លោក ខេវិន រ៉ាដ់ ប្រាថ្នាចង់ស្នងតំណែង ពីលោក បាន គីមូន

កង់បេរ៉ា៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ខេវិន រ៉ាដ់ បានបង្ហាញពីគោលដៅ របស់លោក ដ៏ធំមួយ គឺ ការឈោងចាប់តំណែងជាអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បន្ទាប់ពី អគ្គលេខាធិការ បច្ចុប្បន្ន លោក បាន គីមូន ជិតផុតអណត្តិទៅហើយនោះ។ នេះបើតាមការ ផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ ២០១៦។

សារព័ត៌មានអូស្ត្រាលី បានចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា លោក រ៉ាដ់ ត្រូវបាន សាធារណៈមតិយល់ឃើញថា ជាបុគ្គលឆ្នើម និង មានប្រវត្តិការងារល្អប្រសើរមួយរូប ដែល អាចឈរឈ្មោះសម្រាប់ តំណែងជាអគ្គលេខាធិការយូអិន ដែលនឹងត្រូវផុតអណត្តិនៅចុង ឆ្នាំ ២០១៦ ខាងមុខនេះ បន្ទាប់ពីលោក បាន គីមូន បាន និង កំពុងកាន់តំណែងនេះ ចាប់តាំងពី អណត្តិទី ១ ក្នុងឆ្នាំ២០០៦ មក។

ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ មួយចំនួន បានជ្រើសរើសបេក្ខជនសម្រាប់ ឈោងចាប់តំណែង អគ្គលេខាធិការអង្គការសហប្រជាជាតិនេះរួចទៅហើយ ដូចជា អូស្ត្រាលី, សហរដ្ឋអាមេរិក, និង បារាំង ដែលពួកគេគ្រោងនឹងប្រកាសចេញជាផ្លូវការ នូវបេក្ខជន នីមួយៗ ក្នុងសប្តាហ៍ក្រោយ ដើម្បីទទួលការបោះឆ្នោតជ្រើសរើស។

ទោះបីជាលោក ខេវិន រ៉ាដ់ មានបំណងចង់បានតំណែងនេះក្តី ក៏រូបលោកត្រូវការការចុះ ហត្ថលេខាទទួលស្គាល់ជាផ្លូវការ ពីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខូម ធឺនប៊ូល ជាមុន សិន។ យ៉ាងណាក៏ដោយ នៅមានបេក្ខជនអូស្ត្រាលី មួយចំនួនទៀត ដែលត្រូវបានគេចាត់ទុក ថា ជាជនដែលសក្តិសម នឹងទៅប្រកួតយកតំណែងអគ្គលេខាធិការនេះ៕

លោក ខេវិន រ៉ាដ់ ប្រាថ្នាចង់ស្នងតំណែង ពីលោក បាន គីមូន