ជម្រើស​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កាន់​ក្រុងព្រះសីហនុ

ជម្រើស​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កាន់​ក្រុងព្រះសីហនុ

ប្រជាជន​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ព្រះសីហនុ​កាន់​តែ​ច្រើន​ឡើង​ក្នុង​មួយឆ្នាំៗ។ រីឯ​ការ​ប្រើ​មធ្យោយបាយ​ធ្វើ​ដំណើរ​ក៏មាន​ផ្សេង​គ្នា​កាន់តែ​ច្រើន​ឡើង​ផងដែរ។​ នេះ​បើ​យោង​តាម​​​ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ក្រុងព្រះសីហនុ​​ប្រាប់​ឲ្យ​ដឹង។

 

លោក សុផល បាន​ទម្លាយ​តួលេខ​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​​មក​កាន់​ក្រុង​ព្រះសីហនុ​មាន​ចំនួន​សរុប​​ ១.៥១៨.៨៧៤ នាក់​ ស្មើ​នឹង​ការ​កើន​ឡើង​រហូត​ដល់​ ១៤,៣៩​ភាគរយ​​ ដែល​មាន​ភ្ញៀវ​ជាតិ​ចំនួន​ប្រមាណ​ជា ១លាននាក់​ ស្មើនឹង​ការ​កើន​ឡើង ១៩ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ប្រមាណ​ជា ៣សែននាក់​ ដោយ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ចំនួន​បី​គឺ ផ្លូវគោក យន្តហោះ និង​នាវា​ នៅឆ្នាំ២០១៥។​

 

យ៉ាង​ណា​មិញ​ការ​ធ្វើ​ដំណើរ​តាម​ជើង​អាកាស​ និង​ជើង​គោក ហាក់​មាន​​អ្នក​ធ្វើ​ដំណើរ​ច្រើន ហើយ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ និង​ពង្រីក​ការ​ដឹកជញ្ជូន​របស់​ខ្លួន​ដែល​មាន​ការ​ផ្តល់​ជូន​នូវ​សេវា​កម្ម​ និង​តម្លៃ​ខុស​ពីគ្នា​។

 

ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុងព្រះសីហនុ​នៅថ្ងៃនេះ យើង​មាន​ជម្រើសច្រើន​ដូចជាៈ

 

ជើង​ហោះហើរ

 

នៅ​ខណៈនេះ​ការហោះហើរ​ក្នុង​ស្រុក​ជា​​​ប្រចាំថ្ងៃ មាន​តាមរយៈ​ក្រុមហ៊ុន​ហោះ​ហើរ​ Cambodia Bayon Airlines ចេញដំណើរ​ពី​​ក្រុង​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះសីហនុ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជា​ ៣៥នាទី​​ និង​​ ក្រុមហ៊ុន​ Cambodia Angkor Air ចេញ​ដំណើរពី​ខេត្ត​សៀមរាប​ទៅកាន់​ក្រុងព្រះសីហនុ​ ដែល​មាន​រយៈពេល​ប្រមាណជា​ ៦០នាទី​។ ជាទូទៅ​តម្លៃ​សំបុត្រ​ក្នុង​ការ​ហោះហើរ​ មាន​ចាប់​ពី​ ៤០ ដុល្លារ ទៅ​១៣០ ដុល្លារ​ក្នុង​ម្នាក់​។​

 

ចំណែក​ការ​ហោះហើរ​អន្តរជាតិ​មាន​ក្រុមហ៊ុន​ Silk Air ដែល​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​សិង្ហបុរី​មក​កាន់​ក្រុងព្រះសីហនុ​ ដោយ​បាន​ចាប់​ដំណើរ​ការ​ហោះ​ហើរ​ចាប់​តាំង​ពីថ្ងៃទី១ ខែ​មិថុនា​ ឆ្នាំ២០១៥​ កន្លង​មកនេះ។​ ជាមួយគ្នា​នោះ​ដែរ ក្រុមហ៊ុន​ Lucky Air មាន​ការ​ហោះហើរ​ពី​ប្រទេស​ចិន​មក​កាន់​ក្រុងព្រះសីហនុ​ ២ដង​ ក្នុង​មួយ​សប្តាហ៍។​

 

រថយន្តក្រុង

 

ជម្រើស​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កាន់​ក្រុងព្រះសីហនុ

 

មាន​ក្រុមហ៊ុន​រថយន្ត​ក្រុង​​ជាច្រើន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​មក​កាន់​ក្រុងព្រះសីហនុ​​ជា​រៀង​រាល់​ថ្ងៃ​ ដែល​រួមមាន៖

 

ក្រុមហ៊ុន​ Giant Ibiz មាន​រថយន្ត​ប្រភេទ VIP Van ដែល​ចេញ​ពី​ភ្នំពេញ ចាប់​ពី​ម៉ោង៨ព្រឹក ៩:៣០នាទីព្រឹក​ និង​ ១២:៣០ នាទី​រសៀល ដោយ​ចំណាយ​ពេល​ ៤ម៉ោងនិង​៣០នាទី។ តម្លៃ​សំបុត្រ​១១ដុល្លារ ទទួល​ការ​ប្រើ​ប្រាស់​​Wifi ដោយ​ឥតគិត​ថ្លៃ។

