រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ថេរ​ជាង ៧​ភាគរយ​ក្នុង​មួយឆ្នាំៗ​

ភ្នំពេញ: រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រមាណ​ជាង ៧​ភាគរយ ក្នុង​មួយឆ្នាំៗ ហើយ​អតិផរណា​មាន​កម្រិត​ទាប និង​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព ក្នុងខណៈ ដែល​វិសមភាព​សង្គម​កាន់តែ​រួម​ក្តោប​តូច​ជា​លំដាប់ ដែល​ជាការ​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា មិន​ត្រឹមតែ​សម្រេចបាន​នូវ​មូលដ្ឋាន​សេដ្ឋកិច្ច​មួយ ដែលមាន​កំណើន​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម ទាំង​ប្រកបដោយ​គុណភាព​ទៀត​។ នេះ​បើតាម​ការអះអាង​របស់​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក សាង ជិន​វេ ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជម្រាប ឱ្យដឹងថា នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​ឆាប់រហ័ស ទោះបី​កម្ពុជា​បានធ្វើការ​ផ្លាស់​ទាំង នយោបាយ​និង​ស្ថាប័ន​ទាំងស្រុង​ដើម្បី​អនុវត្តន៍​ប្រព័ន្ធ​សេដ្ឋកិច្ច ទីផ្សារសេរី ហើយ​កម្ពុជា បាន​ជួបប្រទះ​នឹង ភាពមិនប្រាកដប្រជា និង​ហានិភ័យ​ច្រើន ទាំង​នៅក្នុង និង​ក្រៅប្រទេស​ក៏ដោយ​។

​លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា នៅក្នុង​លោក​យើង​នេះ មិនមាន​ប្រទេស​ច្រើន ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ជាច្រើនលើក​ច្រើនសារ ដូច​កម្ពុជា ហើយ​អាច​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ដូចនេះ​ទេ​។ ក៏ប៉ុន្តែ​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក និង​តំបន់​ថ្មីៗ​នេះ នឹង​បង្កើតឱ្យមាន​នូវ​បញ្ហា ប្រឈម​មួយចំនួន ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​ជម្នះ​ឱ្យបាន​នូវ​បញ្ហា​ប្រឈម​ទាំងនេះ ដើម្បី ធានា​ចិ​រ​ភាព​កំណើន និង​បន្ត​រក្សា​ភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​។ ហេតុនេះហើយ​ទើប ​កម្ពុជា​បាន​មើលឃើញ​យ៉ាងច្បាស់​ថា បើ​គ្មាន​កំណើន​ទេ កម្ពុជា​ពិតជា​នឹង​មិនអាច​សម្រេចបាន​នូវ​អ្វីៗ​ទាំងអស់ ពោលគឺ​បើ​គ្មាន កំណើនសេដ្ឋកិច្ច ក៏​នឹង​គ្មាន​ការបង្កើន​ការងារ និង​ឱកាស​រកប្រាក់​ចំណូល​បាន​សមរម្យ​នោះដែរ ។ ប៉ុន្តែ​យើង​ត្រូវ​ធានាថា កំណើន​នេះ គឺ​ត្រូវតែ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​ជាមួយគ្នា​នោះដែរ លោក សាង ជីន​វេ បានធ្វើការ​វាយតម្លៃ​ចំពោះ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​កម្ពុជា​សម្រេចបាន​ជា​បន្តបន្ទាប់​៕