ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ដំណើរ​ជាមួយ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត បាន​ចូល​ទៅ​ពិនិត្យ​ឃ្លាំង​ឈើ​របស់​ឧកញ៉ា ទ្រី ភាព នៅ​ចំណុច​វាយ​ថ្ម ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន បន្ទាប់​ពី​ពិនិត្យ​មើល​គំនរ​ឈើ​នៅ​ក្នុង​ឃ្លាំង​របស់​ឧកញ៉ា ទ្រី ភាព ហើយ និង​បន្តដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ពិនិត្យ​មើល​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ (​ក្រុមហ៊ុន បាត​អាង​) ស្ថិត​នៅ​ភូមិ​ស្រែ​គ ឃុំ​ស្រែ​គ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។
រហូត​ដល់​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ នេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ពី​ចំនួន​ឈើ​នៅ​ក្នុង​ឃ្លាំង​ឧកញ៉ា ទ្រី ភាព នៅឡើយ​ទេ ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​កាលពី​ម្សិលមិញ ។

ទោះបីជា​មិន​ទាន់​ដឹង​ពី​ទិន្នន័យ​ឈើ​យ៉ាងណា​នោះ មន្ត្រី​ជំនាញ​បានឱ្យ​ដឹងផង​ដែរ​ថា កំពុង​តែ​ពិនិត្យ លើ​ឯកសារ​ពាក់ព័ន្ធ​ជា​ជំហាន​ជាមួយ​និង​ចំនួន​ឈើ​ជាក់ស្តែង ដែល​មាន​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

គួរ​បញ្ជាក់​ថា គំនរ​ឈើ​ជា​ច្រើន​ពាន់​ដុំ​ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព ចំនួន​២​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​ធ្វើការ​ត្រួតពិនិត្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ។

ប្រតិបត្តិការ​នេះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​នៃ​ទីប​ញ្ជ​ការ​ខេត្តស្ទឹងត្រែង កម្លាំង​នគរបាល នៃ​ស្នងការ​នគរបាល​ខេត្ត មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​ស្តុក​ឈើ​នៅ​ចំណុច​គល់​ស្ពាន​សេ​កុង ភូមិ​លើ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​១០​ព្រឹក ដោយឡែក​ម៉ោង​១២​ថ្ងៃត្រង់ កម្លាំង​សមត្ថកិច្ច​ដដែល​បាន​ចូល​ទៅ​ឃ្លាំង​ស្តុក​ឈើ ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ដែល​ដឹង​ថា ឃ្លាំង​នេះ​ជា​ចំណុច​ប្រមូល​ឈើ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ា​ង​យក​ស្តុក​ទុក ហើយ​បន្ត​ដឹក​ជញ្ជូន​មក​ស្តុក​នៅ​ក្នុង​ឃ្លាំង​ចំណុច​គល់​ស្ពាន​សេ​កុង ក្រុង​ស្ទឹង​ត្រែង ៕