សមិទ្ធិផល​របស់​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៥ និង​ទស្សនៈ​វិស័យ​ទៅ​អនាគត

សមិទ្ធិផល​របស់​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៥ និង​ទស្សនៈ​វិស័យ​ទៅ​អនាគត

រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ភូមិ​ភាគ​ឥសាន​ក្នុង​ប្រទេស​កម្ពុជា​​ ជា​ក្រុម​ជន​ងាយ​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដែល​បណ្តាល​មក​ពី​ការកាប់​ព្រៃឈើ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ (នូវ​ ពៅ​លក្ខិណា/VOA)របាយការណ៍​របស់​ធានាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ឲ្យ​ដឹង​ថា អត្រា​អតិផរណា​ទាប ស្ថិរភាព​ហិរញ្ញវត្ថុ កំណើន​ឥណទាន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ថ្លែ​ប្រេង​ធ្លាក់​ចុះ​ បាន​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើរ​រលូន​ទៅ​មុខ។ វ៉ាស៊ីនតោន—

ខណៈ​ដែល​ឆ្នាំ​២០១៥ បាន​កន្លង​ផុត​ទៅ អ្នក​ជំនាញ​មើល​ឃើញ​ថា សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ស្ថានភាព​ល្អ​ដូច​ឆ្នាំ​មុនៗ ដែល​ស្ថិត​នៅ​ក្នុង​អត្រា​៧ភាគរយ។ របាយការណ៍​របស់​ធានាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ឲ្យ​ដឹង​ថា អត្រា​អតិផរណា​ទាប ស្ថិរភាព​ហិរញ្ញវត្ថុ កំណើន​ឥណទាន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ថ្លែ​ប្រេង​ធ្លាក់​ចុះ​ បាន​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើរ​រលូន​ទៅ​មុខ។

ក្នុង​ឆ្នាំ​២០១៥ អត្រា​អតិផរណា​របស់​កម្ពុជា​បន្ត​ធ្លាក់​ចុះ​មក​ត្រឹម​០,៨ភាគរយ បើ​ធៀប​នឹង​១,២ភាគរយ​កាល​ពី​ឆ្នាំ​២០១៤។ លើស​ពី​នេះ ការ​បណ្តាក់​ទុន​បរទេស​ដោយ​ផ្ទាល់​ក៏​បាន​កើន​ដល់​៥ពាន់២រយ​លាន​ដុល្លារ​ផង​ដែរ។

ក៏​ប៉ុន្តែ វិស័យ​ចម្បង​របស់​កម្ពុជា ដូច​ជា​វិស័យ​កាត់ដេរ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​មាន​សន្ទុះ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច។ លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ពន្យល់​ថា ការ​ថយ​ចុះ​នៃ​វិស័យ​ចម្បង​ទាំង​បី​នេះ​គឺ​បណ្តាល​មក​ពី​កត្តា​ក្នុង​ស្រុក និង​កត្តា​ក្រៅ​ស្រុក។

«‍វិស័យ​វាយនភ័ណ្ឌ​នៅ​តែ​បន្ត​កើន​ការ​នាំ​ចេញ ទោះ​បី​ជា​មាន​ការ​យឺត​ជាង​មុន​បន្តិច អាច​ទី១​ដោយ​សារ​ការ​កើន​ឡើង​នៃ​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក។ យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​គឺ​ពឹងផ្អែក និង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ខ្លាំង។ ទី២ យើង​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​ខាង​ទ្វីប​អ៊ឺរ៉ុប​មាន​ភាព​យឺតយ៉ាវ។ ហើយ​យើង​ដឹង​ហើយ​ថា ទ្វីប​អ៊ឺរ៉ុប​ជា​ទីផ្សារ​មួយ​ធំ​សម្រាប់​វិស័យ​វាយនភ័ណ្ឌ។ អញ្ចឹង​ការ​យឺតយ៉ាវ​នៃ​កំណើន​នេះ​វា​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ។ ទី៣ យើង​ឃើញ​ថា មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ជាង​មុន​ជាមួយ​នឹង​វិស័យ​វាយនភ័ណ្ឌ​យើង ដោយ​មាន​ការ​ប្រឡូក​ពី​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​ភូមា ដែល​គេ​ទើប​បើក​ចំហរ ហើយ​យើង​ឃើញ​ថា កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​របស់​គេ​នៅ​ថោក»។

