សម្ពោធ​ប្រឡាយ​ដូន​កែវ​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើ​ជា​ប្រយោជន៍​ក្នុង​វិស័យ​កសិកម្ម​

​សៀមរាប​៖ ប្រឡាយ​ដូន​កែវ ដែល​ឆ្លងកាត់​ភូមិ​៦ ក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​២១ មករា​នេះ​។ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ រំពឹងថា ពួកគេ​នឹង​ទាញ​ប្រយោជន៍​ច្រើន​ពី​ប្រឡាយ​មេនេះ ដើម្បី​បម្រើ​លើ​វិស័យ​កសិកម្ម ដែលជា​វិស័យ​មួយ​យ៉ាងសំខាន់​ជីវភាព​រស់នៅ​របស់​ពួកគេ​។​

​បើតាម​គម្រោង ប្រឡាយ​ដូន​កែវ អាចមាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​កសិកម្ម​បាន​ប្រមាណ​ជាង​មួយ​ពាន់​ហិកតា​។ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ប្រទេស​ញ៉ូ​ហ្សឺ​លែ​ន រៀបចំ​គម្រោង​មួយ​ឈ្មោះថា «​អាចារ្យ​»​។ គម្រោង​អាចារ្យ​នេះ បានចាប់ផ្តើម​ស្តារ​ប្រឡាយ​ដូន​កែវ ជា​ប្រព័ន្ធ​ប្រឡាយ​បុរាណ តាំងពី​ឆ្នាំ​២០១២ នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​ក្នុង​ពិធី​សម្ពោធ​បើកទ្វារ​ទឹក​ប្រឡាយ​ដូន​កែវ លោក ហង់ ពៅ អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​ការស្តារ​ប្រឡាយ​ដូន​កែវ​នេះ គឺ​ក្នុង​បំណង​បញ្ចៀស​ទឹកជំនន់​ក្នុង​ទីក្រុង​សៀមរាប​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុងន័យ​ដូចគ្នានេះ គម្រោង​នេះ ក៏បាន​គិតគូរ​លើ​ការប្រើប្រាស់​ទឹក​ក្នុង​ប្រឡាយ ដើម្បី​ប្រជាពលរដ្ឋ​ផងដែរ​។ លោក ហង់ ពៅ បន្ថែមថា ប្រឡាយ​ដូន​កែវ គឺអាច​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​គ្រប់គ្រាន់ ប្រើប្រាស់ និង​បង្កបង្កើន​ផលដំណាំ​កសិកម្ម ជាពិសេស​ក្នុង​រដូវប្រាំង​បាន​យ៉ាង​ងាយស្រួល​។ កាលពីមុន​នៅពេល​រដូវប្រាំង​ម្តងៗ អ្នក​ឃុំ​ដូន​កែវ ពុំមាន​ទឹក​សម្រាប់​ដាំ​ដំណាំ និង​ធ្វើស្រែ​នោះឡើយ​។​
សម្ពោធ​ប្រឡាយ​ដូន​កែវ​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើ​ជា​ប្រយោជន៍​ក្នុង​វិស័យ​កសិកម្ម​

​គម្រោង​អាចារ្យ នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​បន្លែ ដែលជា​តម្រូវ​ការចាំបាច់​មួយ សម្រាប់​ទីក្រុង​សៀមរាប​។ សព្វថ្ងៃនេះ កសិករ​ក្នុង​ខេត្ត​មួយ​នេះ មិនទាន់មាន​លទ្ធភាព​អាច​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​នៅតាម​បណ្តា​សណ្ឋាគារ ឫ​ភោជនីយដ្ឋាន​បាន​នៅឡើយ ខណៈ​បន្លែ​សព្វថ្ងៃនេះ ភាគច្រើន​នាំចូល​ពី​ប្រទេសជិតខាង​។ គម្រោង​អាចារ្យ នឹង​ធ្វើការ​ចងក្រង​ក​សិ​ករ​ជា​ប្រព័ន្ធ ដើម្បី​បណ្តុះបណ្តាល​លើ​វិស័យ​កសិកម្ម​។​

​មេឃុំ​ដូន​កែវ លោក ស្វាយ ហង់ បាន​ស្វាគមន៍​ចំពោះ​វត្តមាន​ប្រឡាយទឹក​ដូន​កែវ ក្នុង​មូលដ្ឋាន​របស់លោក​។ លោក ស្វាយ ហង់ អះអាងថា ប្រឡាយទឹក​នេះ នឹង​អាចជួយ​លើកកម្ពស់​ជីវភាព​អ្នកភូមិ​របស់លោក ឲ្យ​កាន់តែ​ប្រសើរឡើង ក្នុងនោះ​ផងដែរ លោក​នឹង​ជំរុញ​ឲ្យ​អ្នកភូមិ ជួយ​រួម​ក្នុង​គម្រោង​អាចារ្យ ដើម្បី​រៀន​ពី​បច្ចេកទេស​ផ្សេងៗ​ក្នុង​វិស័យ​កសិកម្ម​។​

​ប្រឡាយ​ដូន​កែវ គឺជា​ប្រឡាយ​បុរាណ និង​ដែល​បាន​កសាងឡើង​អំឡុង​ស​.​វ​ទី​១២ ហើយ​វា​ជា​ប្រព័ន្ធគ្រប់គ្រង​ទឹក​យ៉ាងសំខាន់​ក្នុងសម័យ​នោះ​។ ប្រឡាយ​ដូន​កែវ ដែលមាន​ប្រវែង​៥២ គីឡូម៉ែត្រ មាន​ប្រព័ន្ធ​ចេញពី​ស្ទឹង​ទាំង​៤​របស់​ខេត្តសៀមរាប ក្នុងនោះ​មាន​ស្ទឹង​សៀមរាប ស្ទឹង​រលួស ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក​។ បច្ចុប្បន្ន​ក្នុង​គម្រោង​អាចារ្យ ប្រឡាយ​នេះ​ត្រូវបាន​ស្ថា​រ និង​ជួសជុល​បាន​ជាង ៣៨​គីឡូម៉ែត្រ​ហើយ​។ អាច​និយាយបានថា ប្រឡាយ​ដូន​កែវ គឺជា​អាយុជីវិត​របស់​អ្នក​ឃុំ​ដូន​កែវ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​