ចិន​ធ្វើ​សមយុទ្ធ​យោធា​ក្បែរ​តៃវ៉ាន់ ក្រោយ​បោះឆ្នោត​តៃវ៉ាន់​

​កងទ័ព​រំដោះប្រជាជន​ចិន​បានធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅឯ​មូលដ្ឋាន​ក្នុង​ខេត្ត​ភាគ​អាគ្នេយ៍​ដែល​ស្ថិត​ក្បែរ​កោះ​តៃវ៉ាន់​។ សមយុទ្ធ​នេះ​ធ្វើឡើង​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការបោះឆ្នោត​នៅ​តៃវ៉ាន់​ដែល​បក្សប្រឆាំង​ជា​អ្នកទទួល​ជោគជ័យ​លើសលប់​។ ចិន​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន ហើយ​ចិន​ក៏​មិន​ញញើត​នឹង​ប្រើ​កម្លាំង​ទ័ព​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​ដែរ​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​រាយការណ៍​ពី​សមយុទ្ធ​យោធា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដែល​ធ្វើ​នៅ​ភាគ​អាគ្នេយ៍​ប្រ​ទស​ចិន​នៅ​ថ្ងៃ ព្រហស្បតិ៍​ទី ២១ ខែមករា​នេះ​។ សមយុទ្ធ​ដែល​ធ្វើ​នៅ​ទីក្រុង Xiamen មានការ​បាញ់​គ្រាប់​ពិត​និង​លំ​ហាត់​លោតឆ័ត្រ​យោង​ផង​។ ទូរទស្សន៍​រដ្ឋ​ដដែល​បន្តថា អង្គភាព​កងទ័ព​ទី​៣១ ប្រចាំ​នៅ​ទីក្រុង Xiamen បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ តែ​គេ​មិនបាន​បញ្ជាក់​ពី​តាំង​ជាក់លាក់​នោះទេ​។​

​គេ​សង្កេតឃើញ​មាន​យានយន្ត​យោធា​ដែល​អាច​បើក​បាន​ទាំង​លើគោក​និង​ក្នុង​ទឹកបាន​បើក​សំដៅ​ច្រាំង​សមុទ្រ និង​ការបាញ់​គ្រាប់​មី​ស៊ី​ល​ពិត​ចេញពី​ឧទ្ធម្ភាគចក្រ​សំដៅ​ទីតាំង​លើគោក ព្រមទាំង​មាន​ក្រុម​ទាហាន​ឆ័​ត្រ​យោង​លោត​ចេញពី​យន្តហោះ​ផងដែរ​។​

​ចំណែក​ទីតាំង​របស់​ទីក្រុង Xiamen គឺ​ស្ថិតនៅ​ឈមមុខ​នឹង​ទឹកដី​តៃវ៉ាន់​តែម្ដង ហើយ​នៅ​ផុតពី​នៅ​បន្តិច​ទៅ​គឺ​កោះ Kimnen ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ​១៩៤៩​មក ពោលគឺ​ចាប់តាំងពី​ក្រុម​ជាតិនិយម​រត់​ភៀសខ្លួន​ពី​ចិនដីគោក​ទៅកាន់​កោះ​តៃវ៉ាន់​។​

​គេ​អាច​យល់បាន​ថា សមយុទ្ធ​ចិន​នេះ​គឺ​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​កោះ​តៃវ៉ាន់​តែម្ដង​។ នេះ​ក៏​ព្រោះថា សមយុទ្ធ​កើត ចំ​ពេលដែល​បក្សប្រឆាំង​តៃវ៉ាន់​ដែលមាន​និន្នាការ​រក​ឯករាជ្យ បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​។ លទ្ធផល​បោះឆ្នោត​ថ្ងៃទី​១៦ ខែមករា បង្ហាញថា បេក្ខជន​ប្រធានាធិបតី​លោកស្រី Tsai Ing-wen​របស់ គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន បានទទួល​ជោគជ័យ​លើ​បក្ស​គូ​មីង​តាំង​។​

​ចាប់តាំងពី​ការបោះឆ្នោត​នោះមក ចិន​តែង​គំរាម​តៃវ៉ាន់​មិន​ឲ្យ​ប្រកាស​ឯករាជ្យ​ចេញពី​ខ្លួន​ទេ ហើយ​ថា ចិន​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន​ដោយ​រួមទាំង​ការប្រើប្រាស់​កម្លាំង​ទ័ព​ផងដែរ​។ ប៉ុន្តែ​លោកស្រី Tsai Ing-wen ក៏បាន​ប្រកាស​ហើយ​ថា លោកស្រី​នឹង​បន្ត​រក្សា​សន្តិភាព​ដែលមាន​ជាមួយ​ចិន​សព្វថ្ងៃ​។

​យ៉ាងណាក្ដី នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​តៃវ៉ាន់​។ ជា​ញឹកញយ ចិន​តែង​ពង្រាយ​ទ័ព​ទៅ​ក្បែរ​តៃវ៉ាន់ ក៏ដូចជា​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិតជា​ដើម​។ លើសពីនេះ ចិន​ដាក់ពង្រាយ​កាំជ្រួច​រាប់រយ​ដើម​សំដៅទៅ​កោះ​តៃវ៉ាន់ ដើម្បី​គំរាម​តៃវ៉ាន់​មិន​ឲ្យ​ប្រកាស​ឯករាជ្យ​៕ 

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​