ព្រះកេស​និង​ព្រះ​កាយ​នៃ​បដិមា​ព្រះហិរហរៈ​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ

ព្រះកេស​របស់​ព្រះហរិហរៈ​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ភ្នំ​ដា ខេត្ត​តាកែវ ហើយ​បាន​រសាត់​អណ្ដែត​ដល់​សារមន្ទីរ ហ្គីម៉េ (Guimet) ប្រទេស​បារាំង អស់​រយៈពេល​ជាង ១៣០​ឆ្នាំ​នោះ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា និង​បាន​ធ្វើ​ពិធី​ត​ភ្ជាប់​ជាមួយ​ព្រះ​កាយ​ឡើង​វិញ​ហើយ។ ពិធី​ត​ភ្ជាប់​ព្រះកេស និង​ព្រះ​កាយ​នៃ​រូប​បដិមា​ព្រះ​ហរិហរៈ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មករា នៅ​សារមន្ទីរ​ជាតិ​កម្ពុជា។

ការ​រួបរួម​ព្រះកេស និង​ដង​ខ្លួន​ព្រះ​ហរិហរៈ​ដែល​ឃ្លាត​គ្នា​ជាង​មួយ​សតវត្ស​មក​ហើយ​នោះ​វិញ គឺ​កើត​ចេញ​ពី​ការ​រួបរួម​សហការ​គ្នា​រវាង​កម្ពុជា និង​បារាំង ដែល​ផ្អែក​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ប្ដូរ​បញ្ញើ​វត្ថុ​សិល្បៈ ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកស្រី ភឿង សកុណា មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ប្ដូរ​បញ្ញើ​វត្ថុ​សិល្បៈ​នេះ​ហើយ ដែល​អនុញ្ញាត​ឲ្យ​ព្រះ​សិរ្ស និង​ដង​ខ្លួន​ព្រះ​ហរិហរៈ បាន​ជួប​ជុំ​គ្នា​នៅ​កម្ពុជា​វិញ ហើយ​ក៏​ជា​ថ្នូរ​ដែល​កម្ពុជា អនុញ្ញាត​ឲ្យ​ជើង​ទម្រ និង​បដិមា​នាង​ឧមារាំ បាន​ជួប​ជុំ​គ្នា​នៅ​សារមន្ទីរ​សិល្បៈ​អាស៊ីហ្គីម៉េ ប្រទេស​បារាំង ដែរ។

​ទន្ទឹម​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ដែរ​ថា ការ​ត​ភ្ជាប់​ព្រះកេស និង​ព្រះ​កាយ​ព្រះ​ហរិហរៈ​នេះ គឺ​មាន​តម្លៃ​ប្រៀប​បាន​នឹង​ការ​ប្រមូល​មក​នូវ​ព្រលឹង​របស់​វប្បធម៌​ជាតិ និង​ព្រលឹង​របស់​អាទិទេព ឲ្យ​ជួបជុំ​គ្នា​ឡើង​វិញ ក្រោយ​ពី​បែក​គ្នា​ដោយ​មហន្តរាយ​ផ្សេងៗ៖ «»។

​ក្រោយ​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​សុន្ទរកថា​ស្វាគមន៍​រួច​ហើយ​នោះ របាំ​បួងសួង និង​ភ្លេង​សាធុការ​នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ក៏​ចាប់​ផ្ដើម ដើម្បី​ធ្វើ​ពិធី​លើក​យក​ព្រះកេស​ទៅ​ត​ភ្ជាប់​នឹង​ព្រះកាយ​ព្រះ​ហរិហរៈ​ភ្នំ​ដា៖ «»។

​រូប​បដិមា​ហរិហរៈ ត្រូវ​បាន​កសាង​ឡើង​អំពី​ថ្ម​ភក់ ដែល​មាន​ទម្រង់​ឈ​ស្លៀក​សំពត់​ខ្លី​ចងក្បិន ហើយ​មាន​ព្រះហស្ត​បួន ប៉ុន្តែ​នៅ​សល់​ព្រះហស្ត​តែ​ពីរ​ប៉ុណ្ណោះ​ដែល​ខាង​ឆ្វេង​កាន់​ដំបង និង​ស្ដាំ​កាន់​គ្រាប់​អង្កាំ និង​មាន​ព្រះនេត្រ​បី។ ចំណែក​ព្រះ​កេស​វិញ គឺ​ផ្នែក​ខាង​ស្ដាំ​មាន​ផ្នួង​សក់​ធំ រី​ឯ​ខាង​ឆ្វេង​គឺ​ពាក់មួក​បំពង់។

ព្រះ​កេស​ព្រះ​ហរិហៈ ២០១៦ ៨៥៥
ព្រះ​កេស​របស់​ព្រះ​ហរិហរៈ ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ភ្នំ​ដា ខេត្ត​តាកែវ ហើយ​បាន​រសាត់​អណ្ដែត​ដល់​សារមន្ទីរ ហ្គីម៉េ (Guimet) ប្រទេស​បារាំង អស់​រយៈពេល​ជាង ១៣០​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា និង​បាន​ធ្វើ​ពិធី​ត​ភ្ជាប់​ជាមួយ​ព្រះ​កាយ​ឡើង​វិញ​នា​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya

