សំណង់​ទ្វារ​ទឹក​នៅ​ដូន​កែវ​អាច នឹង​កែប្រែ​ជី​ភាព​ពលរដ្ឋ​ឲ្យ​ប្រសើរឡើង​មួយកម្រិត​ទៀត​

ភ្នំពេញ: ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា សំណង់​ទ្វារ​ទឹក​នៅ​ភូមិ​ល្បើក ឃុំ​ដូន​កែវ ស្រុក​ពួក ត្រូវបាន​សាងសង់ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ជំនួយ​ថវិកា​របស់​ប្រទេស​ញូ​វ​ហ្ស៊ី​ឡែ​ន ដែល​ទើប​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នេះ អាច​នឹង​ជួយ​ស្រោចស្រព​ដំណាំ​ចម្ការ ឬ​ស្រែប្រាំង​ដល់​ទៅ​ជាង​១​ពាន់​ហិកតា​។ សំណង់​ទ្វារ​ទឹក​នេះ នឹង​អាច​កែប្រែ​ជីវភាព​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុង​ឃុំ​នេះ ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​មួយកម្រិត​ទៀត តាមរយៈ​ការធ្វើ​ដំណាំ​បន្លែ ឬ​ស្រែប្រាំង​។​

​អគ្គនាយករង ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​សំណង់​ទ្វារ​ទឹក​នេះ​ថា ការស្តារ​ប្រព័ន្ធ​ទឹក​បុរាណ​ឡើងវិញ​នេះ មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ទឹកជំនន់ ឬ​គ្រោះរាំងស្ងួត​ប៉ុណ្ណោះ​ទេ តែ​ការងារ​នេះ​បាន​ជួយ​ដល់​វិស័យ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។ ជាក់ស្តែង សំណង់​ទ្វារ​ទឹក​នេះ នឹង​អាចជួយ​ដល់​ការធ្វើ​ស្រែប្រាំង ឬ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ ដែលមាន​ផ្ទៃដី​អាច​ដាំ​ដុះ​បាន​ជាង​១​ពាន់​ហិកតា​។​

​សំណង់​ទ្វារ​ទឹក​ដ៏​ថ្មីស្រឡាង​នេះ គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ព្រោះថា​កន្លងមក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងជើង​បារាយណ៍ទឹកថ្លា មិន​ធ្លាប់មាន​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​ទេ​។ ពេលនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​នាំយក​ទឹក ចូលដល់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង​។​

​លោក ស្វាយ ហុង មេឃុំ​ដូន​កែវ​លើកឡើងថា ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់លោក​តាំងពីដើម​មក​មាន​មុខរបរ​តែមួយគត់ គឺ​ធ្វើ​ស្រែវស្សា​។ ពួកគាត់​ដាំ​ដំណាំ​ដែរ តែ​ជា​ដំណាំ​តូចតាច​នៅ​ជុំវិញ​ផ្ទះ​។ តែដោយសារ​មាន​ប្រឡាយ និង​សំណង់​ទ្វារ​ទឹក​ដែល​អាច​ស្ទាក់​ទឹក​ទុក​ប្រើប្រាស់​សម្រាប់​ដំណាំ​កសិកម្ម​ផ្សេងៗ​នា​រដូវប្រាំង នោះ​អាច​នាំមក​នូវ​ការកែប្រែ​មុខមាត់​ថ្មី​របស់​អ្នកភូមិ​។

​លោក​បន្ថែមថា បើទោះជា​កន្លងមក អ្នកភូមិ​មិន​ធ្លាប់ធ្វើ​ដំណាំ​ខែប្រាំង​ក៏ដោយ តែ​លោក​សង្ឃឹមថា ចាប់ពី​ពេល​មាន​ប្រឡាយទឹក​ដែលមាន​ទឹក​គ្រប់គ្រាន់​នេះ នឹង​អាច​កែប្រែ​ឲ្យ​ពួកគាត់​ងាក​មក​ដាំ​ដំណាំ ជំនួស​ឲ្យ​ការធ្វើ​ចំណាកស្រុក​ទៅរក​ស៊ី​នៅ​ស្រុក​ផ្សេង​។​

​លោក ទស្ស សុមនា​ថ ប្រធាន​នាយកដ្ឋាន​ស្តីទី និង​ជា​អ្នកអនុវត្ត​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ ហៅ​កាត់​ថា ACHA លើកឡើងថា តាមរយៈ​កិច្ចសហការ​ជាមួយ​ប្រទេស​ញូ​វ​ហ្ស៊ី​ឡែ​ន យើង​កំពុងតែ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រើប្រាស់​ទឹក​ប្រឡាយ​នេះ​ឲ្យ​អស់​លទ្ធភាព សម្រាប់​ដំណាំ​កសិកម្ម​។ យើង​នឹង​ជួយ​ជីក​ប្រឡាយ​តូចៗ​ចេញពី​ប្រឡាយ​មេ ឬ​បូមទឹក​ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ (​ផ្ទាំង​សូ​ឡា​) ដើម្បី​បញ្ជូន​ទឹក​ទៅដល់​ស្រែ ឬ​ចម្ការ​របស់​ពួកគាត់​។ យើង​កំពុង​រៀបចំ​ពួកគាត់​ជា​ក្រុមៗ និង​មាន​អ្នកបច្ចេកទេស​ជួយ​ណែនាំ​ផ្នែក​កសិកម្ម​។​

​ប្រឡាយទឹក​នេះ ជា​ប្រឡាយ​ដែល​បំបែក​ចេញពី​ស្ទឹង​សៀមរាប ហូរ​ចាក់​ទៅ​ស្ទឹង​ព្រះ​ស្រុក ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារឡើងវិញ ក្នុងន័យ​បញ្ជៀ​ស​ទឹកជំនន់​ចេញពី​តំបន់​ឧទ្យាន​អង្គរ និង​ក្រុង​សៀមរាប ហើយក៏​ជា​ប្រភព​ស្រោចស្រព​ដ៏​សំខាន់​សម្រាប់​ប្រជាកសិករ​បង្កបង្កើនផល​។ ប្រឡាយ​នេះ មាន​ប្រវែង​សរុប​៥២​គីឡូម៉ែត្រ បច្ចុប្បន្ន​ការ​ស្តារឡើងវិញ​សម្រេចបាន​៣៨​គីឡូម៉ែត្រ​ហើយ​។ មិន​ត្រឹមតែ​ប្រឡាយ​ទេ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា ស្ពាន ផ្លូវ និង​សំណង់​ទ្វារ​ទឹកជា​ដើម ក៏ត្រូវ​បាន​សាងសង់​ដំណាលគ្នា​ដើម្បី​សម្រួលការ​ធ្វើចរាចរ និង​ដើម្បី​ទប់ទឹក​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​៕

សំណង់​ទ្វារ​ទឹក​នៅ​ដូន​កែវ​អាច នឹង​កែប្រែ​ជី​ភាព​ពលរដ្ឋ​ឲ្យ​ប្រសើរឡើង​មួយកម្រិត​ទៀត​

សំណង់​ទ្វារ​ទឹក​នៅ​ដូន​កែវ​អាច នឹង​កែប្រែ​ជី​ភាព​ពលរដ្ឋ​ឲ្យ​ប្រសើរឡើង​មួយកម្រិត​ទៀត​

សំណង់​ទ្វារ​ទឹក​នៅ​ដូន​កែវ​អាច នឹង​កែប្រែ​ជី​ភាព​ពលរដ្ឋ​ឲ្យ​ប្រសើរឡើង​មួយកម្រិត​ទៀត​