ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ លោក ប្រាក់ លាង​ហួរ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ការ​ប្រជុំ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មការ​សហគមន៍​នេសាទ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ត្រូវ​បរាជ័យ​ព្រោះតែ​សមាជិក​សហគមន៍​មក​ចូលរួម​ប្រជុំ​មិន​ដល់​២​ភាគ​៣​ផង ហេតុនេះ​ការ​ប្រជុំ​ព្រឹក​នោះ​ត្រូវ​រំសាយ​ចោល​។ លោកនាយ​រង​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាន​មាន​ប្រសាសន៍​បែប​នេះ បន្ទាប់​ការ​រៀបចំ​ប្រជុំ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មការ​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​ថ្មី នៅ​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ មិន​បាន​សម្រេច ។

សមាជិក​សហគមន៍​នេសាទ​បាន​សំណូមពរ​ថា ការ​ជ្រើសរើស​គណៈកម្មការ​សហគមន៍​នេសាទ​ថ្មី សូមកុំ​ឱ្យ​មាន​សមាសភាព​គណៈកម្មការ​សហគមន៍​នេសាទ​ចាស់ ដោយសារ​តែ​នៅ​ក្នុង​អាណត្តិ​គណៈកម្មការ​សហគមន៍​នេសាទ​ចាស់​មាន​បទល្មើស​នេសាទ​ច្រើន​នៅ​ក្នុង​ដែន​អភិរក្ស​ធនធាន​ជលផល​កំពង់ព្រះ​គគីរ​ផ្ទុយ​ពី​ច្បាប់​សហគមន៍ ទើបត្រូវ​បាន​រំសាយ​ចោល ។

សូម​បញ្ជាក់​ថា ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ជូនដំណឹង​ដល់​លោក​ឃុំ​កំពង់ព្រះ​គគីរ​១ ស​ប្តា​ហ៍​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​គណៈ​កម្មការ​សហគមន៍​ដោយ​កំណត់​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​នោះ ដំណើរការ​បោះ​ឆ្នោត​ត្រូវ​បាន​ខកខាន​ដោយសារ​តែ​សមាជិក​ក្នុង​សហគមន៍​នេសាទ​មក​ចូលរួម​បាន​តែ​៩៩​នាក់​ក្នុង​ចំណោម​សមាជិក​សរុប​ចំនួន​២៨២​នាក់ ។ តាម​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត គឺ​តម្រូវ​ឱ្យ​មាន​សមាជិក​ចូលរួម​យ៉ាងតិច​២​ភាគ​៣​ទើប​អាច​បោះ​ឆ្នោត​បាន ។ ក្រោយ​ពី​បាន​ផ្សព្វផ្សាយ​ពី​ការងារ​នេះ​ជូន​សមាជិក​សហគមន៍​មក អង្គប្រជុំ​បាន​ឯកភាព​គ្នា​ឱ្យធ្វើ​ការ​បោះ​ឆ្នោត​នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ក្រោយ​ពេល​ប្រជាពលរដ្ឋ​ប្រមូល​ផល​ស្រែ​ចម្ការ​រួច ។

ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០១៦ បាន​ប្រាប់​ថា ពួក​គាត់​ទើបតែ​លោក​មេ​ភូមិ​ប្រាប់​ឱ្យមក​ចូលរួម​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​មិន​បានដឹង​នោះ​ឡើយ​ទើប​មាន​អ្នក​មក​ចូលរួម​តិច​ដែល​បញ្ហា​នេះ​មិន​ត្រូវ​បន្ទោស​ប្រជាពលរដ្ឋ​ឡើយ ។

លោក ចែ​ម ភ័ក្តិ អភិបាលរង​ស្រុក​បរិបូណ៌​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​ថ្លែង​ថា ការ​អញ្ជើញ​និង​ការ​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យមក​ប្រជុំ​មាន​ន័យ​ខុស​គ្នា ព្រោះ​ការ​អញ្ជើញ​គឺ​ត្រូវ​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់​ថា​ប្រជុំ​រឿង​អី​ដើម្បី​អី ។ ឯការ​ប្រាប់​វិញ គឺ​ប្រាប់​ឱ្យ​រួច​តែ​ពី​មាត់​មិន​បញ្ជាក់​ពី​មូលហេតុ​ប្រជុំ​ច្បាស់លាស់ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មិន​បានដឹង​បែប​នេះ ។

គួរ​បញ្ជាក់​ថា គណៈកម្មការ​សហគមន៍​នេសាទ​ចាស់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បរិបូណ៌​រំសាយ​ចោល​ក្រោយ​ពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​បណ្តោយ​ឱ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​ច្រើន​នៅ​ក្នុង​ដែន​អភិរក្ស​ធនធាន​ជលផល​ឃុំ​កំពង់ព្រះ​គគីរ ។ ហើយ​អ្នក​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ជា​បក្ខពួក សាច់ញាតិ និង​សមាជិក​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​រួម​ទាំង​មានកូន​អាជ្ញាធរ​ឃុំ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ឡើយ ទើប​មាន​គម្រោង​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មការ​សហគមន៍​នេសាទ​ថ្មី​ខាងលើ​នេះ ៕