ក្រុមហ៊ុន​មេគង្គ​អ៊ិចប្រេស (Mekong Express) មាន​រថយន្ត​ប្រភេទ VIP Van ដែល​ចេញ​ពី​ភ្នំពេញ ចាប់​ពី​ម៉ោង៧ព្រឹក ៨ព្រឹក ៨:៣០នាទីព្រឹក​ ១:៣០នាទីរសៀល និង​៥រសៀល។​ តម្លៃ​សំបុត្រ​១០ដុល្លារ ទទួល​ការ​ប្រើ​ប្រាស់​​Wifi ដោយ​ឥតគិត​ថ្លៃ។

 

ក្រុមហ៊ុន ​វីរៈប៊ុនថាំង (Virak Buntham Buses) មាន​រថយន្ត​ធ្វើ​ដំណើរ​ពេល​យប់​ (ម៉ោង២ព្រឹក) តម្លៃ​៩ដុល្លារ និង​រថយន្ត​ប្រភេទ VIP Van ដែល​ចេញ​ពី​ភ្នំពេញ ចាប់​ពី​ម៉ោង ៧:៣០នាទីព្រឹក ៨:៣០នាទី​ព្រឹក ៩:៣០នាទីព្រឹក ១០:៣០នាទីព្រឹក ១១:៣០នាទីព្រឹក ១២:៣០នាទីរសៀល ១:៣០នាទីរសៀល និង​៥រសៀល ក្នុង​តម្លៃ​១០ដុល្លា។

 

ជម្រើស​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កាន់​ក្រុងព្រះសីហនុ

 

ក្រុមហ៊ុន​ភ្នំពេញ​សូរិយា មាន​រថយន្តក្រុង​ចេញ​ជារៀង​រាល់​ម៉ោង​ ចាប់​ពីម៉ោង​៧ព្រឹក រហូត​ដល់​ ១រសៀល និង​ ម៉ោង២:៣០នាទីរសៀល ៣:៣០នាទីរសៀល ៤:៣០នាទីរសៀល និង​៥:៤៥នាទីរសៀល ដែល​លក់​សំបុត្រ​ក្នុង​តម្លៃ ២៣ ០០០រៀល។​

 

ជម្រើស​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កាន់​ក្រុងព្រះសីហនុ

 

ក្រុមហ៊ុន ផារ៉ាម៉ោនអង្គរ ចេញ​ដំណើរ​ពីភ្នំពេញ​​ជារៀង​រាល់​ថ្ងៃ នៅ​ម៉ោង ៧ព្រឹក ៨ព្រឹក ៩:៣០នាទី​ព្រឹក​ ១១:៣០នាទីព្រឹក និង​៤:៣០នាទី​ព្រឹក​ ដែល​មានលក់​សំបុត្រ​ក្នុងតម្លៃ ២៣ ០០០រៀល​​។​

 

​ក្រុមហ៊ុន​កាពីតូ​ល ចេញ​ដំណើរ​ពីភ្នំពេញ​​ជា​រៀងរាល់​ថ្ងៃ នៅម៉ោង ៧:១៥នាទីព្រឹក ៨:៤៥នាទី​ព្រឹក ៩:៤៥នាទីព្រឹក ១១:១៥នាទីព្រឹក​ ១២:១៥នាទីរសៀល ១:៣០នាទី​រសៀល និង​២:៣០​នាទី​រសៀល​ ក្នុង​តម្លៃ ២០ ០០០រៀល។​

 

មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ

 

ក្រៅពី​ធ្វើ​ដំណើរ​តាម​រយៈ​យន្តហោះ និង​រថយន្តក្រុង គេ​ឃើញ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ទៀតគឺ តាក់​ស៊ី។​ ជា​ទូទៅ​ ការ​ចំណាយ​ទៅលើ​ការម៉ៅ​​តាក់​ស៊ី ​គឺ​ប្រហែល​ពី ៥០ដុល្លារ ទៅ​៦០ដុល្លារ​ ឬ​អាច​រង់​ចាំជិះ​រួមគ្នា​​ជាមួយ​អ្នកដំណើរ​ផ្សេងទៀត ដោយ​ត្រូវការ​ចំណាយ​អាស្រ័យ​លើ​ចំនួន​មនុស្ស​ក្នុង​រថយន្ត។​ ឧទាហរណ៍​ថា តាក់​ស៊ី​អាច​ផ្ទុក​​អ្នក​ដំណើរ​ក្នុង​រថយន្ត​មាន​ចំនួន​៨នាក់​ នោះ​អ្នក​នឹង​អាច​ចំណាយ​ក្នុង​ម្នាក់​៩ដុល្លារ​ឬតិច​ជាង​នេះ៕

 

អត្ថបទ៖ កើត ចន្ទ្រា​