លោក ហ៊ុន សែន ព្រមាន​អ្នក​ប្រមាថ​ជីវិត​លោក​ឲ្យ​ឈប់​ប្រឌិត​រឿង​ទាក់ទង​រូប​លោក

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​​អ្នក​ប្រមាថ​ជីវិត​លោក អោយបោះបង់​ការប្រឌិតពត៌មាន​ទាក់​ទង​នឹង​រូបលោក។

លោក ហ៊ុន សែន បាន​ផ្ញើសារតាម​ហ្វេសប៊ុក(Facebook)របស់​លោកថា អ្នកដែល​ប្រឌិតព័ត៌មាន​ថាលោក​ស្លាប់​នៅ​ក្នុង​ពេល​លោកកំពុង​ពិនិត្យសុខភាព​នៅ​ប្រទេស​សិង្ហបុរីនោះ​គឺ​ជាកូនចៅ​របស់​ជន​ពាល។

លោក ហ៊ុន សែន សរសេរ​បន្ត​ថា អ្នកនោះជាសកម្មជន​គណបក្ស​នយោបាយ​​ ដែល​មេដឹកនាំ​របស់​ខ្លួន​ជាជនពាល ជាជនបោកប្រាស់​អាជីព ហ្វឹកហ្វឺន​តាមរបៀប​ក្មេងពាល ដែល​សង្គម​ស្អប់ខ្ពើម​។ លោក​ថា ពេលមាន​បញ្ហា​អ្នក​នោះ​ឯង​តែង រត់​ចោល​ស្រុក និង​ទុក​ឱ្យ​ថ្នាក់​ក្រោម​ជាប់​គុក​ជំនួស។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នៅ​ស្របពេលដែល​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ បន្ទាប់​ពី​លោក​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ប្រទេស​សិង្ហបុរី។

លោក ហ៊ុន សែន បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បានវិលត្រឡប់​មក​វិញ ជាមួយ​នឹង​សុខភាព​រឹងមាំ​ផង​ដែរ។ ​លោក​បន្ត​ថា មាន​ឯកសារ​ច្រើន​ណាស់​ដែល​រង់ចាំ​លោក​ពិនិត្យ និង​សម្រេច បន្ទាប់​ពី​លោក​អវត្តមាន​ចំនួន​៤​ថ្ងៃ​នេះ។

កាល​ពី​ថ្ងៃ​ទី១៨ មករា លោក ហ៊ុន សែន បាន​ទៅ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​របស់​លោក នៅ​ប្រទេស​សិង្ហបុរី តាម​ការ​ណែនាំ និង​ស្នើ​ពី​គ្រូពេទ្យ​ខ្មែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ ដែល​ពេទ្យ​កម្ពុជា​ខ្វះ​ឧបករណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។