សុខភាព &raquo សុខភាព

ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​ថា  គឺ​ស្ករ​មិនមែន​អំបិល​ទេ​ដែល​ជា​កត្តា​ចម្បង បណ្តាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

ពួក​គេ​បាន​បញ្ជាក់​ថា វត្តមាន​ស្ករ​ក្នុង​កម្រិត​មួយ​ខ្ពស់​បាន​ប៉ះពាល់​ទៅ​លើ​តំបន់​សំខាន់​របស់​ខួរក្បាល​ឈ្មោះ​ថា Hypothalamus ជា​ហេតុ​បណ្តាល​ឱ្យ​ចង្វាក់បេះដូង​ដើរ​ញាប់ ហើយ​សម្ពាធ​ឈាម​ក៏​កើនឡើង ។ ជាង​នេះ​ទៅ​ទៀត ស្ករ​អាច​នឹង​ធ្វើ​ឱ្យ​រាង​កាយ​របស់​មនុស្ស​ផលិត​អាំង​ស៊ុ​យ​លី​ន​(​ជា​អ័រម៉ូន​ដែល​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ចង្វាក់បេះដូង​ដើរ​ញាប់​)​កាន់តែ​ច្រើន​ឡើង ។

នៅ​ក្នុង​ការ​ពិនិត្យ​មើល​លើ​លទ្ធផល​នៃ​ការ​សិក្សា​មួយ​របស់​បារាំង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​ទីក្រុង​ញូ​វ​យ៉​ករក​ឃើញ​ថា ពុំ​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​លើសឈាម​និង​អំបិល​ឡើយ ។

របាយការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Cardiology របស់​អា​មេ​រិ​ក ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត​James DiNicolantonio បាន​កំណត់​ថា វា​គឺជា​ស្ករ​មិនមែន​អំបិល​ឡើយ​ដែល​ជា​កត្តា​បង្ក​យ៉ាង​ពិតប្រាកដ​នៃ​ការ​លើសឈាម ។ គំនិត​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ពិសោធ​ខ្នាត​ធំ​ពី​មុន​មក​មួយ​ចំនួន​ដោយ​ការ​ពិសោធ​ទាំងនោះ​បាន​រក​ឃើញ​ថា ស្ករ​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​បញ្ហា​លើសឈាម​ធៀប​ទៅ​នឹង​អំបិល ។ ដូច្នេះ​ការ​លើកទឹកចិត្ត​ឱ្យ​បណ្តាជន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ស្ករ អាច​ជា​យុទ្ធសាស្ត្រ​របប​អាហារ​ដ៏​ល្អ​ប្រសើរ​ដើម្បី​គ្រប់គ្រង​បញ្ហា​លើសឈាម ។

ចំណែក​វេជ្ជបណ្ឌិត Aseem Malhotra អ្នកឯកទេស​បេះដូង និង​ជានា​យក​វិទ្យាសាស្ត្រ​នៃ​ក្រុម​យុទ្ធនាការ Action on Sugar ថ្លែង​ថា ហានិភ័យ​សុខភាព​សាធារណៈ​បង្ក​ឡើង​ដោយ​ស្ករ​ត្រូវ​បាន​គេ​មើល​ស្រាល ។ លោក​បន្ថែម​ថា យើង​ដឹង​ថា ស្ករ​មិន​បាន​ផ្តល់​ឱ្យ​រាង​កាយ​នូវ​សារធាតុចិញ្ចឹម​ណាមួយ​នោះ​ទេ ។ បន្ថែម​ពីលើ​នេះ​ទៀត មាន​ភ័ស្តុតាង​ដ៏​ជាក់ច្បាស់​ដែល​បង្ហាញ​ថា ស្ករ​ម្នាក់ឯង​គឺជា​កត្តា​ហានិភ័យ​សម្រាប់​ជំងឺ​ច្រើន​យ៉ាង ៕