ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​នៅ​ថ្ងៃ​ទី​២១ ខែមករា ផ្សាយ​ថា ក្រុម​សង្កេតការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ស៊ី​រី​(SOHR) បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ ខែមករា ថា កងទ័ព​រុ​ស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​តាម​ផ្លូវអាកាស​ក្នុង​ទីក្រុង «Deir-Ez-Zor» ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ចំនួន​៥៧​កន្លែង តែ​ក្នុង​រយៈពេល​២៤​ម៉ោង បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​១៣​នាក់ ក្នុង​នោះ​មាន​២​នាក់​ជា​កុមារ ។

កន្លង​មក​ក្រុម IS បាន​សម្លាប់​ទាហាន​ស៊ី​រី​យ៉ាងតិច​៨​នាក់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​សម្លាប់​ដោយ​កាត់​ក្បាល ក្រោយ​ពី​បាន​សម្លាប់​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កងទ័ព​រុ​ស្ស៊ី​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​បង្កើន​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ទីក្រុង Deir-Ez-Zor និង​បរិវេណ​ជុំវិញ​ទីក្រុង​នេះ គឺ​ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​អាច​កើត​ទ្បើ​ង​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត ព្រោះ​ក្រុម IS កំពុង​ព្យាយាម​ចូលលុក​លុយ​កាន់កាប់​ទីក្រុង​ខាងលើ បន្ទាប់​ពី​បាន​បាត់បង់​នៅ​ភាគ​ខាងជើង​ស៊ី​រី ។

យន្តហោះ​របស់​កងទ័ពអាកាស​រុ​ស្ស៊ី បាន​ទម្លាក់​ស្បៀង​ជាង​៥០​តោន ដើម្បី​ជួយ​សង្គ្រោះ​អ្នកស្រុក​ក្នុង​ទីក្រុង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ក្រៅពី​ស្ថានការណ៍​ចុង​ក្រោយ​នៅ​ក្រុង Deir-Ez-Zor នោះ ក្រុង​អ្នក​សង្កេតការណ៍ SOHR ក៏​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ក្នុង​ប្រទេស​ស៊ី​រី ដោយ​កងទ័ព​រុ​ស្ស៊ី​ថា មាន​ពលរដ្ឋ​ស្លាប់​បាត់បង់​ជីវិត​ច្រើន​ជាង​៣.០០០​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ ហើយ​ក្នុង​ចំនួន​នោះ​មាន​ពលរដ្ឋ​ស្លូតត្រង់​ចំនួន​១.០១៥​នាក់ ៕