រដ្ឋាភិបាល​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ក្រុមហ៊ុន Royal Group រុះ​​​រើ​​​ផែ​​​ថ្ម​​​នៅ​​​ឆ្នេរ​​​អូរត្រេះ​​​

ប្រាំ​​​មួយ​​​ខែ​​​ បន្ទាប់​​​ពី​​​បាន​ចាប់​​​ផ្តើម​​​សាង​​​សង់​​​  ​រដ្ឋាភិបាល​កម្ពុជា​​បានចេញ​បទ​បញ្ជា​ឲ្យ​ក្រុម ហ៊ុន Royal Group របស់​​​លោក គិត ម៉េង រុះរើ​​​ផែ​​​ថ្ម​​​ដែល​​​សាង​​​សង់​​​ជិត​​​រួច​​​រាល់​​​នៅ​​​ឆ្នេរ​​​អូរត្រេះ​​​ក្បែរ​​​​​​ក្រុង​​​ព្រះសីហនុ​​​ ដោយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​​​លើក​​​ឡើង​​​​​​ថា ក្រុមហ៊ុន​​​របស់​​​ឧកញ៉ា​​​រូប​​​នេះ​​​​​​មិន​​​ត្រូវ​​​បាន​​​ផ្តល់​​​ការ​​​អនុញ្ញាត​​​​ឲ្យសាង​​​សង់​​​​​​​តាំង​​​ពី​​​ដើម​​​ទី​​​មកម្លេ៉ះ។

កាល​​​ពីថ្ងៃ​​​ពុធ គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​ និង​​​អភិវឌ្ឍន៍​​​តំបន់​​​ឆ្នេរ​​​សមុទ្រ​​​កម្ពុជា​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​ជូន​​​លោក​​​​​​ យន់ ​​​មិន ​​​អភិបាល​​​ខេត្ត​​​ព្រះសីហនុ ដោយ​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ពិនិត្យ​​​សំណើ​​​កាល​​​ពី​​​ខែ​​​សីហា ឆ្នាំ​​​២០១៥​​​របស់​​​ក្រុមហ៊ុន Royal Group ស្នើ​​​សុំ​​​សាង​​​ សង់​​​ផែ​​​ថ្ម​​​ប្រវែង​​​៤០​​​ម៉ែត្រ​​​​​​នៅឆ្នេរ​​​អូរត្រេះ​​​ ​​​នេះ​​​ក្នុង​​​​ខណ្ឌ​ស្ទឹង​​​ហាវ ហើយ​​​បាន​​​សម្រេច​​​ឲ្យ​​​មាន​​​ការ​​​រុះ​​​រើ​​​ចេញ​​​វិញ​ ទោះ​​​បី​​​ជា​​​ការ​​​ពិត​​​ថា ក្រុមហុ៊ន​​​នេះ​បាន​​​ចាប់​​​ផ្តើម​​​​​​សាង​​​សង់​​​ស្រប​​​ពេល​​​ដែល​​​ខ្លួន​​​បាន​​​ដាក់​​​សំណើ​​​ក៏​​​ដោយ​​​។

ទិដ្ឋភាព​​​ផែថ្ម​​​របស់​​​ក្រុមហ៊ុន Royal Group នៅឆ្នេរ​​​អូរត្រេះ ក្នុង​​​ក្រុង​​​ព្រះសីហនុ។ រដ្ឋាភិបាល​​​បានចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​​​រុះ​​​រើ​​​ផែថ្ម​​​នេះ​​​ចេញ​​​វិញ​​​ក្រោយ​​​ពេល​​​ចាប់​​​ផ្តើម​​​សាង​​​សង់​​​បាន​​​ប្រាំ​​​មួយ​​​ខែ​​​ ដោយ​​​សារ​​​គ្មាន​​​ការ​​​អនុញ្ញាត។ រូបថតៈ Seng Ou

ទិដ្ឋភាព​​​ផែថ្ម​​​របស់​​​ក្រុមហ៊ុន Royal Group នៅឆ្នេរ​​​អូរត្រេះ ក្នុង​​​ក្រុង​​​ព្រះសីហនុ។ រដ្ឋាភិបាល​​​បានចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​​​រុះ​​​រើ​​​ផែថ្ម​​​នេះ​​​ចេញ​​​វិញ​​​ក្រោយ​​​ពេល​​​ចាប់​​​ផ្តើម​​​សាង​​​សង់​​​បាន​​​ប្រាំ​​​មួយ​​​ខែ​​​ ដោយ​​​សារ​​​គ្មាន​​​ការ​​​អនុញ្ញាត។ រូបថតៈ Seng Ou

