ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អមដំណើរ​ដោយ​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន MRI TESLA ទំនើប​ថ្មី​បន្ថែម​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០១៦ ។

ក្នុង​ពិធី​ដ៏​មហោឡា​ប្ញ​ក​នោះ លោក ឈាង រ៉ា អគ្គនាយក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថ្លែង​ថា ថ្ងៃនេះ​ជា​ទិវា​ដ៏​មហា​នក្ខត្ត​ប្ញ​ក្ស ឧត្តុ​ង​ឧត្តម ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​មន្ត្រីរាជការ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​មាន​សេចក្តី​រំភើប​ជា​អតិ​បរា បាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ជា​ម៉ាស៊ីន អឹ​ម អ អាយ (MRI 1.5 Tesla) ទំនើប​ថ្មី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។

វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តម​រដ្ឋមន្ត្រី​នា​ពេល​នេះ គឺជា​ការ​លើកទឹកចិត្ត​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​យើងខ្ញុំ​ទាំងអស់​គ្នា និង​បាន​ញ៉ាំង​ឱ្យ​ពិធី​នេះ ប្រកបដោយ​ភាព​អធិកអធម និង​មាន​អត្ថន័យ​ខ្លឹមសារ​យ៉ាង​ធំធេង​ក្រៃ​លែង ។

លោក​ថ្លែង​ថា មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ដែល​មាន​បុគ្គលិក​សរុប​ចំនួន​៣៩​នាក់ ក្នុង​នោះ​មាន​សាស្ត្រាចារ្យ​៤​នាក់ វេជ្ជបណ្ឌិត​ឯកទេស​៧​នាក់ វេជ្ជបណ្ឌិត​ជំនាញ​១​នាក់ អ្នកបច្ចេកទេស​ថត​ឆ្លុះ​១១​នាក់ គិលានុបដ្ឋាក​-​យិ​កា​មធ្យម​ចំនួន​១១​នាក់ ស្មើ​និង​៣,១៩% នៃ​បុគ្គលិក​សរុប​របស់​មន្ទីរពេទ្យ​ដែល​មាន​ចំនួន​១២៣៣​នាក់ ។

ក្នុង​ថ្ងៃ​ដ៏​មហោឡារិក​នេះ មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​សេចក្តី​រំភើប​ឥត​ឧបមា ដោយ​បាន​បើក​ទំព័រ​ថ្មី​មួយទៀត គឺ​បំពាក់​ម៉ាស៊ីន អឹ​ម អ អាយ (MRI 1.5 Tesla) ទំនើប​ថ្មី ដែល​នឹង​ត្រូវ​កាត់​ខ្សែបូរ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ពេល​បន្តិចទៀត​នេះ ក្រោម​អធិប​ភាព​ដ៏​ខ្ពស់​ខ្ពស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។

លោក​ថ្លែង​បញ្ជាក់​ទៀត​ថា ដោយ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បំពាក់​ម៉ាស៊ីន​អឹ​ម អ អាយ​ទំនប់​ថ្មី ព្រមទាំង​បន្ទប់​ប្រតិបត្តិការ​ម៉ាស៊ីន តាម​ស្តង់ដារ​វេជ្ជសាស្ត្រ​សាកល ។ ម៉ាស៊ីន​អឹ​ម អ អាយ ថ្មី​នេះ គឺជា​ម៉ាស៊ីន​ស្កែ​ន រូបភាព ដោយ​ប្រើ​ដែន​ម៉ា​ញ៉េ​ទិ​ក​កម្លាំង 1.5 Tesla មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្កែ​ន​លើ​គ្រប់​សរីរាង្គ​មនុស្ស​បាន​ឆាប់រហ័ស ផ្តល់​រូបភាព​កាន់តែ​ច្បាស់​ល្អ និង​លម្អិត​ជា​អតិបរិមា ។ ម៉ាស៊ីន​អឹ​ម អ អាយ បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​នេះ មាន​តម្លៃ​ទឹកប្រាក់​ចំនួន ១,៣៦៩.៩០០​ដុល្លារ (​មួយ​លាន បី​រយ​ហុកសិប​ប្រាំបួន​ពាន់ ប្រាំបួន​រយ​ដុល្លារ​សហរដ្ឋអាមេរិក​) ជា​ប្រភព​ថវិកា​ស្វយ័ត​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំ​មួយ​នេះ អាស្រ័យ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ ប្រកបដោយ​ឆន្ទៈ​មោះមុត​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បុគ្គលិក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​វៀងវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។