ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ប៉ៃលិន ៖ ចោរ​អាកា​២​នាក់​បាន​ពាក់​ម៉ាស់​ចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង ព្រមទាំង​ចាប់​អារ​.​ក​ម្ចាស់ផ្ទះ និង​កាប់​ម្នាក់​ទៀត​រង​របួសធ្ងន់ រួច​ប្រមូល​យក​លុយ​ដែល​ដាក់​នៅ​ក្នុង​ទូ ហើយ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ទៅ​ប្លុង​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា​​ប្រហែល​៤០០​ម៉ែត្រ រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​ចោរប្លន់​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​វេរ​លុយ​វី​ង យីហោ «​ហេង រចនា​» ដែល​មា​ន​អាសយដ្ឋាន​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ហេង វណ្ណ​ថន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រង​របួសធ្ងន់ ត្រូវ​ចោរ​យក​ពូថៅ​អារ​.​ក​ដាច់​បំពង់ខ្យល់ ទី​២-​ឈ្មោះ ងួ​ន ចិន្តា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់ បែកក្បាល និង​បាក់​ធ្មេញ និង ទី​៣-​ឈ្មោះ វណ្ណ គី​ម​លាង ភេទ​ស្រី អាយុ​៥​ឆ្នាំ រង​របួសស្រាល ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ស្លៀកពាក់​ជា​យោធា មាន​ពាក់​ម៉ាស់​បិទមុខ ហើយ​ស្ពាយ​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម និង​កាន់​ពូថៅ​១ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វ៉េវ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-3640 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​សំដៅ​ចូល​ទៅ​ផ្ទះ​វេរ​លុយ​វី​ង​ខាងលើ ហើយ​ក៏​ចាប់​បុរស​ចំណាស់​ម្នាក់​អារ​.​ក​នឹង​ពូថៅ​ភ្លាម​ៗ​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ក្រឡេក​ឃើញ​បុរស​ម្នាក់​ទៀត​កំពុង​អង្គុយ​នៅ​ក្រៅ​ផ្ទះ ក៏​យក​ពូថៅ​កាប់ និង​វាយ​បណ្តាល​ឱ្យ​របួស​ក្បាល​ជា​ទម្ងន់ រីឯ​ចោរ​ម្នាក់​ទៀត​បាន​ស្ទុះ​ចូល​ទៅ​ប្រមូល​យក​លុយ​នៅ​ក្នុង​ទូ​រួច​ឡើង​ជិះ​ម៉ូតូ​តម្រង់​ទៅ​ទិស​ខាងលិច​បាត់​ស្រមោល​ឈឹង​តែ​ម្តង ។

លោក ស៊ិ​ន តាំ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ចោរ​ទាំង​២​នាក់​នោះ​បាន​ចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង ដោយ​កាប់​ប្រហារ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ ហើយ​ប្រមូល​យក​ប្រាក់​ថៃ​អស់​ចំនួន​២៦២០០០​បាត ប្រាក់​ខ្មែរ​ចំនួន​៥​លាន​រៀល ប្រាក់​ដុល្លារ​ចំនួន​២៦០០​ដុល្លារ និង​កាត​ទូរស័ព្ទ គិត​ជា​ប្រាក់​អស់​ចំនួន​៨០០​ដុល្លារ​ផង​ដែរ ។

លោក​ ស៊ិន តាំ បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត និង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​តាម​​ក្រុម​ចោរ​យ៉ាង​ប្រកិត ហើយ​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​យក​ទៅ​ប្លុង​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា រួច​រត់​ចូល​ព្រៃ​បាត់ ។ ពេល​នេះ​​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ដើម្បី​តាម​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ប្រភព​ពី​ក្រុម​គ្រួសារ​រង​គ្រោះ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជនមួយ​កន្លែង​ក្នុង​​ក្រុងប៉ៃលិន តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​បន្ត​ទៀត ។ រហូត​ដល់​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ដដែល​នេះ​នៅ​មិន​ទាន់​ដឹង​ស្ថានភាព​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​យ៉ាងណា​នៅឡើយ​ទេ ៕