ក្រុមហ៊ុន​យន្តហោះ​ជប៉ុន ចាប់ផ្តើម​ធ្វើការ​ហោះហើរ​ដោយ​ត្រង់ ទៅមក តូ​ក្យូ​-​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១​កញ្ញា​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ថា តាម​ព័ត៌មាន​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​យន្តហោះ​ជប៉ុន All Nippon Airway (ANA) នឹង​ចាប់ផ្តើម​ធ្វើការ​ហោះហើរ​ដោយ​ត្រង់ ទៅ​-​មក តូ​ក្យូ - ភ្នំពេញ - តូ​ក្យូ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ តទៅ​។​

​អ្នកនាំពាក្យ​បន្តថា ការហោះហើរ​តូ​ក្យូ​ភ្នំពេញ​នោះ ដោយ​ប្រើ​ប្រភេទ​យន្តហោះ B787-8 (C42/Y198) តាម​កម្មវិធី​ហោះហើរ​៖
Route​ ​Departure Time Arrival Time
Tokyo (Narita) – Phnom Penh 10:50​    ​15:10
Phnom Penh – Tokyo(Narita) 22:50​    ​06:45 (+1)​។​

​លោក​បាន​បន្តថា ការហោះហើរ​ដោយ​ត្រង់នេះ នឹង​បង្កើន​ចំនួន​អ្នកទេសចរ​ជប៉ុន​កាន់តែច្រើន ធ្វើដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដែលជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ ក៏ដូចជា អ្នកទេសចរ​កម្ពុជា ទៅ​ជប៉ុន​ផងដែរ​។

​សព្វថ្ងៃនេះ  កម្ពុជា និង​ជប៉ុន បាន​សម្រួល​គ្នា​ទៅវិញទៅមក​នូវ​ទិដ្ឋាការ​ចេញ​-​ចូល រយៈពេល​វែង​ពី ១​ឆ្នាំ រហូតដល់ ៣​ឆ្នាំ សម្រាប់អ្នកទេសចរ និង​អ្នកវិនិយោគ ដូចនេះ អ្នកទេសចរ​កម្ពុជា នឹង​បង្កើន​បន្ថែមទៀត នៃ​ការធ្វើដំណើរ​ទេសចរ​រ​បស់​ខ្លួន ទៅកាន់​ប្រទេស​ជប៉ុន​៕​

ក្រុមហ៊ុន​យន្តហោះ​ជប៉ុន ចាប់ផ្តើម​ធ្វើការ​ហោះហើរ​ដោយ​ត្រង់ ទៅមក តូ​ក្យូ​-​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១​កញ្ញា​