លិខិត​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​លោក​​​ អឹុម ​​​ឈុន​​​​​​លឹម​​​ រដ្ឋ​​​មន្ត្រី​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី ​​​នគរូបនីយកម្ម​​​ និង​​​សំណង់ និង​​​ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​ និ​​​ងអភិវឌ្ឍន៍​​​ត​​​ំបន់​​​ឆ្នេរ​​​សមុទ្រ​​​កម្ពុជា​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​ និង​​​អភិវឌ្ឍន៍​​​តំបន់​​​ឆ្នេរ​​​សមុទ្រ​​​កម្ពុជា​​​ “ពិនិត្យ​​​មើល​​​ឃើញ​​​ថា ទី​​​តាំង​​​ស្នើ​​​សុំនេះ​​​ពុ​​​ំ​​​អាច​​​អនុញ្ញាត​​​បាន​​​ទេ ​​​ព្រោះ​​​រាជរដ្ឋាភិបាល​​​មាន​​​គោល​​​ការ​​​ណ៍​​​រៀប​​​ចំ​​​ឆ្នេរ​​​អូរត្រេះ​​​​​​ស​​​ម្រាប់​​​​​​បម្រើ​​​វិស័យ​​​ទេស​​​ចរណ៍​​​​​​ និង​​​បរិស្ថាន​​​តំបន់​​​ឆ្នេរ​​​​​​ដោយ​​​ត្រូវ​​​ធ្វើ​​​ការ​​​បង្កក​​​រាល់​​​ការ​​​សាង​​​សង់​​​​​​លើ​​​ដី​​​ចំណី​​​សមុទ្រ​​​ នៅ​​​ទី​​​នេះ​​​ ព្រម​​​ទាំង​​​ត្រូវ​​​សិក្សា​​​រក​​​វិធាន​​​ការ​​​ដើម្បី​​​រុះ​​​រើ​​​សំណង់​​​អនាធិបតេយ្យ​​​​​​នៅ​​​តាម​​​ដី​​​ចំណី​​​ឆ្នេរ​​​នេះ​​​ចេញ​​”។

លិខិត​​​នេះមាន​​​ខ្លឹមសារ​​​បន្ត​​​ថា “ក្រុមហ៊ុន​​​ត្រូវ​​​សិក្សា​​​រក​​​ទី​​​តាំង​​​ថ្មី​​​ដែល​មាន​លក្ខណៈ​សម​​​ស្រប​​​​​​មិន​​​ប៉ះ​​​ពាល់​​​ដល់​​​បរិស្ថាន​​​តំបន់​​​ឆ្នេរ​​​ខ្សាច់​​​កម្សាន្ត​​​សម្រាប់​​​ទេស​​​ចរណ៍ និង​​​ត្រូវ​​​មាន​​​ការ​​​អនុញ្ញាត​​​​​​ពី​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​តំបន់​​​ឆ្នេរ​​​សមុទ្រ​​​កម្ពុជា​​​ទើ​​​បអាច​​​ដំណើរ​​​ការ​​​សាង​​​សង់​​​បាន​​​”។

ផែ​​​ថ្ម​​​​​​នេះដែលបច្ចុប្បន្ន​​កំពុង​ស្ថិត​ក្រោម​ការ​​​​សាង​​​សង់​​​គឺបង្កើតឡើង​ក្នុង​​​​គោល​​​បំ​​​ណង​​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ដល់​រម​​​ណីយដ្ឋាន​​​ Royal Sands Resort នៅ​​​លើ​​​កោះ​​​រ៉ុង​​​ចម្ងាយ​​​ប្រហែល​​​២៥​​​គីឡូម៉ែត្រ​​​ពី​​​ក្រុង​​​ព្រះ​​​សីហនុ។​​​ក្រុមហ៊ុន Royal Group ​​​បាន​​​ចាប់​​​ផ្តើម​​​បុក​​​គ្រឹះ​​​សាង​​​សង់​​​រមណីយដ្ឋាន​​​ដ៏​​​ប្រណីត​​​ដែល​​​មាន​​​១០០​​​បន្ទប់​​​នេះ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ជា​​​ផ្នែក​​​នៃ​​​គម្រោង ​​​ក្នុង​​​​​​ទឹក​​​ប្រាក់​​​​​​៣០​​​លាន​​​ដុល្លារ​​​ដើម្បី​​​អភិ​​​វឌ្ឍ​​​តំបន់​​​​ប៉ែក​​​​ខាង​​​ត្បូង​​​នៃ​​​កោះ​​​នេះ ។

