ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហសេនាបតីតេជោ ​ហ៊ុន សែន​ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម​ (facebook) Page ​ផ្លូវការបស់​សម្តេចបង្ហោះ​នៅព្រឹកថ្ងៃ​ទី​២២ មករា​ ២០១៦ ​មានខ្លឹមសារទំាងស្រុងដូចតទៅ​ ៖ " ខ្ញុំសូមអរគុណជនរួមជាតិ​ ​ជាពិសេសប្អូនៗ​ ក្មួយៗ និងចៅៗ ​ជាយុវជនដែលតែងតែគាំទ្រ ​តាមដាន ​និងចែករំលែក ពត៌មានពីគេហទំព័រខ្ញុំ​ទៅកាន់មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស​ (Likes, shares, Comments)​ ។ ជាពិសេស នៅក្នុងកំឡុង​ពេលដែលខ្ញុំទៅពិនិត្យ​សុខភាពនៅសឹង្ហបូរី តាមការណែនាំ​របស់របស់គ្រូពេទ្យជំនាញ កម្ពុជា។

ហ្វេសប៊ុគ ​(Facebook)​ខ្ញុំ ជាជាហ្វេសប៊ុគសន្តិភាព ​ដែលលើកតម្កើងសិទ្ឋិសេរីភាព ​និងសកម្មភាពចូលរួមកសាង​សង្គមដោយអហឹង្សា។​ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន ​គឺនឹងជួយជំរុញអោយការ​កសាងសង្គមជាតិ​យើងកាន់តែមានសន្ទុះលឿនទៅមុខ។

ដើម្បីបង្កបរិយាកាស​កាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិ ​និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ​ខ្ញុំនឹងបើកវេទិការឆ្លើយឆ្លង​ជាមួយយុវជន​ និងជនរួមជាតិ នៅក្នុង Facebook​ ខ្ញុំផ្ទាល់លើប្រធានបទដែល​មានសារៈសំខាន់ក្នុងការកសាងសង្គមជាតិដូចជា ​ការគោរពច្បាប់ចរាចរណ៍ ​អំពើល្អចំពោះមនុស្សចាស់ជរា ​និងជនពិការ អំពើល្អចំពោះកុមារ​ និងស្រ្តីទន់ខ្សោយ ​ការជួយគ្នានៅពេលមាន​គ្រោះថ្នាក់ចរាចរណ៍ ​ការចូលរួមរើសសំរាមសំអាតទីក្រុង ​និងតាមទីធ្លាសាធារណៈ ​ការទប់ស្កាត់និងលុប បំបាត់គ្រឿងញៀន ​និងការឈប់ជក់បារីជាដើម។ល។ ​ យុវជនអាចផ្ញើជាអត្ថបទ​ ឃ្លីបសម្លេង​ ឃ្លីបវីដេអូ រូបថត​ រូបគំនូរដើម្បីចូលរួម។

យុវជនដែលទទួលបាន​ការគាំទ្រច្រើនជាងគេពីមហាជនគឺនឹង​ទទួលរង្វាន់លើកទឹកចិត្តមានជា​ មេដាយ និងប័ណ្ណសរសើរពី​នាយករដ្ឋមន្រ្តី។ ​កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។​ សំរាប់ប្រធានបទជាក់លាក់​ និងបែបបទនៃការប្រកួត​ប្រជែងនឹងជំរាបជូននៅពេលក្រោយ។

សូមយុវជនធ្វើជា​គំរូល្អសម្រាប់យុវជនដូចគ្នា ​ហើយសូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាកុំបីខាន !