Liverpool មាន​ផែន​ការ​រៀប​ចំ​កិច្ច​ពិភាក្សា​បន្ថែម​ទៀត​ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ Teixeira

ក្លិប Liverpool នឹង​រៀប​ចំ​កិច្ច​ពិភាក្សា​បន្ថែម​ទៀត​ជា​មួយ​នឹងក្លិប Shakhtar Donetsk ជុំវិញការ​​ចុះហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Alex Teixeira ក្រោយ​ពី​​បាន​ដាក់​សំណើ​ដេញ​ថ្លៃ​ជា​បឋម​ក្នុង​ទឹក​ប្រាក់​៣២​លាន​​អឺ​​រ៉ូ (ស្មើនឹង​៣៤,៧​លាន​ដុល្លារ​អាមេ​រិក​) ​សម្រាប់​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​។

alexisប្រតិ​ភូ​របស់ Liverpool មួយ​ក្រុម​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Ian Ayre ដែល​ជា​ប្រធាន​​ប្រតិ​បត្តិ បាន​ជួប​ជាមួយ​នឹង​មន្ត្រី​របស់​ក្លិប​អ៊ុយក្រែន​នៅ​សប្តាហ៍នេះក្នុង​ទីក្រុង Orlando ដែល​ជា​កន្លែង​ក្រុម Shakhtar កំពុង​ប្រកួត​​ពាន Florida Cup ក្រោយ​ពី​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ជា​កីឡាករ​​ដែល​ត្រូវ​​បន្ថែម​ក្នុង​តំបន់​ប្រយុទ្ធ​របស់​លោក Jurgne Klopp​។ លោក Ayre និង​ក្រុម​​ការ​ងារ​​បាន​វិលទៅកាន់​អង់​គ្លេស​វិញ​​កាលពីថ្ងៃ​ព្រហស្បតិ៍​ដោយ​​មិនមានកិច្ច​​ព្រម​ព្រៀង​ណាមួយ​ត្រូវ​បាន​ឈាន​ដល់​ឡើយ ប៉ុន្តែ Shakhtar កំពុង​តែ​មាន​ឆន្ទៈ​ក្នុង​ការ​​បន្ត​ការ​ចរ​ចា​ផ្សេង​ៗ​អំឡុង​ពេលបើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែ​មក​រា​នេះ​។

ក្លិប​ទាំង​ពីរ​​កំពុង​តែ​​ស្ថិតក្នុង​គម្លាត​យ៉ាង​ឆ្ងាយ​ចំពោះ​​តម្លៃ​ខ្លួន​របស់ Teixeira ខណៈ​ដែល​លោក Rinat Akhmetov ដែល​ជា​ម្ចាស់​ក្លិប Shakhtar កំពុង​ស្នើ​សុំ​​នូវតម្លៃ​ខ្លួន​ក្នុង​ទឹក​ប្រាក់​៥០​លាន​អឺ​រ៉ូ​សម្រាប់​ខ្សែ​ប្រយុទ្ធម្នាក់​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ការប្រកួត​លីក​១៥​លើក​​នៅ​រដូវកាល​នេះ បូក​រួម​ទាំង​ការរក​បាន​៣​គ្រាប់​​ទៀត​ក្នុង​ការ​ប្រកួត​៦​លើកនៃ​ក្រប​ខ័ណ្ឌ Champions League ផង​ដែរ​។ ក្លិប Liverpool ​បាន​ស៊ុត​បាល់​​បញ្ចូល​ទី​​តែ​២៥​គ្រាប់​គត់​ក្នុង​ចំណោម​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ចំនួន​២២លើក​។ ចំណុច​ដ៏​គួរ​ឲ្យ​ស្មុគ​ស្មាញ​មួយ​ទៀត​គឺ​​ការ​ស្ទាក់​ស្ទើរ​របស់​ក្លិប Shakhtar ក្នុង​ការ​លក់​កីឡាករ​រូប​នេះ​នៅ​ខែ​មក​រា ប៉ុន្តែ Teixeira ពិត​ជា​ចង់​ផ្ទេរ​ទៅ​កាន់​ក្រ​បខ័ណ្ឌ Premier League ហើយ​ក្លិប Liverpool នឹង​ធ្វើការ​សាកល្បង​ទៅលើ​ការ​ដោះ​ស្រាយ​របស់ Shakhtar ម្តង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​៕

ប្រភព​ព័ត៌​មាន៖ The Guardian