ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ទ​រណ៍​នៅ​ថ្ងៃ​ទី​២១ មក​រា ២០១៦ បាន​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់ លោ​កន​ង សា​រិ​ទ្ធ និង​លោក​សុខ សំ​អៀន លើ​ករណី​ក្លែងបន្លំ​ឯកសារ​បង្ហោះ​តាម Facebook ថា ខេត្តស្វាយរៀង​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀត​ណាម ដោយ​សម្រេច​បដិសេធ និង​បន្ត​ឃុំខ្លួន​ជនសង្ស័យ​រង់ចាំ​សវនាការ​លើក​អង្គសេចក្តី​។

តុលាការ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បា​វិត​មួយ​រូប និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បា​វិត​មួយ​រូប ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ពាក់ព័ន្ធ​ការ​កែ​សំបុត្រ​កំណើត​ប្រជាពលរដ្ឋ​ថា ខេត្តស្វាយរៀង​ស្ថិត​ក្នុង​ប្រទេស​វៀតណាម រួច​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ២០១៦ បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ពោល​គឺ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដើម្បី​ឲ្យ​តុលា​ការ​​បន្ត​នីតិវិធី​ដល់​រឿង​អង្គសេចក្តី ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ជន​ត្រូវ​ចោទ តែ​ចំពោះ​មុខ​មេធាវី​ការពារ​សិទ្ធិ ។

លោក​សុខ សំ​អៀន អាយុ​៣៨​ឆ្នាំ ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បា​វិត និង​លោក ន​ង សា​រិ​ទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បា​វិត ត្រូវ​បាន​សមត្ថកិច្ច​ខេត្តស្វាយរៀង ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ និង​ត្រូវ​បាន​សាលាដំបូង​ខេត្តស្វាយរៀង ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ។

តុលាការ​បាន​អះអាង​ថា លោក​សុខ សំ​អៀន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​លោ​កន​ង សា​រិ​ទ្ធ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍ ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ចូលរួម​តាមដាន​ករណី​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោ​កន​ង សា​រិ​ទ្ធ និង​លោក​សុខ សំ​អៀន (​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បា​វិត ខេត្ត​ស្វាយរ​រៀង​)​។ ការ​ស្នើ​សុំ​នេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​រក្សា​តម្កល់​តាម​ការ​សម្រេច​របស់​តុលា​ការ​​ដំបូង​ខេត្តស្វាយរៀង​។

អ្នក​តាមដាន​នយោបាយ​បាន​និយាយ​ថា បទចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​២​រូប​នេះ ប្រហាក់​ហែល​នឹង​លោក​ហុង សុខ​ហូរ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រ​ង្ស៊ី​ដែរ​។ តាម​ច្បាប់ព្រហ្មទណ្ឌ និង​បទ​ចោទ​នេះ ប្រសិនបើ​តុលាការ​រក​ឃើញ​កំហុស​ជនជាប់ចោទ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៥​ដល់​១០​ឆ្នាំ​៕