លោក​បាន​បន្ថែម​ថា វិស័យ​ទេសចរណ៍​កម្ពុជា​មាន​កំណើន​ថយ​ចុះ​បន្តិច ​មួយ​ផ្នែក​ធំ​គឺ​ដោយ​សារ​តែ​ភាព​រង្គោះរង្គើរ​ខាង​សេដ្ឋកិច្ច​នៅ​អ៊ឺរ៉ុប និង​កំណើន​សេដ្ឋកិច្ច​យឺត​របស់​ចិន ដែល​អាច​ប៉ះពាល់​ដល់​ចំនួន​អ្នក​ទេសចរ។ គិត​មក​ត្រឹម​ឆ្នាំ​២០១៥​នេះ អ្នក​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​មាន​ចំនួន​ត្រឹម​តែ​២លាន​៣សែន​នាក់​ប៉ុណ្ណោះ ដែល​ស្មើនឹង​៤,៦ភាគរយ បើ​ធៀប​នឹង៦,៩ភាគរយ​នៃ​ចំនួន​អ្នក​ទេសចរ​សរុប​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤។

វិស័យ​ដ៏ចម្បង​បំផុត​របស់​កម្ពុជា​គឺ​វិស័យ​កសិកម្ម ដែល​ប្រជា​ពលរដ្ឋ​កសិករ​កម្ពុជា​ប្រមាណ​ជាង​៨០ភាគរយ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ដំណាំ​ស្រូវ និង​ចំការ ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ លោក ឌីណា បាន​សង្កត់​ធ្ងន់​ថា ការ​ធ្លាក់​ចុះ​នៃ​សក្តានុពលភាព​នៃ​វិស័យ​កសិកម្ម​កម្ពុជា​គឺ​បណ្តាល​មក​ពី​បញ្ហា​ច្រើន រួម​ទាំង​ការ​ខ្វះ​ឥណទាន​សម្រាប់​វិស័យ​នេះ​ផង​ដែរ។

«‍កំណើន​យឺត​នេះ វា​អាច​មក​ពី​ទី១ ការ​ផលិត​ផលិតផល​កសិកម្ម​ធ្លាក់​ចុះ​ដោយ​សារ​អាកាសធាតុ គឺ​កម្ពស់​ទឹក​ភ្លៀង​បាន​ធ្លាក់​ទាប​ជាង​មុន។ កសិកម្ម​យើង​មួយ​ផ្នែក​ធំ​គឺ​ដំណាំ​ស្រូវ​ហ្នឹង​នៅតែ​ពឹងផ្អែក​ទៅ​លើ​អាកាស​ធាតុ​នៅ​ឡើយ ទោះ​បី​ជា​យើង​បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជា ធារាសាស្ត្រ​ក៏​ដោយ។ ទី២​វិស័យ​កសិកម្ម​យើង​នៅ​ខ្វះ​ឥណទាន ដើម្បី​ធ្វើការ​វិនិយោគ​ទៅ​លើ​បច្ចេកទេស​ដាំដុះ​ជា​ដើម។ មួយ​វិញ​ទៀត បើ​យើង​មើល​ពី​ខាង​ក្រៅ​វិញ យើង​ឃើញ​ថា តម្លៃ​ផលិតផល​កសិកម្ម​គឺ​មាន​ការ​ធ្លាក់​ចុះ។ ដោយសារ​មាន​ភាព​រង្គោះរង្គើរ​សេដ្ឋកិច្ច​នៅ​ចិន និង​ការ​កើន​ឡើង​នៃ​ប្រាក់​ដុល្លារ វា​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កសិកម្ម។ អញ្ចឹង​កាល​ណា​តម្លៃ​កសិកម្ម​ថយចុះ នោះ​វា​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​យើង​ក៏​ធ្លាក់​ចុះ​ដែរ»។

