កម្ពុជា-ទូរគី សន្យាជម្រុញ ឲ្យបានសម្រេច នូវផ្លាស់ប្តូរ ទំហំពាណិជ្ជកម្ម ឲ្យបាន ៥០០លាន ដុល្លារ នៅឆ្នាំ២០២០

ភ្នំពេញ៖ ភាគីកម្ពុជា និងទួរគី បានសន្យាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ធ្វើយ៉ាងណា ជម្រុញការអនុវត្ត ឲ្យបានសម្រេច នូវគោលដៅផ្លាស់ប្តូ ពាណិជ្ជកម្មទំហំ ៥០០លាន ដុល្លារ ក្នុងឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមជំនួនពិភាក្សាគ្នា រវាង ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ (AYSE Sinirlioglu) ទីប្រឹក្សា ជាន់ខ្ពស់ផ្នែក ទំនាក់ទំនង អន្តរជាតិរបស់ ប្រធានាធិបតីទួរគី (Sherpa) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង។

យោងតាមការឲ្យដឹងពីក្រសួងការបរទេសថា ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង និងលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ បានពិភាក្សាគ្នា ធ្វើការផ្លាស់ប្តូរយោបល់ អំពីការជម្រុញ បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទ្វេរភាគី ពិសេសលើ ផ្នែកសេដ្ឋកិច្ច ហើយភាគីទំាងពីរ ក៏បានវាយតំលៃខ្ពស់ ចំពោះការរីកចំរើន ក្នុងទំនាក់ទំនង ទ្វេភាគី នេះ ដូចជាការបង្កើត ក្រុមប្រឹក្សាធុរៈកិច្ច និងគណកម្មការចំរុះ សហប្រតិបត្តិការ សេដ្ឋកិច្ច សំរាប់ជម្រុញ អនុវត្តឲ្យបានសំរេច នូវគោលដៅផ្លាស់ប្តូរ ពាណិជ្ជកម្មទំហំ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២០។

ពាក់ព័ន្ធនិងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ កម្ពុជា-ទួរគី ក៏ធ្លាប់មានឯកសារ មួយចំនួនទៀត ដែលប្រទេសទាំងពីរ បានចុះហត្ថលេខា រួចហើយដូចជា កិច្ចព្រមព្រៀង សេវាកម្មអាកាសចរ កិច្ចព្រមព្រៀង ស្តីពីការជម្រុញ និងការការពារ វិនិយោគទុន និងកិច្ចព្រមព្រៀង ស្តីពី វិស័យទេសចរណ៍ ហើយនិងការត្រៀម ចុះហត្ថលេខា លើអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិ ការការទូត កិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការ វប្បធម៌។ ជាមួយគ្នានេះ ភាគីទំាងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា លើការជម្រុញ ការអនុវត្តន៍ ឯកសារដែលបាន ចុះហត្ថលេខា ខាងលើនេះ ជាអាទិ៍ ការផ្លាស់ប្តូរ ទស្សនកិច្ចទៅវិញទៅមក របស់សភាពាណិជ្ជកម្ម (Chamber of Commerce) និងធុរកិច្ចជន ការបង្កើត ឲ្យមានជើងហោះហើរត្រង់ និងការរៀបចំឲ្យមាន ការតាំងបង្ហាញ ផ្នែកទេសចរណ៍ របស់កម្ពុជា នៅប្រទេសទួរគី សំដៅជម្រុញ ទេសចរណ៍ទួរគី ឲ្យមកបំពេញទស្សនកិច្ច នៅកម្ពុជា។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានស្នើឲ្យទួរគី ពិនិត្យលទ្ធភាព ក្នុងការនាំចូលអង្ករ ពីកម្ពុជា ដែលទទួលបាន ចំណាត់ថ្នាក់ ជាអង្ករលេខ១ នៅលើពិភពលោក ក្នុងរយៈពេល ៤ឆ្នាំ ជាបន្តបន្ទាប់ ពីឆ្នាំ២០១២-២០១៥៕

កម្ពុជា-ទូរគី សន្យាជម្រុញ ឲ្យបានសម្រេច នូវផ្លាស់ប្តូរ ទំហំពាណិជ្ជកម្ម ឲ្យបាន ៥០០លាន ដុល្លារ នៅឆ្នាំ២០២០