ក្មេង​ចាស់​ប្រុស​ស្រី​៤៣​នាក់​ពុល​នំ​ប៉័ង​ដាក់​សាច់

ក្មេង​ចាស់​ប្រុស​ស្រី​៤៣​នាក់​ពុល​នំ​ប៉័ង​ដាក់​សាច់

ខេត្ត​ត្បូងឃ្មុំ ៖ អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៤៣​នាក់  រស់នៅ​តំបន់​ផ្សេង​ៗ​គ្នា បាន​ពុល​នំប៉័ង​ដាក់​សាច់​របស់​ជនជាតិ​វៀតណាម  ដែល​ដឹក​តាម​ម៉ូតូ ដើរ​លក់​តាម​ភូមិឋាន​ជាប់​ព្រំដែន ក្នុង​នោះ​មាន​២៥​នាក់ មក​ពី​ស្រុក​ស្នួល​ខេត្តក្រចេះ និង​១៨​នាក់​ទៀត មក​ពី​ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ មក​រា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២០ មក​រា មាន​មួយ​ចំនួន​បាន​ធូរស្រាល​ត្រូវ​បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ។

អធិការ​នគរបាល​ស្រុក​មេមត់ លោក​វរសេនីយត្រី ហុង គឹ​ម​ហឿ​ន ប្រាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ មាន​ប្រុស​មាន​ស្រី​ចំនួន​២៥​នាក់ បាន​ពុល កាលពី​ល្ងាច ថ្ងៃ​ទី​១៩ មក​រា ដោយសារ​នាំ​គ្នា​ទិញ​នំប៉័ង​ដាក់​សាច់ ដែល​ជនជាតិ​វៀតណាម​ដឹក​តាម​ម៉ូតូ​មក​ដើរ​លក់ ។ លោក​និយាយ​ថា លុះ​ពេល​ដែល​នាំ​គ្នា​ទិញ​មក​ទទួលទាន ក៏​ស្រាប់តែ​មាន​អាការ​ពុល​ក្អួតចង្អោរ​និង​រាគ​រូស​បន្តបន្ទាប់ ក៏​ប្រញាប់​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​អធិការ បាន​បន្ត​ទៀត​ថា ចំណែក​អ្នក​ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំ​ពាន់ ស្រុក​មេមត់ ចំនួន​១៨​នាក់ ក៏​បាន​ពុល​នំប៉័ង​ដាក់​សាច់​នេះ​ដែរ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ មក​រា  អ្នក​ដែល​រង​គ្រោះ​ទាំង​ប៉ុន្មាន​ដោយ​ពុល​នំប៉័ង​ដាក់​សាច់​ទាំងនោះ បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្តើរ​ៗ​ហើយ ដោយ​មិន​មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ បានឱ្យ​ដឹង​ដែរ​ថា ការ​ពុល​ខាងលើ ដោយសារ​តែ​អ្នក​ភូមិ​នាំ​គ្នា​ហូប​នំប៉័ង​ដាក់​សាច់ ដែល​ជនជាតិ​វៀតណាម ដឹក​មក​លក់​នៅ​ស្រុក​ជាប់​ព្រំប្រទល់ ។ មាន​អ្នកខ្លះ​ដែល​មិន​ទាន់​មាន​សុខភាព​ប្រសើរ​នោះ រូប​លោក​មិន​ទាន់​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ទេ ដោយ​ឱ្យ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ តាមដាន​ពី​សុខភាព ។ ក្នុង​ចំណោម​អ្នក​ពុល​ជាង​៤០​នាក់ គឺ​មាន​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម  ។

លោក​វេជ្ជបណ្ឌិត នុ​ត មុនី ប្រធាន​ការិយាល័យ​បច្ចេកទេស​មន្ទីរ​សុខាភិបាល ខេត្ត​បញ្ជាក់​ថា អ្នក​រង​គ្រោះ​ដែល​ពុល​នំប៉័ង​ដាក់​សាច់​ទាំងនោះ បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ នា​ល្ងាច​ថ្ងៃ​ទី​២០ មក​រា ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​៣៤​នាក់  នៅ​ភូ​មិច​ង្គុំ​ទី​១ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​បាន​ពុល​នំប៉័ង​ដាក់​សាច់​ជនជាតិ​វៀតណាម ក៏​មិន​ទាន់​ទទួល​បាន​លទ្ធផល​ចេញពី​ការ​យក​ទៅ​ពិសោធន៍​នៅឡើយ​ដែរ ។

ការ​ពុល​នំ​ប៉័​ង​ដាក់​ដាច់​នេះ មិនមែន​ជា​រឿង​ដែល​ទើប​កើតឡើង​លើក​ដំបូង​ទេ គឺ​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​ការ​យក​សំណាក​ដែល​សង្ស័យ​ទៅ​ធ្វើការ​ពិសោធ​នោះ មិន​ដែល​មានការ​ប្រកាស​ជា​សាធារណៈ​ពី​ការ​រក​ឃើញ​មូលហេតុ​នោះ​ឡើយ ថា​តើ​ការ​ពុល​នំ​ប័​ុ​ង​ដាក់​សាច់​បណ្តាល​មក​ពី​អ្វី ? ដែល​ខ្លះ​សង្ស័យ​លើ​នំ​ប៉័​ង ខ្លះ​សង្ស័យ​លើ​សាច់​ប៉ា​តេ ខ្លះ​សង្ស័យ​លើ​ជ្រក់ ។​ល​។ ទីបំផុត​ក៏​ស្ងាត់​ទៅ ។ លើក​នេះ​ទៀត មិនដឹង​ថា​មាន​លទ្ធផល​ប្រកាស​ឱ្យ​ដឹង ឬ​បែប​ណា​នោះ​ទេ ដែល​ស្រួល​មិន​ស្រួល រក​មិនឃើញ​ពី​មូលហេតុ​ដូច​មុន​ដែរ​ក៏​មិនដឹង ។ បើ​តែ​យ៉ាងហ្នឹង​ទេ តើ​យើង​បាន​អ្វី​ជម្រាប​ការ​ពិត​ឱ្យ​អ្នកស្រុក​មានការ​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​បែប​ម៉េច​ទៅ ?