លោក ឈុន ប៊ុន្ថា អនុប្រធាន​​ក្រុម​​​ហ៊ុន ​​​Royal Group ដែល​​​ទទួល​​​បន្ទុក​​​សាង​​​សង់​​​រម​​​ណីយដ្ឋាន​​​នេះ​​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​របស់​​​លោក​​ត្រូវ​បាន​​​ជូនដំណឹង​អំពី​លិខិត​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​កំពុង​​​រង់​​​ចាំ​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​ពី​​ថ្នាក់​​​លើ​​​របស់​​​ក្រុម​​​ហ៊ុន។ វា​​​ស្រេច​​​តែ​​​អាជ្ញាធរ​​​ទេ ប៉ុន្តែ​ពួក​​​គេ​​​អាច​​​ [​​​ចាប់​​​ផ្តើម​​​រុះ​​​រើ​​​ផែ​​​ថ្ម​​​នេះ] ពេល​​​ណា​​​ក៏​​​បាន​​​តាម​​​ចិត្ត​​​”។

លោក ឈុន ប៊ុន្ថា បាន​​​​​​លើក​​​ឡើងទៀត​​​​ថា លោក​​​មិន​​​ដឹង​​​ឡើយ​​​ថា តើ​​​ផែថ្ម​​​នេះ​​​ចំណាយ​​​​​​ប្រាក់​​​សាង​​​សង់​​​អស់​​​ប៉ុន្មាន​​នោះ​​​​ ប៉ុន្តែលោក​បាន​​​បញ្ជាក់​​​ថា វា​​​ជិតរួចរាល់​ហើយ​​​ ហើយ​​​វា​​​ទុក​​​សម្រាប់​​​ដឹក​​​សម្ភារដូច​​​ជា​​​គ្រឿង​​​សំណង់​​​និង​​​ដឹក​​​ភ្ញៀវ​​​ទៅ​​​តំបន់​​​កោ​​​ះ​​​រ៉ុង​​​ជា​​​ដើម។ ​​​លោក​​​​​​ បាន​​​បដិសេធ​​​មិន​​​និយាយ​​​​​​​​​ឡើយ​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ក្រុមហ៊ុន Royal Group ​​​បាន​ចាប់​​​ផ្តើម​​​សាង​​​សង់​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​រដ្ឋាភិបាល​​​។​

លោក ឈិន សេង​​​ងួន អភិបាល​​​រង​​​ខេត្ត​​​ព្រះសីហនុ បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​បាន​​​ចេញ​​​  បទ​​​បញ្ជា​​​ឲ្យ​​​ឈប់​​​សាង​​​សង់​​​ពី​​​រ​​​លើក​​​រួច​​​មក​​​ហើយ​​​ ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​នេះ​​​។

ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​នេះ​​​អាចត្រូវ​ប្រឈម​​​នឹង​​​ការ​​​​​​ពិន័យ​​​ ឬ​​​ការ​​​ដាក់​​​ទណ្ឌ​​​កម្ម​​​ផ្សេង​​​សម្រាប់​​​ការ​​​សាង​​​សង់​​​ដោយ​​​​​​គ្មាន​​​អនុញ្ញាត​​​ឬ​​​យ៉ាង​​​ណា​​​នោះ  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុមហ៊ុន​​​បាន​​​ដាក់​​​សំណើ​​​សុំ​​​ការ​​​អនុញ្ញាត​​​ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​សាង​​​សង់​​​ដំណាល​​​គ្នា​​​ ព្រោះ​​​ពួក​​​គេ​​​ចង់​​​អភិ​​​វឌ្ឍ​កោ​​​ះរ៉ុង​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​”។​​​លោក​​​បន្ត​​​ថា “យើង​​​នឹង​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ពួក​គេ​​​រុះរើ​​​ផែថ្ម​​​​នៅ​​​លើ​​​ឆ្នេរ​​​អូរត្រេះ​​​​​​ នេះ​​​ហើយ​​​នឹង​​​ផ្តល់​​​ជម្រើស​​​ផ្សេង​​​ដល់​​​ពួក​​​គេ​​​ដើម្បី​​​សាង​​​សង់​​​ផែ​​​ថ្ម​​​មួយ​​​ផ្សេង​​​ទៀត​​​នៅ​ទំនប់​​​រលក​​​” ក្បែរ​​​កំពង់​​​ផែ​​​ស្វយ័ត​​​​​​ក្រុង​​​ព្រះ​​​សីហនុ​​​៕ស៊ុយឈាង​

 

The post រដ្ឋាភិបាល​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ក្រុមហ៊ុន Royal Group រុះ​​​រើ​​​ផែ​​​ថ្ម​​​នៅ​​​ឆ្នេរ​​​អូរត្រេះ​​​ appeared first on ខេមបូឌា ដេលី.