អគ្គស្នងការ​នគរបាល​ជាតិ​បង្កើត​ក្រុម​បេសកកម្ម​ស្រាវជ្រាវ ស៊ើបអង្កេត និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នាំ​ចេញទៅ​វៀតណាម​

ភ្នំពេញ: អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្កើត​ក្រុម​បេសកកម្ម​ស្រាវជ្រាវ ស៊ើបអង្កេត និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ប្រមូល​ព័​ត៍​មាន​ពី​សកម្មភាព​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការប្រមូល​ផល អនុផល​ព្រៃឈើ និង​ស្រាវជ្រាវ​រក​មេក្លោង​ដែល​ឃុបឃិត​ជា​ខ្សែរយៈ​ក្នុង​ការនាំ​ឈើ​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​។
​   
​ក្រុម​បេសកកម្ម​ស្រាវជ្រាវ ស៊ើបអង្កេត និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ដោយ​ក្រុម​ក្រុម​បេសកកម្ម​នេះ មាន​សមាសភាព​ចំនួន​១៣​រូប ដោយ​ក្នុងនោះ​មាន​ប្រធាន​១​រូប អនុប្រធាន​១​រូប និង​សមាជិក​ចំនួន​១១​រូប ដែលមាន​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ និង​ស្នងការ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​
​   
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ជា​ប្រធាន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ អនុប្រធាន​សេនាធិការ ជា​អនុប្រធាន​។​
​    ​
យោងតាម​សេចក្តីសម្រេច​ស្តីពី​ការ​ក្រុម​បេសកកម្ម​ស្រាវជ្រាវ ស៊ើបអង្កេត និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែលមាន​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ក្រុម​បេសកកម្ម​មាន​ភារកិច្ច ចាត់តាំង​ការស្រាវជ្រាវ ស៊ើប​ប​អង្កេត និង​ប្រមូល​ព័​ត៍​មាន​ពី​សកម្មភាព​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹ​ងិ​ការប្រមូល​ផល អនុផល​ព្រៃឈើ​។ តាមដាន​ការដឹកជញ្ជូន​ឈើ​របស់​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋ​ក​កិច្ច​ពី​រាជរដ្ឋាភិបាល​។ ស្រាវជ្រាវ​រក​ចំណុច​ទីតាំង​រួមទាំង​មធ្យោបាយ ដែល​បណ្តា​មុខសញ្ញា​ប្រើប្រាស់​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ កសាង​មហាជន​ល្អ​ផ្តល់​ព័​ត៍​មាន​ពី​ការ​ស្តុក​ឈ់ ការដឹកជញ្ជូន​ឈើ និង​ការនាំ​ឈើ​ចេញ​ដោយ​ខុសច្បាប់​។ ស៊ើបអង្កេត​រក​បណ្តាញ​មេក្លោង ដែល​ឃុបឃិត​ជា​ខ្សែរយៈ​ក​ក្នុង​ការនាំ​ឈើ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ចាត់វិធានការ​ទប់ស្កាត់​តាម​ច្រកព្រំដែន​បាន​ទាន់ពេលវេលា​។ ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​
​   
​ក្រុម​បេសកកម្ម​នេះ មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី ម​មធ្យោបាយ​របស់​នាយកដ្ឋាន អង្គភាព​ក្រោម​ឱវាទ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែលមាន​ការពាក់ព័ន្ធ ហើយ​សមាជិក​ក្រុម​បេសកកម្ម​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​។​
​   
​សូមជម្រាបថា ការបង្កើត​ក្រុម​បេសកកម្ម​ស្រាវជ្រាវ ស៊ើបអង្កេត និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​។ ដោយ​គណៈកម្មការ​ជាតិ​នេះ មាន​ភារកិច្ច​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​អនាធិបតេយ្យ​កាប់​ព្រៃឈើ ការនាំចេញ​ឈើ​ខុសច្បា់ប និង​បទល្មើស​ព្រៃឈើ​នានា នៅ​ភាគ​ឦសាន​នៃ​ប្រទេស​។ ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់ និង​នាំចេញ​ឈើ​ល្មើសច្បាប់​។ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស​ព្រៃឈើ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។ សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​មាន​សហប្រតិបត្តិ​ការល្អ និង​ប្រសិទ្ធភាព ក្នុងករណី​ចាំបាច់​។ បូកសរុប​របាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​គណៈកម្មកា​រ​ជាតិ​នេះ ជូន​រាជរដ្ឋាភិបាល និង​បំពេញភារកិច្ច​ផ្សេងទៀត ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​
​គណៈកម្មការ​ជាតិ​នេះ មាន​សិទ្ធិ​បង្កើត​ក្រុម​ប្រតិបត្តិការ​មួយ​តាម​ការចាំបាច់ ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម និង​ស្នើសុំ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​ជា​កម្លាំង​ក្នុងពេល​ចុះ​បេសកកម្ម​។ គណៈកម្មការ​ជាតិ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿងរ​បស់​កងទ័ពអាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បំពេញបេសកកម្ម​ការងា​រ​របស់ខ្លួន​៕​