បន្តឃុំខ្លួន មន្ត្រីពីររូបរបស់ CNRP ដែលបានក្លែង សំបុត្រកំណើត ថាខេត្តស្វាយរៀង ស្ថិតក្នុង ប្រទេសវៀតណាម

ភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះ បានសម្រេចតម្កល់ សាលក្រម សាលដំបូងខេត្តស្វាយរៀង បន្តឃុំខ្លួនមន្រ្តី ពីររូប របស់គណបក្សសង្គ្រោះជាតិ ដែលបានក្លែងឯកសារពាក់ព័ន្ធ និងសំបុត្រកំណើតរបស់កម្ពុជា ដោយបានកែថា ខេត្តស្វាយរៀង ស្ថិតនៅក្នុងប្រទេសវៀតណាម។

បើតាមមន្រ្តីពន្ធនាគារ បានឲ្យដឹងថា ជនជាប់ចោទទំាងពីរ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ បដិសេធការស្នើសុំ នៅក្រៅឃុំបណ្តោះអាសន្ន របស់មេធាវីជនទំាងពីរនាក់នេះ ហើយបានប្រកាសផ្តន្ទាទោស កំបំាងមុខ ដោយសម្រេចតម្កល់ សាលាក្រមសាលា ដំបូងខេត្តស្វាយរៀង ទុកជាបានការ ហើយបន្តធ្វើការឃុំខ្លួន ជនជាប់ចោទ ពីរនាក់ នេះបន្តទៀត។

គួរំលឹកថា លោក សុខ សំអ៊ាន ប្រធានប្រតិបត្តិ គណបក្សសង្គ្រោះជាតិក្រុងបាវិត និងលោក នង សារិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងបាវិត ត្រូវបាន ជាប់ចោទ ពីបទ ក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធការកែ សំបុត្រកំណើត ប្រជាពលរដ្ឋ ថា ខេត្តស្វាយរៀង ស្ថិតក្នុង ប្រទេសវៀតណាម រួចយកទៅបង្ហោះ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក។ មន្រ្តីទំាងពីររូប របស់គណបក្សសង្គ្រោះជាតិនេះ ត្រូវបានសមត្ថកិច្ច ខេត្តស្វាយរៀង ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានសាលាដំបូងខេត្តស្វាយរៀង ឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងនោះ លោក សុខ សំអ៊ាន ត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់ លិខិតសាធារណៈក្លែង និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង លោក នង សារិទ្ធ ត្រូវបានចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ និង បទ ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដី ប្រកាសព័ត៌មាន មួយ ដោយបាន ចាត់ទុកការកែទិន្នន័យ ត្រង់ទីកន្លែងកំណើត របស់សាមីជន ដែលសរសេរថា ឋិតនៅប្រទេសកម្ពុជា តែប្ដូរទៅជា ប្រទេសវៀតណាម វិញ ថានេះជាករណីឆ្លៀតឱកាស ក្នុងគោលបំណង បំពុលបរិយាកាស។ មួយថ្ងៃក្រោយមក ពោលនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកចៅសង្កាត់ក្រុងបាវិត បានអញ្ជើញលោក សុខ សំអ៊ាន និង លោក នង សារិទ្ធ ឲ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងការបង្ហោះលើ ហ្វេសប៊ុក សំបុត្រកំណើតរបស់ឈ្មោះ ញ៉ែម ឈឿន ទីលំនៅភូមិតាពៅសង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយកែបន្លំថា ខេត្តស្វាយរៀង ស្ថិតនៅ ប្រទេសវៀតណាម ក្រោយពីពិនិត្យឃើញថា អ្នកទាំងពីរពិតជាបានក្លែងបន្លំសំបុត្រកំណើត និង បានបង្ហោះពិត ប្រាកដមែន សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន ដើម្បីឲ្យទទួលទោសតាមច្បាប់៕