តើ​ថៃ អាច​សម្រេចបាន​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​បានទេ​?

ប្រធានគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញថៃ Meechai Ruchupan​ថៃ គឺជា​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​ដែលមាន​ទំហំ​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​។ បើទោះជា​ថៃ​ជា​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ល្អប្រសើរ​ជាជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ក៏ដោយ នយោបាយ​ថៃ នៅ​មិនទាន់មាន​ស្ថិរភាព​នៅឡើយ​នោះទេ​។ ហើយ​បច្ចុប្បន្ន ថៃ កំពុងតែ​គ្រប់គ្រង​ដោយ​របប​សឹក​ដែល​បាន​គ្រប់គ្រង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មកម្ល៉េះ​។ ក្តីសង្ឃឹម​នៃ​ការវិល​ត្រលប់​លទ្ធិប្រជាធិបតេយ្យ អាច​កើតឡើង​បាន​លុះត្រា​រដ្ឋធម្មនុញ្ញ​ថ្មី អាច​បញ្ចប់​ដោយមាន​ការគាំទ្រ​ទាំង​ប្រជាជន និង​អ្នកនយោបាយ​។

​នៅ​ថ្ងៃទី​២០​ខែមករា ម្សិលមិញ ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ លោក Meechai Ruchupan បាន​អះអាងថា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី នឹងត្រូវ​បង្ហាញ​ជា​សាធារណៈ​នៅ​ចុងខែ​នេះហើយ​។ តាម​ការអះអាង​របស់ លោក Meechai Ruchupan សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​សេចក្តីព្រាង លើក​២ ក្រោម​ការដឹកនាំ​ដោយ​របប​សឹក គឺ​ប្រៀបប្រដូច​ទៅនឹង​ឱសថ​ដ៏​ខ្លាំងពូកែ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​នយោបាយ​ថៃ​។ តែ​លោក ថា លោក​មិនអាច​ធានាបាន​ថា​ច្បាប់ នោះ​អាច​ផ្គាប់ចិត្ត​អ្នកនយោបាយ​ថៃ​ទាំងអស់​បាន​នោះទេ​។​

១. ការវិវត្ត​នៃ​ដំណើរការ​នៃ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថៃ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​២២​ខែឧសភា
​គឺ​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​មេដឹកនាំ​យោធា បាន​ចូល​អន្តរាគមន៍​ក្នុង​កិច្ចការ​នយោបាយ​ថៃ យ៉ាង​ស៊ីជម្រៅ​តាមរយៈ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤ ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា​។ ក្រោម​ការដឹកនាំ​ប្រទេស​ដោយ​របប​សឹក លោក ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ បាន​សន្យា​នឹង​កែទម្រង់ ផ្សះផ្សា​ជាតិ និង​កសាង​លទ្ធិប្រជាធិបតេយ្យ​ថៃ​ឡើងវិញ​។

​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​រដ្ឋប្រហា​រ​ថៃ ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ លោក ប្រា​យុទ្ធ បាន​បង្កើត​គណៈកម្មាធិកា​រ​ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ក្នុង​គោលបំណង ដើម្បី​បញ្ចៀស​នូវ​ភាព​នូវ​ជាប់គាំង​វិបត្តិ​នយោបាយ​សារជាថ្មី​។ យ៉ាងណាមិញ សេចក្តីព្រាងច្បាប់​នេះ មិនបាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង នៃ​បរិបទ​នយោបាយ​នោះទេ ពោលគឺ មានមតិ​សាធារណៈ​ជាច្រើន ជាពិសេស​គណបក្សនយោបាយ​ថៃ​ធំ​ពីរ រួមមាន គណបក្ស​ភឿ​ថៃ និង​គណបក្ស​ប្រជាធិបតេយ្យ បាន​ជំទាស់ និង ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវធ្វើ​ប្រជាមតិ​ជាមុនសិន​។​

