សាច់ញាតិ មិត្ត​ភ័ក្តិ សហជីព និង​អ្នកនយោបាយ ជួបជុំ​រម្លឹក​ខួប ១២ ឆ្នាំ នៃ​មរណភាព​មេដឹកនាំ​សហជីព លោក ជា​វិជ្ជា​

ភ្នំពេញ: ​សហជីព​សេរី​កម្មករ សាច់ញាតិ មិត្ត​ភ័ក្តិ កម្មករ និង​អ្នកនយោបាយ បាន​ជួបជុំ ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ សព​លោក​ជា​វិជ្ជា គម្រប់​ខួប​លើក​ទី ១២ ឆ្នាំ នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​ទីតាំង​រូបសំណាក​លោក​ជា​វិជ្ជា នៅ​សួនច្បារ ខាងលិច​វិមានឯករាជ្យ ជិត​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ក្នុង​ពិធី​ជួបជុំ ដែល​មិនសូវ​អធិកអធម​នោះ ទាំង​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក ជា វិជ្ជា ទាំង​មេដឹកនាំ​សហជីព​កម្មករ លោក​អាត់​ធន់ ព្រមទាំង​អ្នកនយោបាយ មកពី​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោក អេង ឆៃអ៊ាង បាន​ថ្លែង​ជំរុញ​ឲ្យ​មានការ​ចាប់ខ្លួន​ឃាតក និង​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​លើ​លោក​ជា​វិជ្ជា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

​សូម​រម្លឹកថា លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ ត្រូវបាន​ឃាតក បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ​។​

​ឃាតក​កម្ម​លើ​អតីត​មេដឹកនាំ​សហជីព​កម្មករ ដែល​លម្អៀង​ទៅខាង​គណបក្សប្រឆាំង​នោះ នៅ​មិនទាន់​រកឃើញ​ឃាតក​ពិត​នៅឡើយ​ទេ ក្រោយពី​ឃាតក​សិប្ប​និមិត្ត ២ នាក់ គឺ​ប៊​ន សំណាង និង​សុក​សំអឿន ត្រូវបាន​តុលាការ​ដោះលែង កាលពី​ឆ្នាំ​២០១៤​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស ដោយមាន​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន ដើម្បី​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​កម្មករ រួមមាន លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង​លោក រស់ សុ​វណ្ណា​រ៉េត​។ ប៉ុន្តែ​រហូតដល់​ពេលនេះ ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ក្តី​នោះ មិនទាន់មាន​លទ្ធផល​បែបណា​នៅឡើយ​ទេ​៕