ឃាតករ​សាហាវ​រំលោភ​ក្មេង​ស្រី​អារ​.​ក​សម្លាប់​នឹង​ធាងត្នោត

ឃាតករ​សាហាវ​រំលោភ​ក្មេង​ស្រី​អារ​.​ក​សម្លាប់​នឹង​ធាងត្នោត

ខេត្តកំពត ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់​ត្រូវ​បាន​គេ​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត កាលពី​យប់​ថ្ងៃ​ទី​១៩ មក​រា លុះដល់​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ទើប​ប្រទះ​ឃើញ​សព​នោះ ។ នៅ​រសៀល​ថ្ងៃ​ដដែល​ក្រោយ​ពី​មានការ​ស៊ើ​ប​អង្កេត​និង​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ហើយ ឈ្មោះ ថន រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​បក្ខពួក​មួយ​ចំនួន​ទៀត ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​រំលោភ​សម្លាប់​នេះ ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ។

ទោះបីជា​បែប​ណា សមត្ថកិច្ច​ពុំ​ទាន់​ផ្តល់​លទ្ធផល​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា​យ៉ាងណា​ៗ ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅឡើយ​ទេ ព្រោះ​នៅ​មានការ​ពាក់ព័ន្ធ​នឹង​បក្ខពួក​ច្រើន​នាក់​ទៀត ។

សព​ក្មេង​ស្រី​រង​គ្រោះជា​សិស្សសាលា អាយុ​១៤​ឆ្នាំ ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២០ មក​រា នៅ​ក្នុង​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​តំបន់​នោះ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឃុន ណា​ន អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ កុមារី​រូប​នេះ បាន​បាត់​ខ្លួន ខណៈ​នាង​ចេញ​ទៅ​រៀន​នៅ​សាលា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ។ លុះដល់​ល្ងាច​ពុំ​ឃើញ​នាង​មក​ផ្ទះ​វិញ បងប្អូន​ក៏​មានការ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង ក៏​នាំ​គ្នា​ដើរ​រក​ទាំង​យប់ តែ​រក​ពុំ​ឃើញ​សោះ ។

លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​២០ មក​រា ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​ដើរ​ចេញ​ទៅ​វាលស្រែ ក៏​ប្រទះ​ឃើញ​សព​កុមារី​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាល​វាលស្រែ ដោយ​មាន​គ្រប​ជញ្ជាំង​ពីលើ​ខ្លះ​ៗ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ អ្នកស្រុក​ដែល​រស់នៅ​ជិត​គ្នា បានឱ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ មិន​បាន​នៅផ្ទះ​ទេ គឺ​ពួក​គាត់​រវល់​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ឯ​ខេត្ត​ផ្សេង ហើយ​ទុក​ឱ្យ​ក្មេង​ស្រី​ជា​កូន នៅ​ជាមួយ​បងប្អូន ។

ក្រោយ​ពី​ការ​ពិនិត្យ ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់​ពី​នគរបាល​ជំនាញ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​ខេត្ត ជា​ជំហាន​ដំបូង​បាន​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​រំលោភ​សម្លាប់ គឺ​សម្លាប់​ដោយ​អារ​.​ក​នឹង​ធាងត្នោត ។ ចំពោះ​ការ​រំលោភ ហើយ​សម្លាប់​បំបិទមាត់​នេះ គឺ​ជនល្មើស​និង​ជន​រង​គ្រោះ ជា​មនុស្ស​ស្គាល់គ្នា ទើប​សម្លាប់​បែប​នេះ ព្រោះ​ខ្លាច​បែក​ការណ៍ ដែល​សង្ស័យ​យ៉ាង​ប្រាកដ​ថា មាន​គ្នា​២​នាក់​ជា​ឃាតករ ។

ដោយ​ការ​កំណត់​បាន​បែប​នេះ​ហើយ ទើប​មានការ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃរសៀល បន្ទាប់​ពី​មានការ​ប្រទះ​ឃើញ​សព​របស់​នាង ។

ព័ត៌មាន​ចុង​ក្រោយ

គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ មក​រា លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​បាន​មាន​ប្រសាសន៍​ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ  ដោយ​បញ្ជាក់​ថា ជន​នេះ​មិន​ទាន់​សារភាព​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​នា​ល្ងាច​ថ្ងៃ​ទី​២១ មក​រា​។ ប៉ុន្តែ​មាន​ចម្លើយ​ខ្លះ​ដែល​សមត្ថកិច្ច​ជំនាញ​បាន​ចាប់អារម្មណ៍ តាម​ចំណុច​ដែល​ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ ។

ចំណុច​ដែល​សមត្ថកិច្ច​អាច​កត់សម្គាល់​បាន គឺ​ជនល្មើស​អាច​ធ្វើ​សកម្មភាព​រំលោភ​ហើយ​សម្លាប់​នេះ មាន​គ្នា​ពីរ​នាក់ ហើយ​ករណី​សម្លាប់​គឺ អា​រក​នឹង​ធាងត្នោត ។ លោកស្នងការ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២១ មក​រា សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជុំវិញ​ករណី​នេះ ដែល​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​ក្រោយ​ពេល​បាន​ព័ត៌មាន​បន្ត​ទៀត ៕