ពលរដ្ឋ​៤៣​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​មិន​ព្រម​ទទួល​យក​សំណង

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ផ្ដល់​សំណង​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គ្រួសារ ជូន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤៣​គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត។ ការ​ផ្ដល់​សំណង​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​ដោះស្រាយ​រឿង​ដីធ្លី​នៅ​សាលា​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ​មករា ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​នោះ​ឡើយ។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា សំណង​ថវិកា​ចំនួន ១​ពាន់​ដុល្លារ​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​នោះ តិចតួច​ពេក ដោយសារ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​មិន​អាច​យក​ទៅ​ទិញ​ដី​កន្លែង​ផ្សេង ដើម្បី​សាងសង់​លំនៅឋាន​បាន​នោះ​ទេ។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដី ៤៣​គ្រួសារ លោក អ៊ិត ស៊ីម ឲ្យ​ដឹង​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ចេញ​ពី​ប្រជុំ​ថា ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ខ្លះ​តាំង​លំនៅ​លើ​ដី​ទំហំ ២៦​ម៉ែត្រ​គុណ ១០០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត នៅ​ឆ្នាំ​១៩៩៣ និង​ខ្លះ​ទៀត​នៅ​ឆ្នាំ​២០០៧ រហូត​មក។ លោក​អះអាង​ថា ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មក គឺ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ចំនួន​ពីរ​លើក​មក​ហើយ ដោយ​ពុំ​បាន​សំណង​នោះ​ទេ ក្រោម​ហេតុផល​ថា ពួក​គាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ដោយ​ខុស​ច្បាប់។ លោក​ថា ពួក​គាត់​រស់នៅ​លើ​ដី​នោះ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ពុំ​ដឹង​ថា ការ​រស់នៅ​លើ​ដី​នោះ​ខុស​ច្បាប់​ទេ។ លោក​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គាត់​ចេញ​ពី​ដី​នោះ គឺ​អាជ្ញាធរ​ត្រូវ​ផ្ដល់​សំណង​ឲ្យ​ពួក​គាត់​ចំនួន ២​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គ្រួសារ៖ «ពួក​ខ្ញុំ​ទារ​សំណង​ចំនួន ២​ពាន់​ដុល្លារ​នេះ មិន​ច្រើន​ទេ ព្រោះ​ដើម្បី​យក​ទៅ​បង់​រំលស់​ដី​ឡូត៍​គេ​សង់​លំនៅឋាន​ថ្មី»

ការ​ប្រជុំ​ដោះស្រាយ​រឿង​ដីធ្លី​នេះ ក្រោម​អធិបតីភាព​លោក​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ គឺ​លោក លី សារី ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ចូលរួម​ជាង ១០​នាក់។ អាជ្ញាធរ​ខេត្ត បាន​សម្រេច​ផ្ដល់​ប្រាក់​សំណង​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គ្រួសារ​ជូន​ពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ដី​នោះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី លោក លី សារី បាន​ទេ​នៅ​ថ្ងៃ​ទី​២១ មករា ដោយ​លោក​មាន​ប្រសាសន៍​ថា ជាប់​រវល់​ប្រជុំ។

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​សញ្ញា​ល្អ​មួយ ដែល​អាជ្ញាធរ​ខេត្ត​យក​ការ​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ជា​ជាង​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ដោយ​បង្ខំ​នោះ។ យ៉ាង​ណា​លោក​ថា អាជ្ញាធរ​ក៏​គួរ​សិក្សា​ការ​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​ពួក​គាត់​ក្រីក្រ ពុំ​មាន​ប្រាក់​ទិញ​ដី​សង់​លំនៅឋាន​ថ្មី​នោះ​ទេ៖ «អាជ្ញាធរ​កុំ​ឲ្យ​ស្តុក​ទុក​សំណុំ​រឿង​របស់​ពលរដ្ឋ​ក្នុង​សាលា​ខេត្ត បែរ​ទៅ​ជា​មិន​ដោះស្រាយ ហើយ​ចោទ​ពលរដ្ឋ​ថា​ជន​អនាធិបតេយ្យ នៅ​ពេល​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ពួក​គាត់​នោះ។

យ៉ាង​ណា​ក៏ដោយ ការ​ប្រជុំ​ពិភាក្សា​ដោះស្រាយ​រឿង​ដីធ្លី​នេះ ពុំ​ទាន់​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ ដោយសារ​ប្រជាពលរដ្ឋ​ទាមទារ​សំណង​ចំនួន ២​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ អាជ្ញាធរ​ខេត្ត បញ្ជូន​រឿង​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​ច័ន្ទ ទី​២៥ មករា បន្ត​ទៀត។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បង្ហាញ​ថា ករណី​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ជិត ៣០០​ករណី មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។