យ៉ាង​ណា​មិញ កម្ពុជា​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ធំៗ ដែល​អាច​ប៉ះពាល់​ដល់​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នា​ពេល​អនាគត បើ​សិន​ជា​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​នោះ។ បញ្ហា​ទាំង​នោះ​រួម​មាន ការ​ខ្វះ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​រឹងមាំ ការ​ខ្វះ​ធនធាន​មនុស្ស​មាន​ជំនាញ និង​បច្ចេកវិទ្យា​ទំនើប។

«‍ទី១​គឺ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​យើង​នៅ​មាន​កង្វះ​ខាត​ច្រើន។ ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​វា​ពឹង​ផ្អែក​ទៅលើ​ផ្លូវ​ថ្នល់ ក៏​ដូច​ជា​ខាង​អគ្គិសនី​ដែរ។ កាលណា​ហេដ្ឋា​រចនា​សម្ព័ន្ធ​យើង​មិន​ទាន់​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង ការ​ដឹក​ជញ្ជូន​វា​អាច​មាន​ភាព​យឺតយ៉ាវ ហើយ​ថ្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ក៏​ខ្ពស់។ ទី២​គឺ​ខាង​ធនធាន​មនុស្ស។ យើង​ចង់​ធ្វើ​ពិពិធកម្ម​ទៅ​ខាង​វិស័យ​វាយនភ័ណ្ឌ ឬក៏​កម្មន្តសាល​ធន់​ស្រាល យើង​ត្រូវការ​កម្លាំង​ពលកម្ម​មួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ផលិត​របរ​ឲ្យ​មាន​គុណភាព​ល្អ ហើយ​និង​ដើម្បី​ឲ្យ​ប្រទេស​យើង​ចូល​ជា​ផ្នែក​មួយ​នៃ​ខ្សែ​សង្វាក់​ផលិតកម្ម»។

ប៉ុន្តែ លោក​បាន​បន្ថែម​ថា កត្តា​ទាំង​បី​នេះ​ចាំបាច់​ត្រូវការ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច។

លោក ឌីណា បាន​សង្កត់​ធ្ងន់​ថា ការ​ពង្រឹង​គុណភាព​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​កសិកម្ម គឺជា​គន្លឹះ​មួយ​ដែល​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​ដើរ​ទៅ​មុខ​ប្រកប​ដោយ​ចីរភាព​បាន។

លោក​ថា កាលណា​គុណភាព​អប់រំ​ល្អ ធនធាន​មនុស្ស​របស់​កម្ពុជា​នឹង​ទទួល​បាន​ជំនាញ ដោយ​ជួយ​ពង្រឹង​ផលិតភាព​ខ្ពស់​ដល់​កម្ពុជា។ បន្ថែម​លើ​នេះ កាល​ណា​វិស័យ​សុខាភិបាល​មាន​លទ្ធភាព​ផ្តល់​សេវា​សុខភាព​ក្នុង​តម្លៃ​ថោក និង​មាន​គុណភាព​ល្អ នោះ​វា​ជួយ​សម្រួល​ដល់​ថ្លៃ​ចាយវាយ និង​ដល់​ផលិតភាព​ល្អ​របស់​កម្លាំង​ពលកម្ម​កម្ពុជា ដែល​មាន​សុខភាព​ល្អ។ សំខាន់​ជាង​នេះ​គឺថា ការ​ពង្រឹង​ផលិតកម្ម និង​គុណភាព​វិស័យ​កសិកម្ម​បាន​ល្អ​ដោយ​ធ្វើ​ឲ្យផលិត​ផល​កសិកម្ម​ក្នុង​ស្រុក​មាន​តម្លៃ​ទាប​ នោះ​មាន​ន័យ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​អាច​នឹង​មាន​ជីវភាព​ល្អ​ប្រសើរ ដោយ​សារ​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូប​ថយ​ចុះ។

គិត​មក​ត្រឹម​ឆ្នាំ​២០១៥ កំណើន​ផលិតផល​ក្នុង​ស្រុក​មាន​តម្លៃ​១.០៣៦​ដុល្លារ។ កម្ពុជា​មាន​គោល​បំណង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ថ្នាក់​ខ្ពស់​នៅ​ឆ្នាំ​២០៣០៕