សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

បទ​ភ្លេង​របស់​បទ​ចម្រៀង «​ជ្រោះ​ពេជ្រ​ចិន្តា​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​តែង​យូរហើយ គឺ​តាំងពី​នៅ​រៀន​ម្ល៉េះ ។ កាល​ណោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន តែងតែ​យក​បទ​នេះ​ទុក Solo  MANDOLINE សម្រាប់​ពេល​ប្រគំ​តន្ត្រី ម្តង​ៗ ។

រហូត​មក​ដល់​ឆ្នាំ​១៩៧៤ ពេល​ដែល​ក្រុមហ៊ុន​ឡាក់ ស៊ា តម្រូវ​ឱ្យ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​ធ្វើ​បទ​ដាក់​កាស្សែត ទើប​លោក​យក​បទ​នេះ​មក​ច្នៃ​រៀបចំ​ឡើង​វិញ ដោយ​ដាក់​ឈ្មោះ​ថា «​ជ្រោះ​ពេជ្រ​ចិន្តា​» ។

ក្នុង​សៀវភៅ «​កំណាព្យ​ស្នេហ៍​មាស​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឱ្យ​ដឹង​ថា លោក​សរសេរ​បទ​នេះ គឺ​ដើម្បី​រំឭក​ដល់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ខេត្តបាត់ដំបង តាម​ផ្លូវ​ទៅ​ស្រុក​រតន​មណ្ឌល (​ប៉ៃលិន​) ។

កាល​ណោះ ក្រោយ​ពី​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រួច​ទុក្ខទោស ព្រោះ​វិបត្តិ​ប្រលោមលោក​រឿង «​វិមាន​នរក​» នោះ​មក លោក​បាន​ទៅ​លេង​ជ្រោះ​ពេជ្រ​ចិន្តា​ជាមួយ​ឪពុកក្មេក និង​បងប្រុស ដើម្បី​រំហើយ​កាយ ឱ្យ​ផុត​ពី​ភាព​តប់ប្រមល់​ផង និង​ដើម្បី​រក​ផ្កា​អ៊័​រ​គី​ដេ​ព្រៃ​ផង ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឃើញ​ជ្រោះ​ពេជ្រ​ចិន្តា ក៏​នឹក​អរគុណ​ដល់​ធម្មជាតិ ដែល​ចេះ​រចនា​ដងព្រៃ​នោះ​ឱ្យទៅ​ជា​រមណីយដ្ឋាន​មួយ ប្រកបដោយ​សោភ័ណ​ភាព សែន​ស្រងេះស្រងោច​ខ្លោចផ្សា ។

ដោយសារ​លម្អ​របស់​ទីនោះ បាន​ចាក់​ធ្លុះ​មុត​ជ្រៅ​ទៅ​ក្នុង​បេះដូង​របស់​អ្នកទេសចរ​ជា​ច្រើន​នោះ​ហើយ ទើប​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​ប្រសិទ្ធ​នាម​បទ​នេះ​ថា «​ជ្រោះ​ពេជ្រ​ចិន្តា»។

នៅ​ពេល​ថត​បទ «​ជ្រោះ​ពេជ្រ​ចិន្តា​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន អាណិត​អ្នកស្រី​រស់ សេរី​សុទ្ធា ពន់ពេក​ណាស់ ព្រោះ​អ្នកស្រី​នឹក​ស្រណោះ​កន្លែង​នោះ អនុស្សាវរីយ៍​ដែល​នាង​ធ្លាប់​ទៅ​លេង​កម្សាន្ត កាលពី​នៅ​ក្មេង ។

ដោយ​ពិត​នោះ អ្នកស្រី​រស់ សេរី​សុទ្ធា ក៏​ជា​អ្នកស្រុក​បាត់ដំបង​ដូច​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​ដែរ គឺ​ផ្ទះ​អ្នកស្រី​នៅ​ភូមិ​វត្ត​គ ហួស​ពី​ផ្សា​រលើ​ទៅ​បន្តិច ។

នៅ​ក្នុង​បទ «​ជ្រោះ​ពេជ្រ​ចិន្តា​» ក្រៅពី​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​អ្នកចម្រៀង​ស្រី រស់ សេរី​សុទ្ធា ក៏​នៅ​មាន​សំឡេង​ត្រុំ​ប៉ែ​តមាស​របស់​លោក​ប៉ិច សា​លឿន ដែល «​សូ​ឡូ​» អម​បណ្តើរ​តាម​សែន​លន្លង់លន្លោច​រហូត​មក​ដល់​សព្វថ្ងៃ ។

បទ «​ជ្រោះ​ពេជ្រ​ចិន្តា​» បទ​ភ្លេង​និង​ទំនុកច្រៀង​តែង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​, សម្រួល​តន្ត្រី​ដោយ​លោកហាស់ សាឡ​ន និង​ច្រៀង​ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា ។
បទ «​ជ្រោះ​ពេជ្រ​ចិន្តា​» រាយ​ទំនុក​ថា ៖

១-​ភ្នំ​វែង​អន្លាយ​រាយ​គ្នា​ព័ទ្ធ​វង់ ដែនដី​ព្រៃ​ជ្រៅ​ជ្រោះ​ជ្រង ទឹក​ហូរ​លង​ដង​បុព្វ​តា ខ្ទម​អ្នក​បង់បត់​កត់​ចាំ​វាសនា កត់​ឈ្មោះ​ជ្រោះ​ពេជ្រ​ចិន្តា ល្អាង​ទឹកនេត្រា​គ្មាន​ត្រើយ ។

២-​ទឹកជ្រោះ​បែកផ្សែង​ប្រឡែង​នឹង​ថ្ម អូន​យំ​រងំ​បន្ត​ទឹកភ្នែក​ស្រក់​ហូរ​គ្មាន​ស្បើយ ហេតុ​អ្វី​កម្ម​កាត់​ឱ្យ​ព្រាត់​បងហើយ អូន​នឹក​រូប​បង​គ្មាន​ស្បើយ​យំ​កើយ​លើ​ផ្នូរ​ជីវ៉ា ។
បន្ទរ​-​អូន​ជា​ក្រមុំ​ក្រុង​បាត់ដំបង ជួបនឹង​ប្រុស​បង​នៅ​ពេជ្រ​ចិន្តា យើង​បាន​ស្នេហ៍​សិទ្ធ​ផ្តេកផ្តិត​សត្យា រើស​យក​ថ្មដា​ពូន​ផ្នូរ​តែ​មួយ ។

៣-​តែ​កម្ម​កំណាច​ឱ្យ​យើង​ព្រាត់​គ្នា ព្រាត់​ព្រោះ​មិត្ត​ចិត្តឫស្យា ប្រហារ​ស្នេហ៍​ឱ្យ​រំ​ជួយ ដូច​ផ្កា​រលួស​ព្យុះ​បោក​រលួយ ជាតិ​ក្រោយ​សូម​ព្រះ​លោក​ជួយ​ជួបនឹង​បង​មួយ​កុំ​ឃ្លាត ៕