ក្បាល​ម៉ាស៊ីន​ថ្មី ដាក់​ទិសដៅ​ ដើម្បី​អភិវឌ្ឍ​កីឡា​ទាញ​ព្រ័ត្រកម្ពុជា

គណៈ​កម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៣ (ឆ្នាំ​២០១៦-ឆ្នាំ​២០២០) ចំនួន​១៧​នាក់ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​របស់​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជានោះ បាន​​ដាក់​ទិស​ដៅ​​រួច​រាល់​អស់​ហើយ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ និង​ពង្រីក​ពី​សក្តានុពល​របស់​កីឡា​ទាញ​ព្រ័ត្រ ដែល​ទើប​ត្រូវ​បាន​​​ដាក់​បញ្ចូល​ទៅ​ក្នុងសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ UNESCO មួយ​នេះ។

ss-1

គណៈ​កម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៣ថ្មី ដែល​ត្រូវ​បាន​ជ្រើស​រើស​តាម​រយៈ​ការ​បោះ​ឆ្នោត និង​ការ​លើក​ដៃ នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​២ នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នោះ រួម​មាន​​លោក មាស សារិន ដែល​ត្រូវ​បាន​ជ្រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ លោក តេក ហេង ជា​អនុប្រធានទី១ លោក ឯម ហៀង ជា​អនុប្រធាន លោក កែម ស៊ីហ៊ួត ជាអនុប្រធាន លោក បាន រីន ជា​អនុប្រធាន អ្នកស្រី ប្រាក់ សម្ផស្ស ជា​អគ្គលេខាធិការ និងអ្នកស្រី សូ រ៉ាដេត ជាអគ្គលេខាធិការរង ខណៈ​​១០​នាក់​ទៀតជា​សមាជិក​របស់​សហព័ន្ធកីឡា​ទាញ​ព្រ័ត្រ​កម្ពុជា។

​បន្ទាប់​ពី​ការ​បង្ហាញ​ពី​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ អង្គមហាសន្និបាត បាន​សម្រេច​​ដាក់​នៅ​ទិស​ដៅ​សំខាន់​ចំនួន​២ គឺការ​កសាង​រចនា​សម្ព័ន្ធ-ការ​កសាង​ធន​ធាន​មនុស្ស និង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា បន្ទាប់ពី​ក្បាលម៉ាស៊ីន​ថ្មី បាន​​មើល​ឃើញ​​​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​នោះគឺ​ទី​១ នៅ​ខ្វះ​ធន​ធាន​មនុស្ស ខ្វះ​សម្ភារបច្ចេក​ទេស​សម្រាប់​ការ​ប្រកួត ទី​២​មិន​មាន​ទីកន្លែង ថវិកា​បម្រើ​ការងារ​ក្នុង​សហព័ន្ធ និង​ទី​៣​ មិន​ទាន់​​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​នៅតាម​បណ្តា​សាលា​រៀន។ សម្រាប់​ គឺការ​កសាង​រចនា​សម្ព័ន្ធ និងការ​កសាង​ធន​ធាន​មនុស្ស អង្គមហាសន្និបាត​បាន​ឯក​ភាព​ដាក់​នៅ​ទិដៅ​លម្អិត​ដូច​ជា រៀបចំ​ទី​តាំង ទី​ស្នាក់​ការ​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា, រៀបចំ​បង្កើត​​បន្ថែមនូវ​ក្លិប សមាគម សម្ព័ន្ធ កីឡា​ទាញ​ព្រ័ត្រ​ទូ​ទាំង​ប្រទេស, ត្រៀម​បើក​វគ្គបណ្តុះ​បណ្តាល​បច្ចេក​ទេស​ដល់​កីឡាករ កីឡាការិនី, ​ត្រៀម​បើក​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល​ចៅ​ក្រម​ថ្នាក់​ក្រោម​ជាតិ ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ និង​ត្រៀម​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​ថ្នាក់​ក្រោម​ជាតិ ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ។

ss-2
ចំណែក​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា សហព័ន្ធ​ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ចុះ​ផ្សព្វ​ផ្សាយ​បទ​បញ្ជា និង​បច្ចេក​ទេស​ហ្វឹក​ហាត់​វិញ្ញាសា​កីឡា​ទាញ​ព្រ័ត្រ តាម​គ្រឹះ​ស្ថាន​សិក្សា និង​បណ្តា​អង្គការ, ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ពាន​រង្វាន់ និង​អបអរ​សាទរ​ព្រឹត្តិការណ៍​នានា, ត្រៀម​រៀបចំ​ការ​ប្រកួតកីឡា​ទាញ​​ព្រ័ត្រ​ជ្រើស​រើស​ជើង​ឯក​​ទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ, និង​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី ទៅ​ចូល​រួម​ហ្វឹក​ហាត់ និង​​ប្រកួត​នៅ​ក្រៅ​ប្រទស។ យ៉ាង​ណា​ក៏​ដោយ ទិស​ដៅ​សំខាន់​ទាំង​២​ខាង​លើនេះ វា​ទាក់​ទង​ទៅ​នឹង​ការ​សម្រេច​របស់​ស្ថាប័ន​ជំនាញ​ទាំង​២​ ដែលគណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា បាន​​សំណូម​ពរ​ផង​ដែរ គឺ​​ទី​១ សហព័ន្ធ​​ស្នើ​សុំ NOCC ផ្តល់​កន្លែង​ដើម្បី​ធ្វើ​ទីតាំង​សហព័ន្ធ ទី​២ ស្នើ​សុំ​ក្រសួង​អប់រំ យុវជន និង​កីឡា មេត្តាបញ្ចូល​ប្រភេទកីឡា​ទាញ​ព្រ័ត្រ​ក្នុង​កម្ម​វិធី​សិក្សា​តាម​សាលា​រៀន ហើយ​ទី​៣ ស្នើ​សុំ​ក្រសួង មេត្តា​បញ្ជូល​ប្រភេទ​កីឡា​ទាញ​ព្រ័ត្រ ក្នុង​កម្ម​វិធី​ទាញព្រ័ត្រ ក្នុង​កម្ម​វិធី​ប្រកួត​ជើង​ឯក​ទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ៕

ss-3