កិច្ចចរចា​សន្តិភាព​ស៊ី​រី​ពឹង​ផ្អែកលើ​មហាអំណាច​អាមេរិក និង​រុស្ស៊ី​

​កិច្ចចរចា​សន្តិភាព​នៅ​ស៊ី​រី​ដែល​កំណត់​រៀបចំឡើង​នៅ​ថ្ងៃ ២៥​ខែមករា​ខាងមុខនេះ​នៅ​ទីក្រុង​ហ្សឺ​ណែវ​អាច​នឹងត្រូវ​ពន្យារពេល​។ បញ្ហា​ចម្រូងចម្រាស​ដែល​រាំងខ្ទប់​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​ស៊ី​រី នៅពេលនេះ គឺ​ភាគី​ដែល​ចូលរួម​ក្នុង​កិច្ចចរចា​។ មហាអំណាច​រុស្ស៊ី​និង​អាមេរិក​កំពុង​ទាស់ទែង​ខ្វែងគំនិត​គ្នា​រឿង​តើ​អ្នកណា​នឹង​តំណាង​ឲ្យ​ក្រុមប្រឆាំង​ដែល​ត្រូវ​ចូល​តុ​ចរចា​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្រោយ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​គូស​ផែន​សន្តិភាព​សម្រាប់​ប្រជាជាតិ​ស៊ី​រី  កិច្ចចរចា​សន្តិភាពរ​វាង​ភាគី​ជម្លោះ​ស៊ី​រី​ត្រូវគេ​កំណត់​នៅ​ថ្ងៃ ២៥​មករា​ឆ្នាំ ២០១៦ ហើយ​កិច្ចចរចា​នេះ​ត្រូវ​រៀបចំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​។ ប៉ុន្តែ​គេ​កំពុង​បារម្ភ​ថា កិច្ចប្រជុំ​អាច​នឹងត្រូវ​ពន្យារពេល ព្រោះតែ​មហាអំណាច​នៅ​ពីក្រោយ​ភាគី​ជម្លោះ​មាន​អាមេរិក និង​រុស្ស៊ី មិនទាន់​រក​ចំណុច​រួមគ្នា​ឃើញ​ជុំវិញ​ក្រុម​ដែល​តំណាង​ឲ្យ​ភាគី​ចូល​ចរចា​។  កាលពីមុន ចំណុច​ចម្រូងចម្រាស​បំផុត​គឺ​តួនាទី​របស់លោក បា​សា អាល់​អាសាដ​ក្នុងសម័យ​អន្តរកាល មិនមែន​ភាគី​ចរចា​ឡើយ​។​

​ម្សិលមិញ  ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃេ​រី បាន​ជួប​ជាមួយ​សម​ភាគី​លោក លោក  Sergei Lavrov នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​មុន​កិច្ចចរចា​សន្តិភាព​មក​ដល់​។ ក្រោយ​ជំនួប ភាគី​ទាំងពីរ​នៅតែ​មិនអាច​រក​ចំណុចរួម​គ្នា​ឃើញ​ទេ​ជុំវិញ​បញ្ជី​អ្នកចូលរួម​ក្នុង​តុ​ចរចា ប៉ុន្តែ​មន្ត្រី​ទូត​ទាំងពីរ​ប្តេជ្ញា​ថា ការចរចា​នឹងត្រូវ​បន្តទៅ​មុខ​ទោះ​អាច​យឺត​ជាង​ការរំពឹងទុក​ក៏ដោយ​។ តែ​យ៉ាងហោចណាស់​រុស្ស៊ី​យល់ព្រម​ជួយ​ដោះស្រាយ​បញ្ហា​ជំនួយ​មនុស្សធម៌​ដែល​ត្រូវ​ផ្តល់​ឲ្យ​ប្រជាជន​ស៊ី​រី​ដែល​កំពុង​ខ្វះ​ជំនួយ និង​អត់ឃ្លាន​នៅ​តំបន់ មួយចំនួន​ដូចជា​Madaya​។​

