​គួរ​ផ្តល់​ឱកាស​ឲ្យ​កូន​របស់​អ្នកលេង​កំសាន្ត​ឲ្យបាន​ច្រើន​

​គួរ​ផ្តល់​ឱកាស​ឲ្យ​កូន​របស់​អ្នកលេង​កំសាន្ត​ឲ្យបាន​ច្រើន​

​អ្នកសិក្សា​ស្រាវជ្រាវ​ខាង​ផ្នែក​ខួរក្បាល បានបង្ហាញ​ថា​ការ​លេងល្បែង​កំសាន្ត ឬ​ធ្វើ​ចលនា​រាងកាយ គឺជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​ការរីកលូតលាស់​ផ្នែក​បញ្ញា​ស្មារតី​របស់​កុមារ​។ ជា​ឧទាហរណ៍ ការបង្រៀន​កុមារ​ឲ្យ​ចេះ​ជិះ​កង់ ឬ​ហែល​ទឹក គឺ​អាច​ជួយ​បង្កើន​រចនាសម្ព័ន្ធ​សសៃប្រសាទ ហើយ​នេះ​ក៏​ជា​ជំនាញ​ដែល​ពួកគេ​ត្រូវ​ចេះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ផងដែរ​។

​អ្នកជំនាញ​ផ្នែក​កុមារ​បាន​កំណត់​នូវ​អត្ថប្រយោជន៍​នៃ​ការលេង​កំសាន្ត​របស់​កុមារ ដូចខាងក្រោម​៖

១. ការវិវត្ត​ផ្នែក​រាងកាយ​
នៅពេល​ដែល​កូន​របស់​អ្នក ចាប់ផ្តើម​លេង​អ្វីមួយ នោះ​រាងកាយ​របស់​ពួកគេ​នឹង​ចាប់ផ្តើម រៀន​ធ្វើ​ចលនា​ផ្សេងៗ ដែល​នេះ​អាច​ជួយ​ឲ្យ​រាងកាយ​រឹងមាំ និង​ហ្វឹកហាត់​សកម្មភាព​បំនិន​ជីវិត​ផ្សេងៗ​។​

២. ការ​វ​វិត្ត​ផ្នែក​ចិត្តសាស្ត្រ និង​សង្គម​
នៅពេល​ដែល​កូន​របស់​អ្នក លេង​ជាមួយ​នឹង​ក្មេងៗ​ដទៃទៀត ដែល​ស្ថិត​ក្នុង​វ័យ​ស្របាលៗ​គ្នា នោះ​ពួកគេ​នឹង​អាច​រៀន​ស្គាល់ និង​ចែករំលែក​នូវ​បទពិសោធន៍​ផ្សេងៗ ក៏ដូចជា​ចេះ​ជ្រើសរើស មិត្ត​ដែល​មាន​ចំណង់​ចំណូលចិត្ត ឬ​អត្តចរិត​ស្រដៀង​ពួកគេ ។ ទន្ទឹមនឹងនេះ គេ​ក៏​មាន​ឱកាស​បាន​រៀន​ពី​សង្គម និង​ចេះ​បែងចែក​នូវ អ្វី​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លួនឯង និង​អ្នក​ដទៃ ដោយ​រៀន​យោគយល់ និង អធ្យាស្រ័យ​ចំពោះ​មនុស្ស​ជុំវិញខ្លួន​។​

៣. ការវិវត្ត​ផ្នែក​ប្រាជ្ញា​ស្មារតី​
សកម្មភាព​នៃ​ការគិត និង​ភាព​ឆ្នៃប្រឌិត​ផ្សេងៗ អាច​នឹង​កើតមាន អំឡុងពេល​នៃ​ការលេង​នេះ ។ ពួកគេ​នឹង​រៀន​ចេះដឹង នូវ​ការយល់ឃើញ​ចំពោះ​សកម្មភាព​ដែល​បាន​ធ្វើ ក៏ដូចជា​អាច​ធ្វើឲ្យ​ការ​ប្រើភាសា និង​ការចងចាំ​របស់​ពួកគេ បាន​ល្អ​ប្រសើរ​ផង​ដែរ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។