ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ធំ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានស្រង់របាយការណ៍សមត្ថកិច្ចឲ្យដឹងថា ​បុរសម្នាក់បានប្រើបា្រស់ពូថៅ​កាប់ទៅលើប្រពន្ឋនិងម្តាយក្មេក បណ្តាលឲ្យស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ​បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១​ មករា ២០១៦ ​ស្ថិតនៅក្បែររោងស្នាក់​នៅតំបន់អូរកំបុត ​ចម្ការដំឡូង ​ទិសខាងត្បូង​ឈាងខាងកើត​ចម្ងាយប្រមាណ៦គីឡូម៉ែត្រពី​ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ។

សេចក្តីរាយការណ៍បន្តថា​ ជនសង្ស័យជាឃាតករឈ្មោះ ​ហ៊ន ប៊ុនធាង អាយុ២៧ឆ្នាំ ​រីឯជនរងគ្រោះប្រពន្ឋដែលប្តី​កាប់ចំលើដោះខាងឆ្វេងឈ្មោះ ​ឈិន ស្រីទុំ ​អាយុ២៥ឆ្នាំ និងម្តាយក្មេកត្រូវជនដៃដល់​កាប់ចំក្បាលនោះឈ្មោះ​ យឹម សារឿន អាយុ៥៨ឆ្នាំ ​ទំាង៣នាក់រស់នៅក្នុងភូមិទំអរ​ ឃុំទំរីង ស្រុកសណ្តាន់និង​មានមុខរបរជាអ្នកស៊ី​ឈ្នួល​ដំានិងធ្វើស្មៅដំឡូង ។

ប្រភពបន្តថា​ ក្រោយកាប់ប្រពន្ឋនិងម្តាយក្មេកស្លាប់​ដោយមិនទាន់ដឹងមូលហេតុ ​ជនដៃដល់បានរត់គេចបាត់​ នៅពេលនេះសមត្ថកិច្ចកំពុង​តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ​យកមក​ផ្តន្ទា​ទោស​តាមច្បាប់ ៕