ចៅក្រម៖ លោក​ពូទីន​អាច​នឹង​បាន​យល់ព្រម​លើ​ការ​សម្លាប់​លោក Litvinenko

ចៅក្រម៖ លោក​ពូទីន​អាច​នឹង​បាន​យល់ព្រម​លើ​ការ​សម្លាប់​លោក Litvinenko

លោកស្រី Marina Litvinenko ភរិយា​របស់​លោក Alexander Litvinenko ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​កូន​របស់​គាត់​គឺ​ លោក Anatoly ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

ចៅក្រម​អង់គ្លេស​ម្នាក់​និយាយ​ថា​ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ្ល៉ាឌឺមៀ​ ពូទីន (Vladimir Putin) ​ទំនង​ជា​យល់ព្រម​លើ​គ្រមោង​ការ​សម្លាប់​អតីត​ភ្នាក់ងារ​សម្ងាត់​ KBG​ គឺ​លោក Alexander ​Litvinenko ដោយ​ការ​ដាក់​ថ្នាំ​បំពុល។

លោក Alexander ​Litvinenko ​បាន​ស្លាប់​កាលពី​ជិត​១០ឆ្នាំ​មុន​បន្ទាប់ពី​បាន​ផឹក​តែ​មួយ​កែវ​ដែល​ចៅក្រម​ Robert Owen​ បាន​និយាយ​ថា​ ទឹក​តែ​នោះ​លាយ​ជាមួយ​នឹង​ជាតិ​វិទ្យុសកម្ម​ដ៏​កម្រ​មួយ​បែប​ឈ្មោះ​ isotope ​polonium-210។​ ថ្លែង​ចេញពី​លើ​គ្រែ​ដែល​លោក​គេងស្លាប់​នោះ​ លោក​ Alexander ​Litvinenko ​បាន​ចោទ​ប្រកាន់​លោក​ពូទីន​ថា​បាន​បញ្ជា​ឲ្យ​មាន​ការ​លប​ធ្វើ​ឃាត​លោក។

នៅ​ក្នុង​របាយការណ៍​ដែល​គេ​រង់ចាំ​ជា​យូរ​មួយ​ លោក​ចៅក្រម​ Owen ​បាន និយាយ​ថា​ លោក Dmitry​ Kovtun ​និង​លោក ​Andrei ​Lugovoi ​ដែល​ជា​អតីត​ភ្នាក់ងារ KGB របស់​រុស្ស៊ី​បាន​អនុវត្ត​ផែនការ​ធ្វើឃាត ​ហើយ​ពួកគេ​ទំនង​ជា​ធ្វើ​តាម​បញ្ជា​របស់​ទីភ្នាក់ងារ​សន្តិសុខ​ FSB ​រុស្ស៊ី។

ភ្នាក់ងារ​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ការ​ជួបលោក ​Alexander ​Litvinenko​ ក្នុង​ទីក្រុង​ឡុងដ៍​ជាច្រើន​លើក​ រួម​ទាំង​ពេល​ដែល​គេសង្ស័យ​ថា​បាន​ដាក់​ថ្នាំ​បំពុល​ផង​ដែរ​ តែ​ពួកគេ​ទាំង​ពីរ​បាន​បដិសេធ​ពីការ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នោះ។​ រុស្ស៊ី​បាន​បដិសេធ​ក្នុង​ការ​បញ្ជូន​ខ្លួន​ពួកគេ​ដែរ។

បន្ទាប់ពី​មាន​របាយការណ៍​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​យ៉ាង​នេះ ​ទីភ្នាក់ងារ ព័ត៌មាន​រុស្ស៊ី Interfax ​បាន​ដក​ស្រង់​សម្តី​លោក Andrei Lugovoi ​ដែល​បាន​ហៅ​ការ​ស៊ើបសួរ​របស់​អង់គ្លេស​ថា​ ជា​រឿង​មិន​បាន​ការ​ ហើយ​និយាយ​ថា​ ការណ៍​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ៕