ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១​មក​រា​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​នាំ​ខ្លួន​បុរស​២​នាក់​ដែល​អះអាង​ថា ម្នាក់​ជា​មេការ និង​ម្នាក់​ជា​អនុប្រធាន​ផ្សារ​ទំនប់ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​មាន​ដីការ​ឲ្យ​ឃុំ ចោទប្រកាន់​បុរស​២​នាក់​នោះ​ពី​បទ​គំរាមកំហែង ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ និង​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ឆ្នោត​កន្ទុយលេខ​) ។

បុរស​ដែល​ត្រូវ​ឃុំខ្លួន​ម្នាក់​ឈ្មោះ សេង សុខ​នី អាយុ​៣៧​ឆ្នាំ និង​ម្នាក់​ឈ្មោះ គឹ​ម ប៊ុ​ន​អាន អាយុ​៣៧​ឆ្នាំ ។

ទាក់ទិន​និង​ការ​ឃុំខ្លួន​បុរស​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោក ហេង ធា មេធាវី​ការពារ​ឲ្យ​ក្រុមហ៊ុន​ញូ​វរិ​ច ខេ​ម​បូ​ឌា ឲ្យ​ដឹង​ថា កន្លង​ទៅ​ក្រុមហ៊ុន​បាន​ជួល​ទីតាំង​ផ្សារ​នេះ​ឲ្យ​ទៅ​លោក អ៊ួ​ន សេដ្ឋា​នូ តែ​ដល់​ពេល​នេះ​បាន​ផុត​កុងត្រា​ក្រុមហ៊ុន​បាន​ដក​វិញ ។ ក្រោយ​ពី​ក្រុមហ៊ុន​ដក​យក​ទីតាំង​ផ្សារ​ទំនប់​ដោយ​ចប់​អាណត្តិ​ជាមួយ​លោក អ៊ួ​ន សេដ្ឋា​នូ តែ​ទោះជា​យ៉ាងណា​ក្រុមហ៊ុន​បាន​ទុក​ពេល​ឲ្យ​អាជីវករ​លក់ដូរ​រយៈពេល​១​ខែ​ក្នុង​ខែមករា​នេះ​មិន​គិតថ្លៃ​តូប​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​អាជីវករ​មួយ​ក្រុម​តូច​បាន​មាន​បញ្ហា ។

លោក​មេធាវី ហេង ធា បន្ត​ថា ក្រុមហ៊ុន​បាន​អនុវត្ត​តាម​ផ្លូវច្បាប់ ក្នុង​នាម​ក្រុមហ៊ុន​ជា​ម្ចាស់​កម្មសិទ្ធិ​ទីតាំង ដូច្នេះ​កាលពី​ថ្ងៃ​ទី​២០​មក​រា ក្រុមហ៊ុន​បាន​ទៅ​ត​ភ្លើង​ឲ្យ​អាជីវករ​លក់ដូរ​ឡើង​វិញ តែ​ក្រុម​អាជីវករ​មួយ​ចំនួន​តូច​បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​ក្រុមហ៊ុន​ដែល​ទៅ​ត​ភ្លើង រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថា មាន​ក្រុម​អាជីវករ​ត្រូវ​របួស​ស្នាម ។ ពេល​នោះ​នគរបាល​មូលដ្ឋាន​ក៏​នៅ​ទីនោះ​ដែរ និង​បានឃើញ​ហេតុការណ៍ ព្រមទាំង​ជួយ​អន្តរាគមន៍​ទៀត​ផង ដូច្នេះ​ឥឡូវនេះ សមត្ថកិច្ច​កំពុង​ទៅ​ពិនិត្យ​មើល​នៅ​មន្ទីរពេទ្យ ដែល​ថា អាជីវករ​ម្នាក់​ណា​រង​របួស​នោះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