 ជុំវិញ​បញ្ហា​នេះ បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោក Staffan de Mistura បានបង្ហាញ​ក្តីបារម្ភ ព្រោះ​ដរាបណា​គ្មាន​កិច្ចព្រមព្រៀង​ស្តីពី​អ្នកចូលរួម អង្គការសហប្រជាជាតិ​មិនអាច​ចេញ​លិខិតអញ្ជើញ​ភាគី​ឲ្យ​មក​ចរចា​ឡើយ​។​

១.​ក្រុមប្រឆាំង​រដ្ឋាភិបាល ឬ​ក្រុម​ភេរវជន​ត្រូវ​ចូល​តុ​ចរចា​?
​ជំនួប​ម្សិលមិញ គ្មាន​ឡើយ​កិច្ចព្រមព្រៀង​រួម​រវាង​លោក ច​ន ឃេ​រី និង​លោក Sergei Lavrov ស្តីពី​ភាគី​តំណាង​ក្រុម​ឧទ្ទាម​ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ស៊ី​រី ។ លោក Lavrov បាន​ថ្លែងប្រាប់​លោក ឃេ​រី​ថា លោក​គ្មាន​ចេតនា​បង្អាក់​ឬ​ពន្យារ​កិច្ចពិភាក្សា​សន្តិភាព​នេះ​ទេ ព្រោះ​វា​ជា​បញ្ហា​អាមេរិក​និង​រុស្ស៊ី​ដូចគ្នា ។ តែ​លោក​ជឿជាក់ថា ដំណើរការ​ចរចា​នឹង​ចាប់ផ្តើម​តាម​ការ​ព្រៀងទុក​។  ថ្វីបើ​មានការ​អះអាង​ដូច្នេះ​ក៏ដោយ ការខ្វែងគំនិត​គ្នា​នេះ បញ្ជាក់​ច្បាស់​ថា ការចរចា​នៅ​ទីក្រុង ហ្សឺ​ណែវ ពិបាក​នឹង​រៀបចំ​តាម​ការ​ព្រៀងទុក និង​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ ៥​ឆ្នាំនេះ ព្រោះ​មហាអំណាច​ទាំងនេះ​សោះ​ជា​អ្នកសម្រេច​ជោគវាសនា​របស់​ស៊ី​រី​។​

 កន្លងមក​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អា​រ៉ា​ប៊ី​សា​អូឌីត ចង់​រៀបចំ​ប្រតិភូ​ក្រុមប្រឆាំង ដោយ​បញ្ចូល​ក្រុម​ឧទ្ទាម​ក្រុម​ដែលមាន​ទាំង​ចលនា​ប្រដាប់អាវុធ Jaish al-Islam និង​ក្រុម Ahrar al-Sham ផង​នោះ​ចូលក្នុង​កិច្ចចរចា​សន្តិភាព​។ ប៉ុន្តែ​របប​ដឹកនាំ​ក្រុង​ម៉ូស្គូ និង​អ៊ីរ៉ង់​ជំទាស់​ដាច់ខាត ព្រោះ​បើ​លោកខាងលិច​និង​រដ្ឋ​អារ៉ាប់​នេះ​រៀបចំ​កំណត់​តំណាង​ក្រុមប្រឆាំង វា​នឹង​ក្លាយជា​រឿង​ស្មុគស្មាញ​សម្រាប់​ការចរចា​និង​ប៉ះពាល់​ដល់​ការរក្សា​អំណាច​លោក អាសាដ​។​