​តាម​ទេវកថា គឺ​ព្រះ​ហរិហរៈ គឺ​ជា​និមិត្តរូប​នៃ​ការ​បង្រួម​ចូល​គ្នា​រវាង​ព្រះឥសូរ និង​នារាយណ៍ ដែល​គេ​ជឿ​ថា ការ​រួប​រួម​គ្នា​នេះ នាំ​ឲ្យ​មាន​សន្តិភាព និង​ឯកភាព​គ្នា​រវាង​អ្នក​កាន់​និកាយ​ទាំង​ពីរ។ រូប​បដិមា​ព្រះ​ហរិហរៈ​ជា​វត្ថុ​សក្ការៈ និង​ជា​សិល្បៈ​ដ៏​ប្រណិត​របស់​ខ្មែរ​ក្នុង​រចនាបថ​ភ្នំ​ដា នា​សតវត្ស​ទី​៦ ដល់​ទី​៧ ដែល​រង​ការ​ខូចខាត​ផ្នែក​ខ្លះ​នេះ កំពុង​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ។

​និស្សិត​សកល​វិទ្យាល័យ​ភូមិ​វិចិត្រ​សិល្បៈ​ផ្នែក​បុរាណវិទ្យា ឈ្មោះ​ ពីង ស្រីណុច សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​មរតក​ដ៏​មាន​តម្លៃ​របស់​កម្ពុជា នេះ។ ទោះ​យ៉ាង​ណា កញ្ញា​ថា ចំនួន​វត្ថុ​បុរាណ​ដែល​ត្រឡប់​មក​កម្ពុជា វិញ នៅ​តិចតួច​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ត​កិច្ច​ការ​នាំ​យក​វត្ថុ​បុរាណ​ពី​បរទេស​មក​វិញ៖ «»។

​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នៅ​មាន​រូបចម្លាក់​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត កំពុង​ដាក់​តាំង​បង្ហាញ​នៅ​តាម​សារមន្ទីរ​នានា​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក រួម​មាន​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក ជាដើម។ បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា កំពុង​ស្នើ​សុំ​ឲ្យ​សារមន្ទីរ​ទាំង​ឡាយ​ពិចារណា​ប្រគល់​វត្ថុ​បុរាណ​ទាំង​ឡាយ​របស់​កម្ពុជា ដែល​ត្រូវ​បាន​លួច​ក្រោយ​ឆ្នាំ​១៩៧០ មក​កម្ពុជា​វិញ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក មាន​រូប​បដិមា​ចំនួន​៦​ហើយ​ដែល​កម្ពុជា នាំ​យក​មក​វិញ បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា និង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់។ រូប​បដិមា​ទាំង​នោះ រួម​មាន​រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មក​ពី​សារមន្ទីរ​ស៊ុតប៊ីស៍ (Sotheby) ក្រុង​ញីវយ៉ក។ រូប​បដិមា​ភីម មក​ពី​សារមន្ទីរ ន័រតុន ស៊ីមុន (Norton Simon) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប​បដិមា​ពលរាម មក​ពី​សារមន្ទីរ គ្រីសធី (Christie) ក្រុង​ញីវយ៉ក។ រូប​បដិមា ២​ទៀត ជា​រូប​ទ្វារបាល ឬ​ឆ្មាំទ្វារ​លុតជង្គង់ ធ្វើ​អំពី​ថ្ម​ភក់ មក​ពី​សារមន្ទីរ ម៉េត្រូប៉ូលីថេន (Metropolitan ) ក្រុង​ញីវយ៉ក និង​បដិមា​ហនុមាន ត្រឡប់​មក​ពី​សារមន្ទីរ​វិចិត្រ​សិល្បៈ ក្លីវវឺឡែន (Cleveland) ហើយ​ចុង​ក្រោយ​នេះ គឺ​ព្រះ​កេស​ព្រះ​ហរិហរៈ​មក​ពី​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គីម៉េ ប្រទេស​បារាំង។

អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់​និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​វត្ថុ​បុរាណ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំង​ឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។ ប្រទេស​ជា​ហត្ថលេខី​ដែល​ទទួល​ស្គាល់​អនុសញ្ញា​នេះ សរុប​ចំនួន ១២៨​ប្រទេស។ ក្នុង​នោះ​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៧២ ចំណែក​បារាំង បាន​ទទួល​យក​អនុសញ្ញា​នេះ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៩៧។

នៅ​ក្នុង​ពិធី​ត​ភ្ជាប់​ព្រះ​កេស និង​ដង​ខ្លួន​នៃ​ព្រះ​ហរិហរៈ​នោះ ក៏​មាន​ពិធី​ធំ​មួយ​ទៀត​ដែរ គឺ​ការ​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ការ​បញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ដែរ។

​ល្បែង​ទាញព្រ័ត្រ គឺ​ជា​ល្បែង​ដែល​គេ​លេង​ជា​សមូហភាព​ប្រើ​កម្លាំង​រួម​គ្នា​ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​ជា​ក្រុម​រវាង​ក្រុម​ពីរ។ ល្បែង​ប្រភេទ​នេះ មិន​មែន​មាន​តែ​នៅ​ស្រុក​ខ្មែរ​នោះ​ទេ។

តាំងពី​ឆ្នាំ​២០១៣ មក មាន​ប្រទេស​៤ គឺ​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង​ហ្វីលីពីន ដែល​មាន​ល្បែង​នេះ បាន​រួម​គំនិត​គ្នា ស្នើ​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ។ គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ចុះ​ល្បែង​ទាញព្រ័ត្រ​តាម​ការ​ស្នើ​សុំ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​វីនហឹក (Windhoek) ប្រទេស​ណាមីប៊ី (Namibia)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។