កម្ពុជា និងថៃ ជួបពិភាក្សាគ្នា លើប្លង់សាងសង់ ស្ពានច្រកទ្វារព្រំ

ប៉ៃលិន៖ ក្រុមការងារបច្ចេកទេសស្ពានថ្នល់ខេត្តប៉ៃលិនដឹកនាំដោយលោកឌិនគឹមប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី20ខែមករាឆ្នាំ2016ម្សិលមិញនេះបានជួបប្រជុំពិភាគ្សាជាមួយក្រុមការងារបច្ចេកទេសស្ពានថ្នល់ខេត្តចាន់ថបូរីប្រទេសថៃដែលដឹកនាំដោយលោកអភិបាលស្រុកពោងណាំរ៉នដើម្បីពិភាគសារគ្នាឯកភាពលើការកំណត់ប្លង់បច្ចេកទេសកសាងស្ពានឆ្លងកាត់អូរព្រំដែនកម្ពុជានិងថៃច្រកទ្វារអន្តរជាតិព្រំស្ថិតក្នុងភូមិផ្សាព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន៕ ដោយឡែកខាងប្រទេសថៃគឺច្រកទ្វារអន្តរជាតិបានប៉ាកាដ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់ថ:បុរី ប្រទេសថៃ។

លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា កន្លងមកក្រសួងសាធារណៈការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា+ថៃ ធ្លាប់ធ្វើការជួបពិភាក្សាគ្នា នៅប្រទេសម៉ាឡេស៊ី ដែលកាលនោះក្រសួងសាមីបានសម្រេចតាមកិច្ចព្រមព្រៀងហើយ នៅតែភាគីនៃខេត្តទាំងពីរមិនទាន់មានឱកាសជួបពិភាក្សាគ្នា ទើបតែពេលនេះជាឱកាសមួយ ដែលភាគីប្រទេសទាំងពីរគឺខេត្តប៉ៃលិននៃព្រះរាជណាចក្រកម្ពុជា និងខេត្តចាន់ថ:បុរី នៃព្រះរាជាណាចក្រថៃ បានជួបគ្នាពិភាក្សាបន្ថែមលើការងារបច្ចេកទេសដើម្បីសម្រេច និងឯកភាពគ្នាលើប្លង់គម្រោងសាងសង់ស្ពានមិត្តភាពមួយនេះនាពេលឆាប់ៗខាងមុខ។

លោក បានបញ្ជាក់ថាៈ ចំពោះប្លង់គំរោងសាងសង់ស្ពាននេះក្នុងនាមជាមន្ត្រីជំនាញស្ពានថ្នល់ខេត្តប៉ៃលិន បានឯកភាពលើគំរោងនេះ ហើយលោកលើកយកបញ្ហានេះទៅរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តប៉ៃលិន ដើម្បីសំរេចការងារនេះ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃដែលបានសហការគ្នាល្អក្នុងការសាងសង់ស្ពានមិត្តភាពនៅច្រកអន្តរជាតិព្រំ នេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋខេត្តប៉ៃលិន ជាមួយថ្នាក់ដឹកនាំ ប្រជាជនខេត្តចាន់ថ:បុរី បានកាន់តែល្អប្រសើឡើង ។

យោងតាមកិច្ចព្រមព្រៀងរវាងភាគីកម្ពុជានិងភាគីថៃកន្លងមកបានកំណត់ធ្វើស្ពានឆ្លងកាត់អូរព្រំដែននៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិននិងច្រកទ្វាអន្តរជាតិបានប៉ាកាដ ខេត្តចាន់ថ:បុរី ដើម្បីងាយស្រួលដល់ការធ្វើដំណើរ និងដឹកទំនិញឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា+ថៃ បានយ៉ាងឆាប់រហ័ស។ជាក់ស្តែងពេលនេះខាងភាគីថៃបានបង្ហាញប្លង់មេអំពីគម្រោងកសាងស្ពាននេះ ដោយភាគីថៃបានសម្រេចទទួលការសាង និងចំណាយថវិកាសាងសង់ស្ពាននេះទាំងស្រុងដែលមានបណ្តោយប្រវែង ៤០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយថវិកាចំនួនជាង ៣៧ម៉ឺនដុល្លារអាមេរិក និងចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ បើសិនមានការឯកភាពគ្នាទាំងស្រុងលើប្លង់សាងសង់ ហើយចំពោះសេចក្តីសម្រេចយ៉ាងណានោះថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ត្រូវជួបពិភាក្សាសម្រេចជាថ្មីម្តងទៀតនៅខេត្តចាន់ថបុរី ក្នុងអំឡុងពេលជួបប្រជុំពិភាក្សាការងារក្នុងចុងសប្តាហ៍នេះផងដែរ៕