​ចុងក្រោយ នៅ​ថ្ងៃទី​០៦ ខែកញ្ញា​ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​កែទម្រង់​ជាតិ​ថៃ បាន​បដិសេធ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ ដែល​ធ្វើឡើង​ដោយ​គណៈ​កម្ម​ធិ​ការលើក​ទី​១​ដែល​លោក​ប្រា​យុទ្ធ បានតែងតាំង ។ តែ​ក្រោយពី​ការច្រានចោល​នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ លោក​ប្រា​យុទ្ធ ក៏បាន​តែងតាំង​គណៈកម្មាធិកា​រ​ថ្មី​ជា​លើក​២​ភ្លាម​ជាមួយនឹង​នោះដែរ​។ ក្នុងនោះ​លោក​ប្រា​យុទ្ធ ក៏បាន​ប្រកាសថា​សេចក្តីព្រាង ច្បាប់រដ្ឋធម្មនុញ្ញ ដែល​រួមទាំង​ការធ្វើប្រជាមតិ ត្រូវ​បញ្ចប់​មុន​ឆ្នាំ​២០១៧​ដែលជា​ពេល​នៃ​ការបោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ថ្មី​។

២. បើ​រដ្ឋធម្មនុញ្ញ​ថ្មី​មិនអាច​បញ្ចប់​មានន័យ​យ៉ាងដូចម្តេច​?
​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន Reuters ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ Meechai Ruchupan បញ្ជាក់ថា លោក នឹង​បង្ហាញ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែលមាន​កម្រាស់​ជាង​២០០​ទំព័រ នឹងត្រូវ​បង្ហាញ​ជា​សាធារណៈ​នៅ​ចុង​ខែម​ករានេះ​។ លោក សង្កត់ធ្ងន់ថា ប្រសិនបើ​យើង​កែទម្រង់​ប្រទេស​យើង​ត្រូវតែ ប្រើប្រាស់​ថ្នាំ​ដែល​ខ្លាំង បើទោះបីជា​បក្សនយោបាយ​ខ្លះ​ជំទាស់​ក៏ដោយ​។ នេះ​បើ​យោងតាម​ព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​ប្រធាន​គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ដែលថា លោក មិន​ហ៊ាន​សន្យាថា​សេចក្តីព្រាង​នេះ គឺជា​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​របស់​ថៃ​នោះទេ តែ​សេចក្តីព្រាង មិនបាន​រឹតត្បិត​ទៅលើ​បក្សនយោបាយ​ណាមួយ​ដូច​ទៅនឹង​ការរិះគន់​របស់​ប្រជាជន​នោះទេ​។

​បើទោះបីជា​គេ​មិនទាន់​បានដឹង​ពី​ខ្លឹមសារ ឬ​បទបញ្ញត្តិ​នៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នោះ​ក៏ដោយ គេ​អាច ដឹង​ពី​ជោគវាសនា​បន្ទាប់​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ដែល​កំពុងស្ថិត​ក្រោម​ការ​កែទម្រង់​របស់លោក​ប្រា​យុទ្ធ​។​នោះ​គឺ ប្រសិន​សេចក្តីព្រាង​នេះ នឹងត្រូវ​ទទួលបាន​កា​រ​អនុម័ត​ទទួលស្គាល់​ពី​ក្រុមប្រឹក្សា​កែ ទម្រង់​ជាតិ​ថៃ និង​ប្រជាជន​តាមរយៈ​ការធ្វើប្រជាមតិ នោះ​ការបោះឆ្នោត​នឹង​អាច​ប្រព្រឹត្តឡើង​ដោយ រលូន​តាម​ការកំណត់​។ ហើយ រដ្ឋធម្មនុញ្ញ​នោះ នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​របស់​ថៃ​ហើយ​។​

​ផ្ទុយទៅវិញ ប្រសិនបើ​រដ្ឋធម្មនុញ្ញ​នោះ ត្រូវបាន​បដិសេធ​ជាថ្មី​ម្តងទៀត នោះ​គឺ​ពិតប្រាកដ​ណាស់ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹងត្រូវ​ដឹកនាំ​ប្រទេស​បន្តទៀត ទោះបីជា​លោក ធ្លាប់​ច្រាន ចោល​រួចទៅហើយ​ថា លោក​គ្មាន​ចេតនា​កាន់តំណែង​នេះ​នោះទេ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​