ក្លិប Fiorentina ចុះ​ហត្ថលេខា​ជា​មួយ Zarate ពីក្លិប West Ham

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អា​ហ្សង់​ទីន Mauro Zarate បាន​ចូល​រួម​ជាមួយនឹង​ក្លិប Fiorentina របស់​ក្រប​ខ័ណ្ឌ Serie A ពីក្លិប West Ham​។

fiorentinaនេះបើយោង​ទៅតាម​ការ​​បញ្ជាក់​របស់​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។ Zarate បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ក្លិប​ញញួរ​ធំ​ពីក្លិប Velez Sarsfield កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ ​បាន​ជួប​ភាព​​ត្រដាប​ត្រដួស​ក្នុង​ការ​​ទទួ​ល​បានការ​បង្ហាញខ្លួន​ជា​ទៀង​ទាត់​ក្នុង​ក្រុម​ជម្រើស​ដំបូង ក្រោយពី​​ការ​ទៅ​ដល់​របស់​លោក​គ្រូ​បង្វឹកថ្មី Slaven Bilic កាលពីឆ្នាំ​មុន​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ ដែល​​បាន​ជួប​ពេល​វេលា​ខ្ចី​ជើង​ដ៏​ខក​ចិត្តមួយ​នៅ​ឯ​ក្លិប QPR នៅ​រដូវកាលមុន​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​៥​គ្រាប់​គត់​ក្នុង​​ចំណោមការ​បង្ហាញខ្លួន​២១​លើកក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​សម្រាប់​ក្រុម West Ham នៅ​រដូវកាលនេះ​។

Zarate ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​ចុះ​​កិច្ច​សន្យារយៈ​ពេល​២​ឆ្នាំ​កន្លះ​​ជា​មួយនឹងក្លិប Fiorentina ដែល​ត្រូវ​បាន​ជឿ​ជាក់​ថា បាន​ចំណាយ​ប្រាក់​១,៦​លាន​ផោន (ស្មើនឹង​២,២​លាន​ដុល្លារ​អាមេ​រិក) សម្រាប់​អតីត​តារា​ឆ្នើម​របស់​ក្លិប Lazio រូបនេះ​។ ក្លិប West Ham បាន​ឲ្យ​ដឹង​នៅលើ​គណនី​បណ្តាញ​សង្គម Twitter របស់​​ពួក​គេ​ថា៖ «Mauro បាន​ចូល​រួម​ជា​មួយនឹង Fiorentina ក្នុង​កិច្ច​​សន្យា​ជា​អចិន្ត្រៃយ៍​។ ក្លិប West Ham សូម​ថ្លែង​អំណរ​គុណ​ដល់ Mauro សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ​សម្រាប់ក្លិប និង​សូម​ជូន​ពរ​ឲ្យ​រូប​គេ​ជួប​តែ​សំណាង​ល្អ​ក្នុង​អាជីព​ទៅ​​ថ្ងៃ​អនា​គត​របស់​គេ​»​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post