 លោក Lavrov បាន​ឡើង​ម្សិលមិញ​ជាថ្មី​និង​ដាច់​ណាត់ លោក​មិន​ទទួលយក ការចាត់តាំង​ក្រុម​ប្រដាប់អាវុធ Jaish al-Islam និង​ក្រុម Ahrar al-Sham ឡើយ ព្រោះ​ពួកគេ​នេះ​ជា​ក្រុម​ភេរវជន​។ កន្លងមក​សម្ព័ន្ធមិត្ត​រុស្ស៊ី រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​លើកឡើងថា តំណាង​ក្រុមប្រឆាំង​ណាខ្លះ​ដែល​គួរ​ចូលរួម​គួរតែ​សម្រេច​ដោយ​អង្គការសហប្រជាជាតិ​ផ្ទាល់​។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​សង្កត់ធ្ងន់ថា ប្រតិភូ​ក្រុមប្រឆាំង​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ​មិនអាច​ចូលរួម​ក្នុង​កិច្ចចរចា​ទេ ព្រោះ​ពួកគេ​ជា​សមាជិក​ក្រុម​ភេរវជន​អាល់​កៃ​ដា​។

២.​លោក អាសាដ ទៅ​ស្តាប់​ច្រើនជាង​ទៅ​ចរចា​រក​សន្តិភាព​នៅ​ហ្សឺ​ណែវ​
​ត្រលប់មក​បញ្ហា​ស្នូល​វិញ ការចរចា​ស្វែងរក​សន្តិភាព​បញ្ចប់សង្គ្រាម​ស៊ី​រី កើតឡើង​ស្របពេល​ដែល​របប​ដឹកនាំ​អាសាដ កាន់តែ​រឹង​ដៃ​រឹង​ជើង​ហើយ​។ នេះ​បញ្ជាក់ថា អាសាដ មាន​ទឹកមាត់ប្រៃ​ជាង​មុន​ក្នុង​កិច្ចចរចា​ខាងមុខ ព្រោះ​រដ្ឋាភិបាល​លោក​ដណ្តើមបាន​ទឹកដី​ច្រើន​មកវិញ និង​មិនមែន​ជិត​ដួលរលំ​ដូច​មុន​ឡើយ​។  ដូច្នេះ អាសាដ ទៅ​ក្រុង​ហ្សឺ​ណែវ​លើក​នេះ​ហាក់ដូចជា​ទៅ​ស្តាប់​ច្រើនជាង​ទៅ​ចរចា​។ 

​បើ​មើលទៅ​ក្រុមប្រឆាំង ស្រាប់តែ​បែកខ្ញែក​គ្នា ហើយ​ទន់ខ្សោយ​ជាមុន​។ នេះ​ក៏​ព្រោះតែ​ក្រុម​ឧទ្ទាម​ត្រូវ​រត់គេច​គ្រាប់​រុស្ស៊ី​ផង ច្បាំង​ប្រឆាំង​ទាហាន​រដ្ឋាភិបាល​និង ត្រូវ​ទប់​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​ផង​។  ក្រុម​នេះ​ពិតជា​ពិបាក​ទាមទារ​និង​ដាក់​សម្ពាធ​លើ​របប​លោក​អាសាដ ដូច​កាល​មុន​ណាស់​។​

​របប​អាសាដ រឹងមាំ​ព្រោះ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​អ៊ីរ៉ង់ និង​ក្រុម​ហេ​ស្បូ​ឡា​នៅ​លី​បង់​ផង​។ របប​ដឹកនាំ​ក្រុង​ម៉ូស្គូ ផ្លាស់ប្តូរ​នយោបាយ​ពី​ការពារ​អាសាដ​តាមផ្លូវ​ការទូត មកជា​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​ផ្ទាល់​នៅ​ខែកញ្ញា​ឆ្នាំមុន​។ រុស្ស៊ី​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ទម្លាក់​គ្រាប់បែក​ផង ដាក់​ទ័ព​នៅ​មូលដ្ឋាន​ស៊ី​រី​ផង និង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ទៅ​ស៊ី​រី​ផង រហូត​បង្ខំ​ឲ្យ​លោកខាងលិច​ជាពិសេស​អាមេរិក​មក​ស​ហ​ការ​ដើម្បី​ប្រឆាំង​ភេរវកម្ម​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​