឈ្មោះថា អង្គការមេត្រីអន្តរជាតិដើម្បីអាស៊ី មជ្ឈមណ្ឌល មេត្រីលើកស្ទួយនៃក្តីស្រឡាញ់ ហៅកាត់ថា J.G.A.P.E ៕

ក្មេងស្រី ៣នាក់ គួរឲ្យអាណិតអាសូរ រត់ចេញពីផ្ទះ ដោយសារ ម្ចាស់វាយធ្វើបាប

ក្មេងស្រី ៣នាក់ គួរឲ្យអាណិតអាសូរ រត់ចេញពីផ្ទះ ដោយសារ ម្ចាស់វាយធ្វើបាប

ក្មេងស្រី ៣នាក់ គួរឲ្យអាណិតអាសូរ រត់ចេញពីផ្ទះ ដោយសារ ម្ចាស់វាយធ្វើបាប

ក្មេងស្រី ៣នាក់ គួរឲ្យអាណិតអាសូរ រត់ចេញពីផ្ទះ ដោយសារ ម្ចាស់វាយធ្វើបាប