ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ២​នាក់​ប្តី​-​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក៏​ត្រូវ​រថយន្ត​ដឹកអុស​ធ្ងន់​ពេក ហើយ​ផ្លូវ​កំពុង​តែ​ឈូស​ឆាយ​ចាក់​បេតុង​ផង​បាន​ក្រឡាប់​សង្កត់​លើ​ម៉ូតូ ចំណែក​២​នាក់​ប្តី​-​ប្រពន្ធ​បាន​លោត​ចេញពី​ម៉ូតូ​ទាន់ ដោយ​គ្រាន់តែ​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៣ និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ មក​រា ២០១៦ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​បែន​កង់​១០ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ០២.៣.១ ៦៧០១ ជា​រថយន្ត​កែ​ច្នៃ​ត​ទ្រុង​ខ្ពស់​ដឹកអុស​ពេញ​រថយន្ត ។ ចំណែក​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-9715 ជិះ​២​នាក់​ប្តី​ប្រពន្ធ និង​ជា​អ្នកទិញ​-​លក់​ត្រី ។

បើ​តាម​ប្រភព​ជន​រង​គ្រោះ​ថា ជា​រៀងរាល់ថ្ងៃ គាត់​តែ​ជិះ​ម៉ូតូឌុប​គ្នា​មក​ទិញ​ត្រី​នៅ​យឿ​ត្រី ខណ្ឌ​ព្រែក​ព្នៅ​យក​ទៅ​លក់ ហើយដោយ​សារ​តែ​កន្លែង​កើតហេតុ ផ្លូវ​កំពុង​តែ​ឈូស​ឆាយ​ដើម្បី​ចាក់​បេតុង​ថ្មី មាន​តែ​ផ្លូវ​មួយ​ចំហៀង​ទេ ដែល​អាច​បើកបរ​ទៅ​មក​បាន​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ផ្លូវ​តូច​ចង្អៀត ខណៈ​ពេល​ដែល​គាត់​ឈប់​ចាំ មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ច្រើន​ពេក ហើយ​អ្នក​ជិះ​ម៉ូតូ​ទាំងអស់​បាន​បើក​សសៀរ​តាម​ផ្លូវ​សំ​យ៉ាប​មុខ​ផ្ទះ​ប្រជាពលរដ្ឋ គាត់​ក៏​បាន​បើក​លើ​ខឿន​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​រថយន្ត​ដឹកអុស​ពេញ​រថយន្ត ហើយ​ត​ទ្រុង​ខ្ពស់​នោះ​បើកបរ​ពី​ជើង​ទៅ​ត្បូង ទិស​ដៅ​ច្រាស​គ្នា ខណៈ​មក​ដល់​ចំណុច​ខាងលើ​ផ្លូវ​ឈូស​រោង​ដូច​ខ្នង​អណ្តើក​ហើយ រថយន្ត​ដឹក​ធ្ងន់​ផង​ពេល​បើក​មក​ដល់​ចំណុច​ខាងលើ​បាន​ផ្អៀង​ក្រឡាប់​ទៅ​ខាងស្តាំ​ដៃ​ធ្វើ ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​ស្រែក​គ្រប់​គ្នា​ខ្លាច​សង្កត់​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​នៅ​ក្បែរ​នោះ តែ​សំណាងល្អ​២​នាក់​ប្តី​ប្រពន្ធ​បាន​លោក​ចេញពី​ម៉ូតូ​ទាន់​រង​របួសស្រាល ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​ដឹកអុស​សង្កត់​ខ្ទេច​ទាំងស្រុង និង​ខ្ទាត​អូស​ទៅ​ប៉ះ​នឹង​ទ្វារផ្ទះ​ប្រជា ពលរដ្ឋ ។